ចង់ដឹងពីពលរដ្ឋធ្វើចំណាកស្រុក មានជីវិតបែបណានៅប្រទេសថៃ ...
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៣ មិថុនា ២០១៤
- កែប្រែចុងក្រោយ: June 13, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«ខ្មែរយើង ថាកម្សត់ណាស់ ទៅនៅស្រុកគេ» នេះជាការរៀបរាប់ដ៏សំខាន់មួយ ស្ដីពីជីវិតដែលរស់នៅក្នុងប្រទេសគេ ក្នុងនាមជាកម្មករ របស់ពលករកម្ពុជា ដែលបានធ្វើចំណាកស្រុកទៅកនា់ប្រទេសថៃ បន្ទាប់ត្រូវបានអាជ្ញាធររបស់ប្រទេសនេះ ចាប់បញ្ជូនមកប្រទេសដើមកំណើតវិញ។
ក្រុមពលករ-កម្មករខ្មែរ ដែលត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់មកវិញ។ (រូបថត MONOROOM.info/ S. Tith)
ជីវិត - លោក ចន្នី មានអាយុ៣៣ឆ្នាំ មកពីស្រុកអូររាំងឪ ខេត្តកំពង់ចាម ដែលធ្វើចំណាកស្រុក ទៅរកការងាររយៈពេលមួយឆ្នាំ មុនគេចាប់បញ្ជូនមកវិញ បានរៀបរាប់ថា ក្នុងពេលធ្វើការនៅប្រទេសថៃ លោកជាកម្មករធ្វើការចម្រុះ មិនប្រាកដការងារអ្វីច្បាស់លាស់នោះទេ ដោយសារតែកម្មករដែលបានធ្វើចំណាកស្រុក ពីស្រុកខ្មែរទៅទោះមានជំនាញអ្វីក៏ដោយ ក៏គេថាគ្មានជំនាញដែរ ហើយគេចេះតែចាត់ចែងទៅជំនាញដែលគេបានដាក់មក។
លោកបានបញ្ជាក់ ដោយសារតែរកការងារនៅស្រុកខ្មែរមិនបាន ទើបលោកសម្រេចចិត្តចំណាកស្រុកតាមមេខ្យល់ ទៅធ្វើកម្មករនៅស្រុកថៃ ព្រោះថាឃើញប្រជាជនរបស់គេ មានជីវភាពធូធារ តម្លៃទំនិញសមរម្យមិនឡើងថ្លៃដូចនៅស្រុខ្មែរ។ ម្យ៉ាងមុននឹងត្រូវចំណាយលុយ ឱ្យមេខ្យល់២០០០បាតទៀត។ លោកបន្តថា៖ «ខ្មែរយើងទៅ គឺបាក់តាមគ្នា ដោយសារឃើញគេបាន ចេះតែទៅៗ បើការងារនៅខ្មែរយើងមាន ក៏គេមិនទៅដែរ»។
លោកអះអាងទៀតថា សម្រាប់លោក ការងារនៅទីនោះគ្មានអ្វីពិបាកទេ ប្រហាក់ប្រហែលនឹងស្រុកខ្មែរដែរ តែកន្លែងខ្លះ កម្មករពីខ្មែរទៅគេប្រើច្រើន ហត់ហើយ ត្រូវគេបោក។ សម្រាប់ការស់នៅរបស់លោកនៅទីនោះវិញ បានជួបនឹងការលំបាកជាច្រើន ដោយសារតែលោកគ្មានលិខិតឆ្លងដែន ហើយក្នុងកន្លះខែម្តង នៃពេលបើកប្រាក់ខែ ត្រូវតម្រួតថៃកាត់យក២០០បាត។
ស្រ្តីជាពលករម្នាក់ទៀត ឈ្មោះ ឈឹម រស់នៅក្រាំងលាវ ស្រុកកំពុងត្របែកខេត្តព្រៃវែង ដែលបានធ្វើចំណាកស្រុក តាមរយៈមេខ្យល់បាន២ឆ្នាំហើយនោះ បានឱ្យដឹងថា ព្រោះតែខ្លាចគេវាយធ្វើបាប ត្រូវបង្ខំចិត្តមកជាមួយពលករដទៃទៀត ចោលលុយប្រាក់ខែជិតកន្លះខែ ដោយសារតែលឺពាក្យចចាមអារាមគេប្រាប់មកថា បើមិនទៅគេនឹងចាប់បង្ខំវាយដំ ច្រំធាក់ ឬសម្លាប់ជាដើម អញ្ចឹងទើបព្រមមកតាមសម្រួល ដោយចំណាយលុយអស់១៨០០បាត។
ស្រ្តីជាកម្មករសំណង់ ដែលរកបានកម្រៃមួយថ្ងៃ២៤០បាតរូបនេះ បានឱ្យដឹងថា ការរស់នៅទីនោះ មានការលំបាកខ្លាំង ព្រោះត្រូវរត់គេចពីតម្រួតគ្រប់ពេលវេលា នៅពេលណាដែលគេចុះពិនិត្យម្តងៗ។ ប្រសិនបើតម្រួតថៃចាប់បាន គេនឹងចាប់បញ្ជូនមកស្រុកខ្មែរវិញ។ ។ ពលករចំណាកស្រុកខុសច្បាប់ដដែល បានប្រាប់ទៀតថា នឹងវិលត្រលប់ទៅស្រុកមួយរយៈវិញសិន បន្ទាប់មកចាំរកការងារនៅភ្នំពេញធ្វើបន្តទៀត។
យ៉ាងណាម៉ិញ បើទោះបីជាកម្មករភាគច្រើន មានការលំបាកខ្លាំងក្នុងការរស់នៅ ក្នុងស្រុកថៃ តែក៏មានកម្មករមួយចំនួនទៀតមានជីវភាព ប្រសើរជាងរស់កម្ពុជាផងដែរ។ លោក បាន ខុន ជាកម្មករសំណង់ ដែលធ្វើការងារនៅទីនោះបានរយៈពេល៤ឆ្នាំ បានរៀបរាប់ថា ដោយសារលោកធ្វើការយូរហើយ ដូច្នេះការរស់នៅក្នុប្រទេសថៃ មិនដែលបញ្ហាលំបាកអ្វីនោះទេ។ មួយថ្ងៃបានលោកធ្វើការ បាន៣៥០បាត ទៅ៤៥០បាត ដែលធ្វើឱ្យជីវភាពលោកកាន់តែប្រសើរជាងនៅក្នុងស្រុក ដែលលោករកការងារធ្វើមិនបាន។
លោកចៅសង្កាត់រងប៉ោយប៉ែត មកពីគណបក្សសង្គ្រោះជាតិ លោក ចៅ វាសនា បានឱ្យបញ្ជាក់ថា លោកមិនអាចក្តាប់ទិន្នន័យ ពីពលករដែលគេបញ្ជូនមកបានទាំងអស់ទេ តែត្រឹមតែដឹងថាក្នុងមួយឡាន គេដាក់ពី៥០នាក់ ទៅ៦០នាក់។ បើតាមការប៉ាន់ប្រមាណរបស់លោក រហូតមកដល់ពេលនេះ ប្រជាជនខ្មែរដែលថៃបញ្ជូនមកវិញ មិនតិចជាង៥ម៉ឺននាក់នោះទេ។ លោកបានអះអាងថា ឡានដែលគេដឹកកម្មករមកវិញនោះ ប្រៀបដូចជាឡាន ដែលគេដាក់សត្វត្រូវញាត់ពេញឡាន ហើយឡានគ្មានគម្របទៀត ពលករដែលធ្វើដំណើររមក ត្រូវថ្ងៃ ត្រូវភ្លៀង និងមានការលំបាកច្រើន។ ឥលូវនេះ ដោយតែមានជំនួយពីអាជីវករផ្សារប៉ោយប៉ែត ជួយជាខោអាវ ម្ហូបអាហារផ្សេង ពួកគាត់មិនសូវជាលំបាកដូចមុនទេ៕