កូរ៉េខាងត្បូង៖ ឆ្កួតនឹងល្បែងវីដេអូ រហូតទុកឲ្យកូនស្លាប់នឹង«អត់បាយ»
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 16, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នគរបាលរបស់ប្រទេសកូរ៉េខាងត្បូង បានប្រកាសនៅថ្ងៃអង្គារទី១៥ ខែមេសានេះ ពីការឃាត់ខ្លួនបុរសម្នាក់ បន្ទាប់ពីអាជ្ញាធរបានសង្ស័យថា បុរសនេះបានទុកឲ្យកូនរបស់ខ្លួនស្លាប់ នឹងអត់បាយ ខណៈខ្លួនឯងបានឈ្លក់វង្វេងជារៀងរាល់ថ្ងៃ ជាមួយនឹងល្បែងវីដេអូ (ហ្គេម - Video game)។
នៅកូរ៉េខាងត្បូង ការឈ្លក់លេងល្បែងវីដេអូ បានក្លាយជាវប្បធម៌មួយ។ (រូបថតឯកសារ)
ឆ្កួតនឹងល្បែង - សំនុំរឿងនេះ បានបង្កឲ្យមានការជជែកវែកញែកយ៉ាងផុលផុលមួយ នៅប្រទេសកូរ៉េខាងត្បូង ហើយនឹងជំរុញឲ្យរដ្ឋសភារបស់ប្រទេសនេះ អាចនឹងចេញច្បាប់មួយ ចាត់ទុកល្បែងតាមវីដេអូ ទៅក្នុងប្រភេទល្បែងដែលធ្វើឲ្យមានភាពឆ្កួតវង្វេង ដូចទៅនឹងគ្រឿងញៀន សុរា និងការភ្នាល់គ្នាយ៉ាងដូច្នេះដែរ។
បុរសឆ្កួតនឹងល្បែងតាមវីដេអូ ដែលបើតាមនគរបាលបានឲ្យដឹងថា មានឈ្មោះ ជុន អាយុ២២ឆ្នាំនោះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃចន្ទទី១៤ ខែមេសា បន្ទាប់ពីអាជ្ញាធរបានរកឃើញសាកសពហើមរលួយ នៃកូនប្រុសអាយុ២ឆ្នាំ របស់បុរសនេះ នៅក្នុងស្បោងសម្រាមមួយ ក្នុងទីក្រុង ដេហ្គូ (Daegu - ផ្នែកអាគ្នេយ៍នៃប្រទេស)។
កាលពីឆ្នាំ២០០៩ ប្រទេសកូរ៉េខាងត្បូង បានធ្លាប់ជួបប្រទះម្ដងហើយ នឹងសំនុំរឿងប្រហាកប្រហែលគ្នានេះ៖ ប្ដីប្រពន្ធវ័យក្មេងមួយគូ បានទុកឲ្យទារករបស់ខ្លួនអាយុ៣ខែ ស្លាប់នឹងអត់ឃ្លាន ខណៈពេលដែលប្ដីប្រពន្ធទាំងពីរនាក់ បានសំកុកនៅពីមុខអេក្រង់កំព្យូទ័រ ដើម្បីលេងល្បែងតាមអាំងធើណែត ជាពិសេសល្បែងដែលធ្វើការប្រកួតប្រជែង ពីការចិញ្ចឹមបីបាច់កុមារដោយប្រយោល។
គ្រវែងសាកសព ទៅក្នុងសួនច្បារ
នៅចុងខែកុម្ភះ ប្រពន្ធរបស់បុរសត្រកូល ជុន បានរកបាននូវការងារមួយ នៅក្នុងរោងចក្រឆ្ងាយពីលំនៅដ្ឋានរបស់ប្ដីប្រពន្ធរស់នៅ ដែលធ្វើឲ្យនាងជាប្រពន្ធចាំបាច់ត្រូវចាកចេញពីផ្ទះ និងទុកប្ដីដែលគ្មានការងារធ្វើ ឲ្យនៅផ្ទះ ដើម្បីមើលថែរក្សាកូនប្រុសតែមួយរបស់ពួកគេ។ ប៉ុន្តែបុរសត្រកូល ជុន បានចេញទៅសំកុកលេងល្បែងវីដេអូ នៅតាមតែ ស៊ីមប៊ែរកាហ្វេ (Cyber café - ហាងបម្រើសេវាកម្មអាំងធើណែត) ហើយបានត្រឡប់មកផ្ទះវិញ តែរវាងពី២ទៅ៣ថ្ងៃម្ដងប៉ុណ្ណោះ ដើម្បីធ្វើបាយចិញ្ចឹមកូនប្រុសដ៏តូចរបស់ខ្លួន។
នគរបាលបាននិយាយថា នៅថ្ងៃទី៣ ខែមីនាកន្លងទៅនេះ បុរស ជុន បានត្រឡប់ចូលផ្ទះវិញ ហើយបានដឹងថាកូនរបស់ខ្លួន ស្លាប់នៅក្នុងផ្ទះទៅហើយ។ ត្រកូល ជុន បានទុកសាកសពកូនចោល ក្នុងអំឡុងពេលជាងមួយខែ មុននឹងច្រករូបរាងកាយដែលហើមស្អុយរលួយនេះ ទៅក្នុងស្បោងផ្លាស្ទីក ហើយបោះចោលទៅក្នុងសួនច្បារមួយ ចម្ងាយប្រមាណជា១០០ម៉ែត្រពីផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះ បុរសជាឪពុកចិត្តអាក្រក់នេះ បានរាយការណ៍កុហកពីការបាត់ខ្លួន របស់កូនប្រុសខ្លួនទៅនគរបាល មុននឹងទទួលស្គាល់ថា គឺខ្លួននេះហើយ ជាអ្នករៀបចំហេតុការណ៍ទាំងនេះឡើង ដើម្បីគេចចេញពីការទទួលខុសត្រូវ។
ភាពឆ្កួតវង្វេង ដែលមានលក្ខណៈរីករាលដាល
ការសិក្សាជាលក្ខណៈជាតិមួយបានបង្ហាញថា ពលរដ្ឋកូរ៉េខាងត្បូង៧% ពីចំណោមពលរដ្ឋទាំងជាង៥០លាននាក់ ត្រូវបានចាត់ទុកនៅក្នុង«ហនីភ័យខ្ពស់» ពីភាពឆ្កួតវង្វេងនៃល្បែងវីដេអូតាមអាំងធើណែត ក្នុងនោះពលរដ្ឋដែលមានវ័យជំទង់ មានកម្រិតតួលេខ«ឆ្កួតវង្វេង»នេះ រហូតដល់ទៅ១១,៧%។ ប្រទេសកូរ៉េខាងត្បូង ជាប្រទេសដែលមានកម្រិតបច្ចេកវិទ្យាខ្ពស់ ហើយការភ្ជាប់លេងល្បែងវីដេអូ តាមអាំងធើណែតក៏មានកម្រិតខ្ពស់ជាងគេដែរ៕
----------------------------------
ដោយ សេក មនោរកុមារ (ទំនាក់ទំនង៖ [email protected]) - ប៉ារីស ថ្ងៃទី១៦ មេសា ២០១៤