ស៊ីរី៖ តាមអ.ស.ប. ច្រើនជាង៦០ពាន់នាក់បានស្លាប់ ក្នុង២១ខែកន្លងមក
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: January 05, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អង្គការសហប្រជាជាតិ បានប្រកាសកាលពីថ្ងៃពុធទី០២ ខែមករានេះថា ចំនួនមនុស្សច្រើនជាង ៦០ពាន់នាក់ បានស្លាប់នៅក្នុងជម្លោះផ្ទៃក្នុងនៃប្រទេសស៊ីរី តាំងពី២១ខែកន្លងមកហើយ។ មនុស្សទាំងនោះ បានបាត់បង់ជីវិត ដោយសារការវាយសម្រុកយ៉ាងរន្ថើន ពីសំណាក់ក្រុមអ្នកប្រមាញ់នៃរបបសព្វថ្ងៃ រួមមានទាំងការបាញ់ផ្លោង ការទម្លាក់គ្រាប់បែក និងរងគ្រោះដោយសារការប្រយុទ្ធគ្នា យ៉ាងស៊ីសាច់ហុតឈាម។
ឈាមហូរក្លាយជាស្ទឹង ក្នុងសង្គ្រាមស៊ីវិលស៊ីរី ដែលគេមិនដឹងថា នឹងចប់នៅពេលណា។ រូបថត printemps-syrien.com។
ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បានអះអាងនៅទីក្រុងហ្សែណែវ ពីស្ថិតិនៃចំនួនមនុស្សប្រមាណជា ៥៩ ៦៤៨នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសនេះ រវាងពីមហាបាតុកម្មជាលើកដំបូង ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១១ រហូតមកទល់នឹងចុងខែវិច្ឆិការ ឆ្នាំ២០១២កន្លងមកនេះ។
លោកស្រី ណាវី ពីឡៃ (Navi Pillay) បានថ្លែង នៅក្នុងសេចក្ដីប្រកាសមួយថា «ដោយសារជាជម្លោះដែលកើតបន្ត គ្មានលោះតាំងពីចុងខែវិច្ឆិការមកនោះ យើងអាចនិយាយបានថា ចំនួនមនុស្សច្រើនជាង ៦០ពាន់នាក់ ត្រូវបានសម្លាប់ បើគិតរហូតមកទល់នឹងដើមឆ្នាំ២០១៣នេះ»។ លោកស្រីគិតថា តួលេខនេះ អាចមានចំនួនច្រើនជាង ដែលមិនអាចស្មានដល់ និងយ៉ាងរន្ធត់ជាទីបំផុត។
លោកស្រីបានបរិហាថា «គេបានដឹងពីការប្រព្រឹត្តិ មួយហើយមួយទៀត នៃឧក្រិដ្ឋកម្មដ៏រង្គាល ពីសំណាក់ភាគីទាំងសងខាង ដោយរាប់ទាំងឧក្រិដ្ឋកម្មសង្គ្រាម និងវាច្បាស់ណាស់ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិផង»។
ប្រទេសស៊ីរី បានធ្លាក់ខ្លួន ចូលក្នុងសង្គ្រាមស៊ីវិល នៅក្រោយការងើបបះបោររបស់ប្រជាជន តែត្រូវរងការបង្ក្រាបយ៉ាងហឹង្សា ពីសំណាក់របបសព្វថ្ងៃ ដោយមានការប្រឈមមុខរវាងកងទ័ពទាំងសងខាង និងងើបឡើងប្រយុទ្ធតបវិញ របស់ក្រុមទាហ៊ានរត់ចោលជួរ ក្រោយការជួយឧបត្ថម្ភពីប្រជាជនស៊ីវិល។
តុល្យភាពចុងក្រោយ របស់អង្គការសហប្រជាជាតិ មានចំនួនខ្ពស់ជាង ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សស៊ីរី (OSDH) ដែលជាអង្គការមួយមានបណ្ដាញយ៉ាងធំ និងមានក្រុមគ្រូពេទ្យនៅជុំវិញប្រទេស។ អង្គការសិទ្ធិមនុស្សនេះ បានបញ្ចេញតួលេខរបស់ខ្លួនថា មានមនុស្សតែជាង ៤៦ពាន់នាក់ប៉ុណ្ណោះ ដែលបានស្លាប់ក្នុងរយះពេល២១ខែមកនេះ ប៉ុន្តែថាមិនបានរាប់ជនរាប់ពាន់នាក់ផ្សេងទៀត ដែលបានបាត់ខ្លួន និងនៅជាប់ឃុំ ឬការស្លាប់នៃសមាជិកក្រុមអត្ថឃាត «chabbihas» របស់ប្រធានាធិបតីលោក បាឆារ អាល់-អាសាធ (Bachar al-Assad) ឬកងទ័ពមកពីបរទេសផងនោះទេ។
មិនត្រឹមតែប៉ុណ្ណោះ «ទាំងខាងអ្នកបះបោរ និងទាំងខាងកងទ័ព មិនដែលបានបញ្ចេញតួលេខពិត នៃការស្លាប់នៅក្នុងជួររបស់ពួកគេទេ ដើម្បីកុំឲ្យមានការធ្លាក់ទឹកចិត្ត ក្នុងកងពល»។ នេះជាការបញ្ជាក់របស់ លោក រ៉ាមី អាបដែល រ៉ាម៉ាន (Rami Abdel Rahmane) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរីនេះ ហើយលោកបានគិតថា បើនិយាយពីការបូកសរុបតួលេខទាំងអស់ចូលគ្នា មនុស្សស្លាប់អាចមានច្រើនជាង «១០០ពាន់នាក់»៕
--------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ០៤ ខែមករា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ