ស្រវឹងដើរឆ្លងផ្លូវ ត្រូវម៉ូតូបុកដួលសន្លប់ធំ
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី១៨ មិនា ២០១៥
- កែប្រែចុងក្រោយ: March 19, 2015
- ប្រធានបទ: គ្រោះចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពាក្យចាស់និយាយថា បើមិនពូកែ កុំ«ផឹក» ឬបើ«ផឹក» នៅដេកក្នុងផ្ទះ ឲ្យសុខស្រួល។ ព្រោះបើផឹកស្រវឹងហើយ ដើរទៅពេញផ្លូវថ្នល់ វាមិនត្រឹមតែបង្កទុក្ខទោស ដាក់ខ្លួនឯងទេ តែក៏នឹងបង្កឲ្យអ្នកផ្សេង ជួបគ្រោះជាមួយខ្លួនដែរ។ ដូចក្នុងករណីនេះ ដែលបានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៥ រវាងម៉ូតូ និងអ្នកថ្មើរជើងម្នាក់ នៅតាមបណ្តោយផ្លូវមន្នីរ៉េត។
គ្រោះថ្នាក់ដ៏អកុសល បានបង្ករឡើង ដោយបុរសម្នាក់ស្រវឹងដើរឆ្លងថ្នល់ និងយុវជនម្នាក់ ឈ្មោះ វណ្ណា ស្នាក់នៅបន្ទប់ជួល ម្តុំសួនកាណាឌីយ៉ា រាជធានីភ្នំពេញ ដែលបាននបើកម៉ូតូ ប៉ះជាមួយបុរសស្រវឹង ធ្វើឲ្យដួលសន្លប់ភា្លមៗ នៅកន្លែងកើតហេតុ។ ប្រភពព័ត៌មានបានឲ្យដឹងថា បុរសជនរងគ្រោះឈ្មោះ អុជ សុគុណ អាយុ៤៣ឆ្នាំ គ្មានសាច់ញាតិបងប្អូនទេ សព្វថ្ងៃរស់នៅជួយលក់ អ្នកជិតខាងនៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សាក្សីបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមាន ម៉ូតូមួយគ្រឿងធុនឌ្រីម ពាក់ស្លាកលេខ ភ្នំពេញ 1AC-5421 បើកបរនៅតាមបណ្តោយ ផ្លូវមន្នីរ៉េត ស្រាប់តែមកដល់ ខាងមុខស្លាកសញ្ញា សង្កាត់ស្ទឹងមានជ័យ មានបុរសម្នាក់បានដើរឆ្លងថ្នល់។ ភ្លាមៗនោះ ម៉ូតូដែលកំពុងបើកបរ បានប៉ះជាមួយជនរងគ្រោះ បណ្តាលឲ្យដួលបោកក្បាល នៅលើផ្លូវ សន្លប់ភ្លាមនៅកន្លែង កើតហេតុ។ បន្ទាប់ពីបុកជនរងកគ្រោះរួច ម៉ូតូឌ្រីម បានជ្រុលទៅប៉ះម៉ូតូមួយគ្រឿងទៀត ពាក់ស្លាកលេខ តាកែវ 1I-2568 ដែលបើកបរនៅលើផ្លូវនោះដែរ បណ្តាលឲ្យរងការខូចខាត សម្ភារៈមួយចំនួន។
យុវជន វណ្ណា បានឲ្យដឹងថា ខ្លួនពិតជាបានបើកម៉ូតូ ទៅប៉ះបុរសនោះមែន ព្រោះគាត់ដើរឆ្លងថ្នល់ ដោយមិនបាន មើលឆ្វេងស្តាំត្រឹមត្រូវ ហើយថាខ្លួនព្យាយាម ចាប់ហ្វ្រាំងម៉ូតូ តែចាប់មិនទាន់ និងថែមទាំងបានជ្រុល ទៅបុកម៉ូតូមួយទៀត។ នៅទៅបញ្ចប់ យុវជនបានសម្រេចចេញថ្លៃព្យាបាល ឲ្យបុរសស្រវឹង ចំនួន៥០០ដុល្លា ហើយបានធ្វើការសម្របសម្រួល ជាមួយភាគីមួយទៀត ដើម្បីបញ្ចប់រឿង។
អ្នកជិតខាង របស់ជនរងគ្រោះ លោក មិត្ត បានឲ្យដឹងថា ជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់ មន្ទីពេទ្យរូស្ស៊ី កាលពីពេលភ្លាមៗ តែមិនទាន់បានទទួលដំណឹង ពីគ្រូពេទ្យនៅឡើយ។ លោកនិងគ្រួសារ បានសម្រេចយកថ្លៃព្យាបាល ៥០០ដុល្លា ពីយុវជនវណ្ណា បើទោះជាលោក មិនបានឲ្យដឹងថា ជនរងគ្រោះ នៅមិនទាន់ដឹងខ្លួននៅឡើយក្ដី។
មន្ត្រីនគរបាលចររាចរណ៍ម្នាក់ ដែលបានចុះវាសវែង នៅក្នុងហេតុការណ៍នេះ លោក វ៉ន ចន្នា បានប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា លោកមិនហ៊ានសន្និដ្ឋានថា អ្នកណាជាអ្នកខុសនោះទេ សំខាន់អ្នករងគ្រោះ និងភាគីបង្ករជាអ្នកនិយាយគ្នា តែលោកជានគរបាលចររាចរណ៍ មាននាទីជាអ្នកសម្របសម្រួល និងធ្វើអត្តរាគមន៍បញ្ជូនវត្តុតាង ទៅកាន់ខណ្ឌ ដើម្បីធ្វើការដោះស្រាយ។
ដំណឹងពីមន្ទីរពេទ្យ បានឲ្យដឹងថា ជនរងគ្រោះ លោក អុជ សុគុណ មានឈាមកក នៅផ្នែកខាងក្រោមស្បែកក្បាល និងមានការប្រេះ លលាដ៍ក្បាលបន្តិចផង។ នេះបើតាមលោកគ្រូពេទ្យម្នាក់ នៅផ្នែកពិនិត្យ នៅមន្ទីពេទ្យរូស្ស៊ី លោក លី តាំង។ តាមការសន្និដ្ឋាន របស់គ្រូពេទ្យដដែល នៅមិនទាន់ដឹងច្បាស់ថា តើជនរងគ្រោះ នឹងដឹងខ្លួននៅពេលណាទេ ខណៈគ្រូពេទ្យនៅកំពុងបន្ត ការតាមដាននៅឡើយ៕