យន្ដហោះម៉ាឡេស៊ី បាញ់ទម្លាក់ដោយក្រុមអ្នកបំបែកទឹកដី អ៊ុយក្រែន?
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៧ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 18, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បើតាមការវិភាគមួយ របស់អង្គភាពស៊ើបការសម្ងាត់ នៃប្រទេសអ៊ុយក្រែន ទៅលើកិច្ចសន្ទនារវាងក្រុមអ្នកបំបែកទឹកដី និយមប្រទេសរ៉ូស្សី បានបង្ហាញឲ្យឃើញថា ក្រុមនេះ បានបាញ់ទម្លាក់យន្ដហោះម៉ាឡេស៊ី ដែលពួកគេស្មានតែជាយន្ដហោះរបស់កងទ័ព។
បំណែកយន្ដហោះ ម៉ាឡស៊ី អ៊ែរឡាញ ដែលបំផ្ទុះខ្លួនយ៉ាងអាណោចអាធម នៅលើដី។ (រូបថតផ្តិតពីវីដេអូ)
ធ្លាក់យន្ដហោះ - ការបាញ់កាំជ្រួញប្រដេញបាញ់ចេញពីដី ជាចំណុចសង្ស័យដ៏ធំបំផុតមួយ របស់អង្គភាពស៊ើបការសម្ងាត់ នៃសហរដ្ឋអាមេរិក ដើម្បីពន្យល់ពីការធ្លាក់យន្ដហោះ នៃជើងហោះហើរ MH17 របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ហោះចេញពីរាជធានី អាមស្ទែដាម ប្រទេសហូឡង់ មកកាន់រដ្ឋធានី កូឡាឡំពួរ ប្រទេសម៉ាឡេស៊ី កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ (ម៉ោងក្នុងតំបន់កើតហេតុ)។ ប៉ុន្តែអ្វីដែលគេត្រូវស្រាវជ្រាវឲ្យឃើញនោះថា តើនរណាជាអ្នកបាញ់យន្ដហោះស៊ីវិលមួយនេះ ដែលដឹកមនុស្ស២៩៨នាក់ (មិនមែន២៩៥នាក់ ដូចដំណឹងដែលផ្សាយភ្លាមៗនោះទេ)។
អាជ្ញាធរនៃប្រទេសអ៊ុយក្រែន និងរ៉ូស្សី បានចោទគ្នាទៅវិញទៅមក ខណៈពេលដែលសហរដ្ឋអាមេរិកឯណោះវិញ កំពុងធ្វើការវិន្និច្ឆ័យស្វែងរក ពីអ្នកទទួលខុសត្រូវ។ ការសង្ស័យដ៏ធំមួយ ត្រូវបានគេទម្លាយឲ្យដឹង នៅវេលាយប់ថ្ងៃព្រហស្បត្តិ៍ដដែល បានបង្ហាញថា កងកុម្មង់ដូរបស់ក្រុមអ្នកបំបែកទឹកដី និយមប្រទេសរ៉ូស្សី ទំនងជាបានបាញ់យន្ដហោះនេះ ដោយពួកគេនឹកស្មានថា ជាយន្ដហោះយោធារបស់ប្រទេសអ៊ុយក្រែន។
«បក្សាមួយក្បាល បានធ្លាក់»
លោក អ៊ីហ្គ័ ស្ទ្រឹលកូវ (Igor Strelkovn) ដែលតាំងខ្លួនជារដ្ឋមន្ត្រីក្រសួងការពារជាតិ របស់ក្រុមអ្នកបំបែកទឹកដី បានផ្សាយសារមួយនៅទំព័រហ្វេសប៊ុករបស់ខ្លួនថា៖ «យើងទើបនឹងបាញ់ទម្លាក់យន្ដហោះ An-26 មួយគ្រឿង ស្ថិតនៅក្បែរភូមិ ស្នីស្នេ (Snijné)។ យន្ដហោះនេះ បានហោះមកចូលមកក្នុងតំបន់រុករករ៉ែ ប្រូហ្គ្រេ (Progress)។» សារនេះត្រូវបានសរសេរនៅរសៀលម៉ោង ៤ និង៣៧នាទី (ម៉ោងក្នុងតំបន់កើតហេតុ) ហើយយន្ដហោះដែលលោកនិយាយដល់នោះ ជាប្រភេទយន្ដហោះដ៏ធំមួយ របស់កងទ័ពអ៊ុយក្រែន។ តែការផ្សាយសារនៅលើហ្វេសប៊ុកនោះ បានធ្វើឡើងនៅក្រោយតែបន្ដិចប៉ុណ្ណោះ ពីពេលដែលយន្ដហោះម៉ាឡេស៊ី បានបាត់ដំណឹងពីប្រព័ន្ធចាប់រលកអាកាស នៅវេលាម៉ោង ៤និង២០នាទីរសៀល នៅក្នុងតំបន់តែមួយនោះដែរ។
បន្ទាប់មក លោក អ៊ីហ្គ័ ស្ទ្រឹលកូវ ដដែល បានផ្សាយវីដេអូមួយទៀត បង្ហាញពីផ្សែងខ្មៅដ៏ខ្មួលខ្មាញ់ ហុយឡើងទៅលើ នៅនឹងកន្លែងដូចដែលកន្លែងដែលយន្ដហោះម៉ាឡេស៊ី បានធ្លាក់ ដោយមានដាក់ជាវាចាមួយឃ្លាផងថា៖ «បក្សាមួយក្បាល បានធ្លាក់»។ វីដេអូផ្សែងដ៏ខ្មួលខ្មាញ់របស់លោក ស្ទ្រឹលកូវ មានរូបរាងប្រហាក់ប្រហែលទៅនឹង វីដេអូផ្សែងដ៏ខ្មួលខ្មាញ់នៃយន្ដហោះដឹកមនុស្ស២៩៨នាក់ ដែលត្រូវបានបណ្ដាជនរស់នៅក្បែរនោះថតបាន ហើយផ្សាយនៅតាមយូធូប។
«រឹបអូស កាំជ្រួចប្រដេញ បាញ់ចេញពីដី»
នៅក្នុងសេក្ដីប្រកាសមួយរបស់ទីភ្នាក់ងារសារព័ត៌មាន អ៊ិនធើហ្វាក់ (Interfax) ដែលជាអ្នកនាំពាក្យឲ្យក្រុមអ្នកបំបែកទឹកដី បានឲ្យដឹងថា ក្រុមនេះមិនមានសមត្ថភាព បំពាក់ទៅដោយឧបករណ៍ការពារដែនអាកាសទំនើបបែបនេះទេ។ ប៉ុន្តែនៅក្នុងសារមួយ ដែលផ្សាយដោយក្រុមអ្នកបំបែកទឹកដីដដែល នៅលើទំព័រទ្វីសធើរ ជាផ្លូវការរបស់ខ្លួន បាននិយាយថា ពួកខ្លួនទើបនឹងរឹបអូសបាននូវ កាំជ្រួចជាច្រើនដើម ប្រភេទប្រដេញបាញ់ចេញពីដី ពីកងទ័ពអ៊ុយក្រែន។ ប៉ុន្តែសារនោះ ត្រូវបានលប់ចោល នៅពេលបន្ទាប់មក។
កន្លងមកពីរដ្ឋាភិបាលទីក្រុង គៀវ (ប្រទេសអ៊ុយក្រែន) តែងចោទប្រទេសរ៉ូស្សី ថាបានបំពាក់ទៅឲ្យក្រុមបំបែកទឹកដី នូវកាំជ្រួចធុនធ្ងន់ ដែលមានលទ្ធភាពអាចបាញ់ចេញ បានចំងាយរហូតដល់ ២៥គីឡូម៉ែត្រ។
ប៉ុន្តែអ្វីដែលធ្វើឲ្យគេកាន់តែព្រឺសម្បុរទៅទៀតនោះ នៅយប់ថ្ងៃព្រហស្បត្តិ៍ដដែល អង្គភាពស៊ើបការសម្ងាត់របស់ប្រទេសអ៊ុយក្រែន បានបញ្ចេញផ្សាយ នូវកិច្ចសន្ទនាមួយ រវាងកងកម្មង់ដូនៃក្រុមអ្នកបំបែកទឹកដី បន្ទាប់ពីពួកគេបានចូលទៅមើលកន្លែងដែលយន្ដហោះធ្លាក់។ ខាងក្រោមនេះ ជាកិច្ចសន្ទនាទាំងនោះ៖
- «គឺក្រុម Tchernoukhine ដែលបានទម្លាក់យន្ដហោះនេះ។ យន្ដហោះ ត្រូវបានកំទេច នៅកណ្ដាលអាកាស។» ជាសម្ដីរបស់ជនម្នាក់ ដែលទំនងជានាយផ្នែក នៅក្នុងក្រុមអ្នកបំបែកខ្លួន។
- «ហើយយ៉ាងម៉េចទៀត?» ម្នាក់ទៀតឈ្មោះ គ្រេច (Grek) បានសួរ។
- «ជាយន្ដហោះស៊ីវិល ១០០% តែម្ដង ...»
- «មានរកឃើញអាវុធខ្លះឬទេ?»
- «ទេ! អត់មានទេ។ មានតែសម្ភារៈរបស់ជនស៊ីវិលប៉ុណ្ណោះ។»
- «មានឯកសាអ្វីទេ?»
- «មាន ... លិខិតឆ្លងដែនរបស់ប្រទេសឥណ្ឌូនេស៊ី»។
សម្រាប់ទីក្រុង វ៉ាស៊ីនតោន វិញ កំពុងតាមប្រម៉ាញ់ ស្វែងរកការពិត ជុំវិញបញ្ហានេះ។ ទិន្នន័យឃ្លាំមើល នៃប្រព័ន្ធផ្កាយរណបជាច្រើនរបស់អាមេរិក នឹងត្រូវយកមកពិនិត្យ ដើម្បីកំណត់ឲ្យដឹងថា តើការបាញ់កាំជ្រួចនេះ ចេញពីប្រភពណា។ នៅពេលនេះ ការស៊ើបអង្កេត ជុំវិញសោកនាដកម្មដ៏ខ្លោចផ្សារ នៅមិនទាន់ចប់នៅឡើយ៕
វីដេអូមួយទៀត ដែលបង្ហាញពីការផ្ទុះរបស់យន្ដហោះមួយ ក្នុងតំបន់ដូចគ្នា៖