ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុនសួរ ហ៊ុន សែន ពីលទ្ធភាពចរចាជាមួយ សម រង្ស៊ី
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ មីនា ២០១៨
- កែប្រែចុងក្រោយ: March 24, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រទេសជប៉ុន ទំនងជាកំពុងដើរតួយ៉ាងសំខាន់មួយ នៅក្នុងវិបត្តិនយោបាយកម្ពុជា។ នៅក្នុងដំណើរទស្សនកិច្ចមួយ មកកាន់កម្ពុជា លោក កង់តារ៉ូ សូនូរ៉ា (Kentaro SONOURA) ទីប្រក្សានាយករដ្ឋមន្ត្រីជប៉ុន បានថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសកម្ពុជា បញ្ជាក់ពីជំហររបស់ប្រទេសជប៉ុន ដែលចង់ឃើញការបោះឆ្នោតជាតិ ក្នុងប្រទេសកម្ពុជា នាពេលខាងមុខ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌។
បន្ទាប់មកទៀត លោក សូនូរ៉ា បានជួបសួរលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបមួយទៀត ពីលទ្ធភាពនៃការចរចា និងសន្ទនា ជាមួយអ្នកនយោបាយ របស់គណបក្សសង្គ្រោះជាតិ បើទោះជាពួកគេទាំងនោះ ត្រូវបានដកសិទ្ធិ មិនឲ្យធ្វើនយោបាយហើយក៏ដោយ។ សំនួរនោះ ត្រូវបានថ្លែងឲ្យដឹង ដោយលោក ស្រ៊ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្រោយជំនួប ដែលបានប្រព្រឹត្តិទៅ កាលពីរសៀលថ្ងៃទី២៣ ខែមីនាម្សិលម៉ិញ។
លោក ថាមរ៉ុង្គ បានស្រង់សំដី របស់ទីប្រឹក្សានាយករដ្ឋមន្ត្រីជប៉ុន មកបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនគ្មានបំណងជ្រៀតជ្រែក ចូលកិច្ចការនយោបាយផ្ទៃក្នុងរបស់កម្ពុជាទេ តែចង់ដឹងថា តើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានលទ្ធភាពណាមួយ ដើម្បីចរចា ឬសន្ទនាជាមួយអ្នកនយោបាយ របស់គណបក្សសង្គ្រោះជាតិនោះដែរឬទេ?
អ្នកនយោបាយណានោះ មិនត្រូវបានលោក ស្រ៊ី ថាមរ៉ុង្គ បញ្ជាក់ទេ តែឈ្មោះលោក សម រង្ស៊ី ត្រូវបានបញ្ចេញឲ្យដឹង នៅក្នុងចម្លើយ របស់លោក ហ៊ុន សែន តបទៅលោក កង់តារ៉ូ សូនូរ៉ា។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា បានដកស្រង់ចម្លើយ របស់លោក ហ៊ុន សែន មកអះអាងថា៖ «សម្តេច (...) បានចំណាយពេល ៣/៤នៃជីវិតខ្លួនសម្រាប់តែ ធ្វើការចរចាបង្រួបបង្រួមជាតិ ហើយសម្តេចបានប្រឹងប្រែង សព្វបែបយ៉ាង ជាមួយ សម រង្ស៊ី លើកលែងទោសឲ្យ សម រង្ស៊ី ពីរដង។ ក្រោយមកវាយប្រហារសម្តេច ហើយរហូតដល់សព្វថ្ងៃ គេនៅតែប្រព្រឹត្តការបំផ្លាញកម្ពុជា អំពាវនាវឲ្យកងទ័ពបែរកាណុង ប្រឆាំងនឹងរាជរដ្ឋាភិបាល ហៅអាមេរិកបាញ់មីស៊ីល ចូលផ្ទះសម្តេច... មើលងាយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងកូន។ បើទោះបីសម្តេច បានខិតខំនាំគេ មកទាំងក្រុមគ្រួសារ ដើម្បីបង្កើតនូវវប្បធម៌សន្ទនា ក៏នៅមិនបានទៀត។ សម្តេចបានទទួលស្គាល់ថា សម្តេចបានបរាជ័យ ក្នុងការបង្កើតវប្បធម៌សន្ទនានេះ ជាមួយ សម រង្ស៊ី។»។
លោក ហ៊ុន សែន បន្តប្រាប់លោក សូនូរ៉ា ទៀតថា ស្ថានភាពនយោបាយនៅកម្ពុជា គឺល្អប្រសើរជាងបណ្តាប្រទេសមួយចំនួន ក្នុងតំបន់ ហើយនៅកម្ពុជា មានគណបក្សនយោបាយច្រើន ដែលនឹងចូលរួម ប្រកួតប្រជែងការបោះឆ្នោត នាពេលខាងមុខ ជាពិសេសលោក ក៏បានផ្ដល់គំនិត ទៅអតីតថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ដែលមិនត្រូវបានព្យួរសិទ្ធិធ្វើនយោបាយ ឲ្យបង្កើតគណបក្សថ្មីនោះផង។
លោក ថាមរ៉ុង្គ បានលើកយកសំដីនាយករដ្ឋមន្ត្រីកម្ពុជា មកអះអាងបន្ថែមថា មានគណបក្សនយោបាយខ្លាំងៗខ្លះ បានតាំងខ្លួនជាបក្សប្រឆាំង នៅកម្ពុជា រួចជាស្រេចហើយ៕