បាល់ទាត់៖ ក្រុមប៉ារីស ឈ្នះជើងឯកលីក១ឆ្នាំ២០១៣ របស់ប្រទេសបារាំង (VDO)
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: May 13, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នេះជាលើកទីបីហើយ នៅក្នុងប្រវត្តិបាល់ទាត់របស់ប្រទេសបារាំង ដែលក្រុមអាជីបនៃទីក្រុងប៉ារីស បានទទួលឈ្នះជាជើងឯកប្រចាំឆ្នាំ។
កីឡាករទីក្រុងប៉ារីសលោតសប្បាយ ដោយដឹងថាខ្លួនក្លាយជាជើងឯក បើទោះនៅមានពីរប្រកួតទៀតក៏ដោយ។
គេតែងតែនិយាយថា គួរតែអបអរសាទរជ័យជំនះរបស់ខ្លួន នៅក្នុងផ្ទះខ្លួនឯង ព្រោះក្រុមប៉ារីស ស៊ាំងហ្សែរម៉ាំង (Paris Saint-Germain) បានធ្វើដំណើរទៅកាន់ទីក្រុងលីយ៉ុង ដើម្បីធ្វើការប្រកួតទល់នឹងក្រុមនៃទីក្រុងលីយ៉ុង កាលពីយប់ម៉ិញនេះ។ ម្យ៉ាងទៀតសូម្បីតែខាងគូរប្រជែង (ក្រុមបាល់ទាត់អូឡាំពិកលីយ៉ូនែស) ក៏មិនសប្បាយចិត្តប៉ុន្មានដែរ ដោយឃើញក្រុមនៃទីក្រុងប៉ារីស បានមកអបអរសាទរជ័យជំនះជាជើងឯក នៅក្រុងលីយ៉ុង ដោយបានបំបាក់ក្រុមខ្លួននោះ។
ប៉ុន្តែការដណ្ដើមជាជើងឯក មិនស្ថិតលើទម្លាប់ ឬត្រូវផ្គាប់ឲ្យនរណាសប្បាយចិត្តនោះទេ តែជាបច្ចេកទេសបាល់ដែលក្រុមកីឡាករ របស់ទីក្រុងប៉ារីសបានបង្ហាញ នៅលើវាលស្មៅឯណោះទេ ដែលបាននាំអោយក្រុមនេះទទួលជ័យជំនះ។ នៅក្នុងពាក់កណ្ដាលម៉ោងដំបូង ក្រុមបាល់ទាត់លីយ៉ុង ទំនងជាមានឱកាសច្រើន ដើម្បីធ្វើការវាយសន្ធាប់ទៅលើក្រុមមកពីទីក្រុងប៉ារីស។ ប៉ុន្តែនៅពាក់កណ្ដាលម៉ោងទីពីរ បន្ទាប់ពីកីឡាករ ជេរ៉េមី មើនេស (Jérémy Ménez) បានរកឱកាសបាល់ នៅនាទីទី៥៣ ទាត់បញ្ចូលបំប៉ោងសំណាញ់ទី របស់ក្រុមលីយ៉ុងនោះមក ក្រុមម្ចាស់ផ្ទះមួយនេះ ដូចជាគ្មានកម្លាំងថា នឹងអាចរកគ្រាប់បាល់បានមកវិញនោះឡើយ។
គ្រូបង្វឹករបស់ក្រុមប៉ារីសជនជាតិអ៊ីតាលី លោក កាឡូ អងសឺឡូទី (Carlo Ancelotti) បាននិយាយថា «យើងបានធ្វើការច្រើនណាស់ ដើម្បីទទួលបានងារជាជើងឯកនេះ។ ខ្ញុំសប្បាយចិត្តណាស់ ដែលបានឈ្នះនៅក្នុងប្រទេសបារាំង ហើយយើងនឹងបន្តការងារនេះតទៅទៀត។»
ចំណែកឯគ្រូបង្វឹករបស់ក្រុមលីយ៉ុង លោករ៉េមី ហ្គាដ (Rémi Garde) វិញបានអបអរសារទរក្រុមប៉ារីសយ៉ាងនេះថា «ខ្ញុំសារភាពថា ពិបាកចិត្តបន្តិចដោយបានឃើញ ពួកគេសប្បាយនឹងជ័យជំនះនៅទីនេះ (ទីក្រុងលីយ៉ុង) តែជាជ័យជំនះស័ក្ដិសមនឹងពួកគេ។ ប៉ារីស ជាក្រុមបាល់ទាត់ដ៏រឹងមាំមួយ ដែលយើងពិបាកនឹងរកឃើញចំនុចខ្សោយ។»
នៅថ្ងៃច័ន្ទទី១៣ខែមេសា ក្រុមកីឡាករប៉ារីស នឹងត្រឡប់មករដ្ឋធានីរបស់ខ្លួន ហើយបានណាត់ជួបនៅម៉ោង៦ល្ងាច ជាមួយនឹងបណ្ដាអ្នកគាំទ្ររបស់ខ្លួន នៅទីលានត្រូកាដេរ៉ូ (Trocadéro) ជិតតួអេហ្វែល ដែលប្រហែលជាប្រមូលមនុស្សជាច្រើនម៉ឺននាក់ ដើម្បីអបអរសាទរជាថ្មីទៀត នៅក្នុងទឹកដីរបស់ខ្លួន៕
សូមទស្សនាព្រឹត្តិការណ៍នេះឡើងវិញ ជាមួយនឹងវីដេអូខាងក្រោម៖
------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ