ជប៉ុន នឹងផលិតរថភ្លើងល្បឿនលឿនដំបូងគេ ទៅឲ្យឥណ្ឌា
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 15, 2015
- ប្រធានបទ: រចនាសម្ព័ន្ធ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«គម្រោងរថភ្លើងល្បឿនលឿន នឹងបង្កើតនូវបដិវត្តន៍ នៅក្នុងវិស័យផ្លូវដែក របស់ប្រទេសឥណ្ឌា ហើយនឹងជួយរុញប្រទេសឥណ្ឌា ឲ្យមានដំណើរលឿនទៅកាន់អនាគត។ រឿងនេះ នឹងក្លាយជាចលករដ៏ពិតមួយ សម្រាប់បម្រើឲ្យកំណែទម្រង់ នៃវិស័យសេដ្ឋកិច្ចឥណ្ឌា។» នេះជាការប្រកាស របស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) នៅបន្ទាប់ពីការជំនួនជជែកពិភាក្សាមួយ ជាមួយនឹងនាយករដ្ឋមន្ត្រីជប៉ុន។
អ្នកនាំពាក្យរបស់ក្រសួងការបរទេសឥណ្ឌា បានអះអាងនៅលើបណ្ដាញសង្គមទ្វីសធើរ ថារដ្ឋបុរសទាំងពីរ បានសម្រេចកំណត់យក នូវពិធីការរួមគ្នា ស្ដីពីកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យនុយក្លេអ៊ែរស៊ីវិល ប៉ុន្តែចំណុចលំអិត នៃពិធីការនេះ នឹងត្រូវជជែកគ្នាបញ្ចប់ នៅមុនវាក្លាយជាកិច្ចព្រមព្រៀង ដែលមានហត្ថលេខារវាងប្រទេសទាំងពីរ។
មុននេះជាយូរមកហើយ ដែលរដ្ឋាភិបាលក្រុងតូក្យូ បានបដិសេធ មិនធ្វើកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសឥណ្ឌា នៅលើវិស័យនេះទេ ដោយសារប្រទេស នៅទ្វីបអាស៊ីខាងត្បូងមួយនេះ មិនទាន់បានផ្តល់សច្ចាប័ន លើសន្ធិសញ្ញាមិនរីកសាយអាវុធ។ ប៉ុន្តែទីក្រុង ញ៉ូដេល្លី និងទីក្រុងតូក្យូ ចង់យកឱកាស នៃទំនាក់ទំនងល្អ របស់មេដឹកនាំទាំងពីរ ដែលមានចរន្ដនយោបាយអភិរក្សនិយមដូចគ្នា ដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិន ដែលចេះតែរីកធំធាត់ នៅទ្វីបអាស៊ី។
ប្រទេសទាំងពីរ ក៏នឹងស្ម័គ្ររួមគ្នាសិក្សា ពីគម្រោងបច្ចេកវិទ្យា ក្នុងអនាគតមួយចំនួនទៀត ក្នុងវិស័យការពារជាតិ ដូចជាយន្ដហោះជួយសង្គ្រោះ នៅលើទឹក ធុន «US-2» ជាដើម។ លោកនាយករដ្ឋមន្ត្រីឥណ្ឌា បានថ្លែងឲ្យដឹងទៀតថា នៅឆ្នាំក្រោយ ប្រទេសឥណ្ឌានឹងសម្រួលផ្ដល់ទិដ្ឋការ នៃដំណើរមកដល់ ទៅឲ្យពលរដ្ឋជប៉ុន។ លោកបានសន្យាថា នឹងធ្វើទំនើបកម្ម ទៅលើវិស័យអាយស្ម័យាន របស់ប្រទេស ដែលរងការយឺតយ៉ាវជាងគេ ដោយសារមិនមានការវិនិយោគ ឲ្យបានធំដុំ។
លោក ស៊ិនហ្សូ អាប៊េ (Shinzō Abe) នាយករដ្ឋមន្ត្រីជប៉ុនវិញ បានថ្លែងឡើងថា៖ «នយោបាយសេដ្ឋកិច្ចរបស់លោក ម៉ូឌី (នាយករដ្ឋមន្ត្រីឥណ្ឌា) ដូចជារថភ្លើងល្បឿនលឿន របស់ជប៉ុនអញ្ចឹងដែរ។ វាមាល្បឿនលឿន រឹងមាំ និងច្បាស់លាស់ ហើយអាចដឹកជញ្ជូនមនុស្ស បានចំនួនច្រើន។»
» អានអត្ថបទស្ដីពី «រថភ្លើងថ្មីរបស់ជប៉ុន មានល្បឿនដូចហោះ»។
បើតាមអ្នកទទួលខុសត្រូវ ក្នុងរដ្ឋាភិបាលឥណ្ឌា បានឲ្យដឹងថា គម្រោងរថភ្លើងល្បឿនលឿននេះ នឹងត្រូវធ្វើនៅលើចំងាយផ្លូវ ប្រមាណជា៥០៥គីឡូម៉ែត្រ ដែលភ្ជាប់ពីក្រុងប៊ុមប៊ៃ ទីកាន់ក្រុង អាមេដាបេដ (Ahmedabad)។ ថវិកា ដែលត្រូវចំណាយទៅលើគម្រោងនេះ មានទំហំដល់ទៅ ៩៨០កោដរូពី (ត្រូវជា ១៣,៥កោដអ៊ឺរ៉ូ ឬ១៤,៥កោដដុល្លា)៕