កម្ពុជា៖ ផ្ដាសាយបក្សី បានសម្លាប់កុមារទី៥ ចូលមកដល់ខែកុម្ភះ
ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (OMS) បានបញ្ជាក់ពីមរណភាពរបស់កុមារី អាយុ៥ឆ្នាំម្នាក់ទៀត ដែលរងគ្រោះដោយជម្ងឺផ្ដាសាយបក្សី បង្កដោយមេរោគ H5N1។ ជាកុមារីរងគ្រោះទីប្រាំហើយ ក្នុងប្រទេសកម្ពុជា រាប់តាំងពីដើមឆ្នាំ២០១៣នេះមក។
ពិនិត្យសាកល្បង ទៅលើសត្វបក្សីស្រុកទាំងឡាយ ដោយមន្ត្រីជំនាញ។
កុមារីម្នាក់អាយុ៥ឆ្នាំ ដែលទំនងជាមានទំនាក់ទំនងជាមួយសត្វស្លាប នៅក្នុងខេត្តតាកែវ (ផ្នែកខាងត្បូងនៃប្រទេសកម្ពុជា) បានស្លាប់កាលពីថ្ងៃព្រហស្បត្តិ៍ ទី០៧ខែកុម្ភះកន្លងទៅ នៅក្នុងមន្ទីពេទ្យ។ ការពិនិត្យកោសល្យវិច្ឆ័យ បានបញ្ជាក់ករណីនេះ ពីវត្តមាន នៃមេរោគ H5N1 ដែលធ្វើអោយកុមារី ក្លាយជាជនរងគ្រោះដល់ជីវិតទីប្រាំ រាប់តាំងពីដើមឆ្នាំនេះមក។
ជនរងគ្រោះដទៃទៀត តាំងពីដើមឆ្នាំនេះ រួមមាន ទារកម្នាក់អាយុ៨ខែ មកពីរាជធានីភ្នំពេញ មានអាការៈរោគនេះ នៅថ្ងៃទី៩ខែមករា - យុវតីជំទង់ម្នាក់អាយុ១៧ឆ្នាំ មកពីខេត្តតាកែវ មានអាការៈរោគ នៅថ្ងៃទី១១ខែមករា - បុរសម្នាក់អាយុ ៣៥ឆ្នាំ និង ទារិកាម្នាក់អាយុ១៧ខែមកពី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានអាការៈរោគនៅថ្ងៃទី១៣មករា - និងកុមារីម្នាក់ទៀតអាយុ៩ឆ្នាំ មកពីស្រុកទឹកឈូខេត្តកំពត មានអាការៈរោគនៅថ្ងៃទី១៥ខែមករា។
នៅក្នុងករណី បានបង្ហាញដំបូងនូវអាការៈដូចគ្រុនក្ដៅខ្លាំង ក្អក និងអាការៈខ្លះទៀត មានសណ្ឋានជាជម្ងឺផ្ដាសាយ។ បួនករណីមុន បានស្លាប់ ដោយមានតែទារកអាយុ៨ខែ មកពីខ័ណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ តែម្នាក់គត់ ដែលនៅរស់រានមានជីវិត។ ដំណកស្រង់ជាច្រើន ត្រូវបានយកទៅវិភាគក្នុងមន្ទីពិសោធន៍ នៃវិទ្យាស្ថានជាតិ សុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ (Pasteur) កម្ពុជា។
លទ្ធផលជាដំបូង មិនបានរកឃើញថា មានការចម្លងរវាងពីមនុស្សទៅមនុស្សទេ តែ៤ករណីពីក្នុងករណីទាំងនេះ គេបានដឹងថា អ្នកជម្ងឺមានទំនាក់ទំនងផ្ទាល់ ជាមួយនឹងសត្វបក្សីឈឺ ឬស្លាប់នឹងជម្ងឺដ៏សាហាវនេះ។ សូមរំលឹកថា កាលពីឆ្នាំ២០១២កន្លងទៅ អាជ្ញាធរកម្ពុជាធ្លាប់បានប្រកាស ពីករណីស្លាប់នឹងជម្ងឺនេះ ចំនួន៣ករណី។ «ប្រទេសកម្ពុជា ជាប្រទេសតែមួយគត់ ដែលករណីស្លាប់បណ្ដាលពីជម្ងឺផ្ដាសាយបក្សី បានឆ្លងចូលមកដល់ឆ្នាំ២០១៣» នេះបើតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក (OMS) ចេញផ្សាយ ថ្ងៃទី០១ខែកុម្ភះកន្លងទៅ។
បើតាមអង្គការពិភពលោកមួយនេះ ជម្ងឺផ្ដាសាយបក្សីបង្កមកពីមេរោគ H5N1 បានសម្លាប់មនុស្ស៣៦៥នាក់ហើយ នៅពេលដែលមានការរាលដាលខ្លាំង កាលពីឆ្នាំ២០០៣ ក្នុងពិភពលោក។ មនុស្សដែលបានឆ្លងយកមេរោគនេះ ភាគច្រើនមានទំនាក់ទំនងផ្ទាល់ ជាមួយនឹងសត្វស្លាបឈឺ៕
------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ