អាឡិច ថាគណនីហ្វេសប៊ុកខ្លួន រងការវាយប្រហារពី«ក្របីព្រៃ»
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី៣១ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 31, 2018
- ប្រធានបទ: ប្លន់គណនី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រវាងប្រទេសកម្ពុជា និងលោក អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alejandro Gonzalez Davidson) ហៅ អាឡិច ទំនងជាពិបាកបេះពីគ្នាណាស់ បើទោះជា ស្ថាបនិកអង្គការមាតាធម្មជាតិរូបនេះ ត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន បណ្ដេញចេញពីកម្ពុជារួចហើយក្ដី។ នៅថ្ងៃនេះ លោក អាឡិច បានសរសេរជាភាសាខ្មែរ អះអាងថា គណនីហ្វេសប៊ុករបស់លោក ត្រូវរងការវាយប្រហារ ដោយ«ក្របីព្រៃម្នាក់» ដែលជាសមាជិក នៃនាយកដ្ឋានមួយ ក្នុងក្រសួងមហាផ្ទៃកម្ពុជា។
ដោយអមមកជាមួយ នឹងរូបថតរបស់លោក ឌី វិជ្ជា កូនប្រសាររបស់លោក ហ៊ុន សែន និងជាអគ្គស្នងការរង នៃនគរបាលជាតិកម្ពុជានោះផង លោក អាឡិច បានសរសេរថា៖ «នៅពេលដែលខ្ញុំ កំពុងជាប់រវល់អបអរសាទរ នូវលទ្ធផលបោះឆ្នោត ដ៏មហាអស្ចារ្យ ដែលបញ្ជាក់ជាចុងក្រោយថា សម្ដេច ហ៊ុន សែន បានសម្រេចចិត្ដដើរតាមមាគ៌ា របស់កូរ៉េខាងជើង គុយបា វៀតណាម។ល។ ស្រាប់តែខ្ញុំត្រូវរងការវាយប្រហារ តាមផ្នែកប្រព័ន្ធបច្ចេកវិទ្យា (hack) ទៅលើគណនេយ្យហ្វេសប៊ុក របស់ខ្ញុំ»។
ស្ថាបនិកអង្គការមាតាធម្មជាតិ បានបន្តថា៖ «ការវាយប្រហាមួយនេះ ប្រហែលជាត្រូវបានរៀបចំ ដោយក្របីព្រៃម្នាក់ ដែលជាសមាជិក នៃនាយកដ្ឋានប្រឆាំងឧក្រិដ្ឋកម្ម លើប្រព័ន្ធអ៊ិនធើណិត ក្នុងក្រសួងមហាផ្ទៃ [តែ]ត្រូវបានបរាជ័យ»។
គេមិនដឹងថា តើលោក អាឡិច ចង់មានន័យដូចម្ដេច ទើបភ្ជាប់ការលើកឡើង របស់លោក ទៅនឹងរូបថតរបស់លោក ឌី វិជ្ជា ដែលកូនប្រុស របស់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡងឌី នោះទេ។ នៅក្រសួងមហាផ្ទៃ មិនមាននាយកដ្ឋានប្រឆាំងឧក្រិដ្ឋកម្ម លើប្រព័ន្ធអ៊ិនធើណិតទេ តែមាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ជា ពៅ។
ផ្ទុយទៅវិញ នៅកម្ពុជា មានក្រុមសំងាត់មួយ ដែលមានឈ្មោះ «ក្រុមការងារធ្វើសង្គ្រាមតាមអ៊ីនធឺណិត» ដែលហៅជាភាសាអង់គ្លេស «Cyber War Room (CWR)» ដែលទំនងជាដឹកនាំ ដោយលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដែលសព្វថ្ងៃ ឡើងតួនាទីជាអគ្គមេបញ្ជាការរងកងខេមរភូមិន្ទកម្ពុជា។ នេះ បើតាមរបាយការណ៍មួយ របស់សារព័ត៌មាន ខេមបូឌា ដេលី ដោយស្រង់សំដីសមាជិកម្នាក់ ពីក្នុងក្រុមការងារសំងាត់នេះ មកបញ្ជាក់។
របបជើងកាងនិយម...
យ៉ាងណា លោក អាឡិច មិនកំណាញ់គណនីរបស់លោក រហូតមិនឲ្យគេប្លន់ យកបាននោះទេ។ លោកសរសេរចំអកឲ្យថា៖ «ដើម្បីឲ្យបងប្អូន ដែលធ្វើការនៅនាយកដ្ឋាននោះ ងាយ Hack ហ្វេសប៊ុករបស់ខ្ញុំ នេះជាលេខសំងាត់របស់ខ្ញុំ "12345"»។
ស្ថាបនិកអង្គការមាតាធម្មជាតិ បានផ្ដាំផ្ញើរទៀតថា៖ «យ៉ាងណាក៏ដោយចុះ គួររំលឹកដល់អ្នកសកម្ម ខាងប្រើប្រាស់ប្រព័ន្ធហ្វេសប៊ុក ដែលមាននិន្នាការ ប្រឆាំងនឹងរបបជើងកាងនិយម របស់លោក ហ៊ុន សែន ថា ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ទៅលើគណនេយ្យហ្វេសប៊ុក របស់ខ្លួន»៕