ក្រុមប្រឹក្សសន្តិសុខនៃអ.ស.ប. ថ្កោលទោសការសាកល្បងនុយក្លេអ៊ែររបស់ព្យុងយ៉ាង
ទីក្រុងព្យុងយ៉ាង បានសាកល្បងអាវុធនុយក្លេអ៊ែរជាថ្មីទៀត កាលពីថ្ងៃអង្គារទី១២ខែកុម្ភះ ជាលើកទីបី នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ សកម្មភាព ដែលបង្កអោយមានប្រតិកម្មតបតរយ៉ាងខ្លាំង ពីសហគមអន្តរជាតិ។
កិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ នាទីក្រុងញ៉ូយក។
ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ បានថ្កោលទោស យ៉ាងដាច់អហង្កា ទៅលើការសាកល្បងជាថ្មីទៀត របស់ប្រទេសកូរ៉េខាងជើង ហើយបានប្រកាសថា នឹងចេញនូវ«វិធានការសមស្រប» តាមរយះដំណោះស្រាយថ្មីមួយទៀត។ សេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាសន្តិសុខ ដែលអានដោយលោក គីម ស៊ុងហ្វាន (Kim Sung-hwan) រដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសកូរ៉េខាងត្បូង ប្រទេស«ប្រធានផ្លាស់វេន» នៃក្រុមប្រឹក្សាសន្តិសុខ នៅខែកុម្ភះនេះ បានកំណត់ថា ការសាកល្បងអាវុធកាលពីព្រឹកថ្ងៃដដែលនេះ របស់ទីក្រុងព្យុងយ៉ាង ជាការគម្រាមទៅដល់«សន្តិភាព និងសុវត្ថិភាពអន្តរជាតិ» និងបានរំលោភយ៉ាងធ្ងន់ធ្ងរទៅលើ «ដំណោះស្រាយ» របស់អ.ស.ប ដែលដាក់លើកូរ៉េខាងជើងកន្លងមក។
«សមាជិករបស់ ក្រុមប្រឹក្សាសន្តិសុខ បានចាប់ផ្ដើមធ្វើការជាបន្ទាន់ ទៅលើវិធានការសមស្រប នៅក្នុងក្របខ័ណ្ឌនៃដំណោះស្រាយ» ជាការបន្ថែមសេចក្ដី ចែងនៅក្នុងសេចក្ដីប្រកាស ដែលបានសម្រេចធ្វើ នៅក្រោយកិច្ចប្រជុំបិតទ្វា ជាបន្ទាន់នៅព្រឹកថ្ងៃអង្គារ នាទីក្រុងញ៉ូយក។ តែអត្ថបទមិនបានបញ្ជាក់ពី វិធានការណាមួយ ដែលនឹងត្រូវជ្រើសរើស យកមកប្រើនោះទេ។
ជាអពើ «បង្កហេតុ» សម្រាប់ប្រធានាធិបតីអាមេរិក អូបាមា
ការសាកល្បង ដែលត្រូវបានរកឃើញ កាលពីថ្ងៃអង្គារ បានធ្វើអោយរង្គើរ នៅក្នុងមាត្រាដ្ឋានរីចស្ទើ កម្រិត៥.០ ទល់នឹង៤,២ នៃការសាកល្បងក្នុងឆ្នាំ២០០៩ របស់ប្រទេសកូរ៉េខាងជើង។ នេះបើតាមរបាយការណ៍ របស់ភ្នាក់ងារត្រួតពិនិត្យ ការសាកល្បងនុយក្លេអ៊ែរ ដែលមានទីស្នាក់ការនៅទីក្រុងវីយ៉េន (Vienne) ក្នុងប្រទេសអូទ្រីស។
ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama)បានបរិហាពីអំពើ«បង្កហេតុ»មួយ ហើយបានអំពាវនាវអោយមាន ការឆ្លើយតបជាអន្តរជាតិ យ៉ាងឆាប់រហ័ស និងមានអត្ថន័យ ពីសំណាក់សហគមអន្តរជាតិ។ «ប្រទេសកូរ៉េខាងជើង ជាការគម្រាមពិតប្រាកដមួយ មកលើសហរដ្ឋអាមេរិក។ ដូច្នេះយើងត្រូវត្រៀមខ្លួន បំរុងទុកជាមុន។» នេះជាការបន្ថែមរបស់លោក ឡេអុង ប៉ាណេតា (Leon Panetta) រដ្ឋលេខាធិការនៃ ក្រសួងការពារជាតិអាមេរិក។
នៅទ្វីបអាស៊ី ប្រទេសជប៉ុន និងកូរ៉េខាងត្បូង បានធ្វើការរិះគន់ យ៉ាងចាស់ដៃដូចគ្នា ទៅលើអំពើររបស់ប្រទេសកូរ៉េខាងជើងនេះ។
ចំណែកឯរដ្ឋមន្ត្រីក្រសួងការបរទេស នៃប្រទេសចិន ក៏បានបញ្ចេញប្រតិកម្មយ៉ាងមុតមាំដែរ នូវការ«ប្រឆាំង»របស់ខ្លួន ទល់នឹងកាយវិការរបស់ទីក្រុងព្យុងយ៉ាង។ តែចិនមិនបានប្រើពាក្យ «ថ្កោលទោស» នៅក្នុងសេចក្ដីថ្លែងការណ៍នោះទេ។ ទីក្រុងប៉េកាំង ដែលជាសម្ព័ន្ធមិត្តតែមួយគត់របស់កូរ៉េខាងជើង ធ្លាប់បានស្នើសុំអោយប្រទេសនេះ កុំធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរ ជាលើកទីបីទៀត។ អ្នកការទូតម្នាក់នៅអ.ស.ប. សុំមិនបញ្ចេញឈ្មោះ បានបង្ហើបថា កាយវិការរបស់ប្រទេសកុម្មុយនីសកូរ៉េខាងជើង បង្កជាចំណោទច្បាស់ក្រលែតមួយ ដាក់អោយប្រទេសចិនធ្វើការដោះស្រាយ។ រីឯប្រទេសអៀរ៉ង់ ដែលធ្លាប់តែរងការរិះគន់ ថាខិតខំស្រាវជ្រាវផលិតអាវុធប្រល័យលោកដែរនោះ ក៏បានបញ្ចេញប្រតិកម្ម ពីការ«មិនយល់ព្រម»របស់ខ្លួន ជាមួយទីក្រុងព្យុងយ៉ាង ដោយបញ្ជាក់ថា គ្មានប្រទេសណាមួយ ត្រូវមានអាវុធអាតូមិកបែបនេះទេ។
កម្រិតផ្ទុះ រវាងពី៦ទៅ៧គីឡូតោន
ក្រសួងការពារជាតិ នៃប្រទេសកូរ៉េខាងត្បូង បានរកឃើញពីកម្រិតបំផ្ទុះ គ្រាប់បែក ធ្វើការសាកល្បងកាលពីថ្ងៃអង្គារ ថាមានកម្លាំង រវាងពី៦ទៅ៧គីឡូតោន ដែលកាលពីការសាកល្បងលើកទីមួយរបស់ខ្លួននាឆ្នាំ២០០៦ កូរ៉េខាងជើងធ្វើបានត្រឹមតែ១គីឡូតោន និងលើកទីពីរបានតែ ២ទៅ៦គីឡូតោនប៉ុណ្ណោះ។ ការិយាល័យនៃនាយកដ្ឋានព័ត៌មានជាតិអាមេរិកាំង (ODNI) ក៏បានបញ្ជាក់ ពីកម្រិតបំផ្ទុះនៃការសាកល្បងនេះ ថាមានជាច្រើនគីឡូតោនដែរ។
សូមរំលឹកថា គ្រាប់បែបប៉ារម៉ាណូ ដែលសហរដ្ឋអាមេរិក បានទម្លាក់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ក្នុងសង្គ្រាមលោកលើកទី២ មានកម្រិត១៥គីឡូតោន។ ដូច្នេះ អ្វីដែលកូរ៉េខាងជើងសម្រេចបានក្នុងថ្ងៃនេះ អ្នកបច្ចេកទេសកំពុងតែបារម្ភថា ប្រទេសនេះបានធ្វើអោយសម្រេចរួចហើយ នូវបច្ចេកវិទ្យាផលិតអាវុធប្រល័យលោក ដ៏រង្គាលមួយនោះ៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ