រូបថតដំបូងគេ ពីយន្ដហោះម៉ាឡេស៊ី ដែលត្រូវបានបាញ់ធ្លាក់ (pic)
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 17, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ហេតុការណ៍ដ៏អកុសល នៃការបាញ់ធ្លាក់ នូវយន្ដហោះរបស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ នៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន បានបង្កឲ្យមានប្រតិកម្មធ្លាក់មកយ៉ាងព្រោងព្រាត ដោយមានអមជាមួយនឹងរូបភាពផង ជាពិសេសនៅតាមបណ្ដាញសង្គម។ បណ្ដាញព័ត៌មានជាច្រើន ក៏បានផ្សព្វផ្សាយជាបន្តបន្ទាប់ នូវរូបភាពពីហេតុការណ៍ដ៏អកុសលនេះដែរ។
កំទេចកំទីរបស់យន្ដហោះ MH17 បន្ទាប់ពីបានត្រូវបានបាញ់ទម្លាក់។ (រូបថតទ្វីសធើរ)
ធ្លាក់យន្ដហោះ - យន្ដហោះប៊ូអីង ៧៧៧ របស់ក្រុមហ៊ុន ម៉ាឡេស៊ីអ៊ែរឡាញ ដែលភ្ជាប់ជើងហោះហើរ MH17 ពីរាជធានី អាមស្ទែដាម ប្រទេសហូឡង់ មកកាន់រដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី បានបាត់ការទាក់ទងមកផែនដី នៅកំពស់១០គីឡូម៉ែត្រពីដី ហើយបានធ្លាក់នៅលើភូមិមួយ ឈ្មោះ ចាខតាស (Chakhtarsk) ក្នុងតំបន់ ដូនិក ភាគខាងកើតនៃប្រទេសអ៊ុយក្រែន នៅក្បែរព្រំដែនជាមួយប្រទេស រ៉ូស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មាននៅក្នុងតំបន់ បានរាយការណ៍ថា យន្ដហោះត្រូវបានបាញ់ទម្លាក់ ដោយកាំជ្រួចប្រដេញ បាញ់ចេញពីដី។ នៅវេលានេះ អាជ្ញាធររបស់ប្រទេសអ៊ុយក្រែន និងប្រទេសរ៉ូស្ស៊ី បានចោទគ្នាទៅវិញទៅមក ពីការធ្លាក់យន្ដហោះនេះ ខណៈពេលដែលក្រុមអ្នកផ្ដាច់ទឹកដី និយមប្រទេសរ៉ូស្ស៊ី បានប្រកែកថា ខ្លួនគ្មានសមត្ថភាពក្នុងការបំពាក់ប្រព័ន្ធការពារអាកាសទំនើបបែបនេះទេ។
មនុស្សទាំង២៩៥នាក់ ក្នុងនោះ២៨០នាក់ ជាអ្នកដំណើរ បានស្លាប់ទាំងអស់។ សាកសពមួយចំនួន ត្រូវបានគេរកឃើញនៅឆ្ងាយ ពីកន្លែងធ្លាក់យន្ដហោះ ប្រមាណជា១៥គីឡូម៉ែត្រ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នឹងវិលត្រឡប់លំអិតលើបញ្ហាធ្លាក់យន្ដហោះនេះ នៅក្នុងអត្ថបទក្រោយរបស់ខ្លួន៕
ខាងក្រោមនេះ ជារូបភាព និងវីដេអូដំបូងគេ ពីហេតុការណនេះ៖