ក្រុមប្រឹក្សាធម្មនុញ្ញថា ខ្លួនគ្មានសមត្ថកិច្ចបកស្រាយ«បម្រាមជួបជុំ»
ក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នបកស្រាយច្បាប់ដ៏កំពូល និងបានអះអាងថា ខ្លួនមិនមានសមត្ថកិច្ចបកស្រាយ បម្រាមជួបជុំរបស់ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ដែលបានដាក់កំហិត ឲ្យបិទទីលានប្រជាធិបតេយ្យ និងហាមប្រាមការប្រមូលផ្តុំបញ្ចេញមតិ។ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈអ្នកនាំពាក្យរបស់ខ្លួន ក៏បានបន្ថែមថា ការបកស្រាយបំរាមការប្រមូលផ្តុំ គួរតែក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ជាអ្នកមានសមត្ថកិច្ចបកស្រាយ។
ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ នៅក្នុងវិមានរដ្ឋចំការមន។ (រូបភាព ccc.gov.kh)
បកស្រាយច្បាប់ - អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ បានផ្ដល់កិច្ចសម្ភាសដល់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ នៅថ្ងៃទី២២ មីនា នេះថា ក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំកាលពីពេលថ្មីៗនេះ បានសម្រេចថា បម្រាមជួបជុំ ដែលត្រូវដាក់ឲ្យអនុវត្តដោយក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ មិនមែនជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបកស្រាយនោះទេ។
តែនៅពេលសួរថា តើស្ថាប័នណាមួយដែលមានសមត្ថកិច្ចបកស្រាយបម្រាមរបស់ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ? លោក ព្រហ្ម ញាណវិចិត្រ ឆ្លើយបញ្ជាក់ថា៖ «រឿងនេះវាពាក់ព័ន្ធទៅនឹងសាលាក្រុង និងក្រសួងមហាផ្ទៃអ្នកធ្វើ អញ្ចឹងទៅសួរខាងហ្នឹងទៅ ខ្ញុំមិនថាជាភារៈកិច្ចរបស់ក្រសួងមហាផ្ទៃ ឬរបស់សាលារាធានីទេ តែវាមិនក្នុងសមត្ថកិច្ចក្រុមប្រឹក្សាធម្មនុញ្ញ»។
បើទោះជាអ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ បានបំភ្លឺយ៉ាងនេះក៏ដោយ ក៏មាត្រា១៣៦ថ្មីនៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងច្បាស់ថា៖ «ក្រុមប្រឹក្សធម្មនុញ្ញមានសមត្ថកិច្ចធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ »។
ការថ្លែងរបស់ មន្ត្រីអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញខាង បានធ្វើឡើងបន្ទាប់ពី អគ្គលេខាធិការគណបក្សជាតិនិយម (អតីតគណបក្សនរោត្ដម រណឬទ្ធិ) លោក មុត ចន្ថា កាលពីថ្ងៃទី០៧ ខែមីនាបានផ្ញើលិខិតតាមរយៈប្រធាន ព្រឹទ្ធសភា លោក ជា ស៊ីម ទៅក្រុមប្រឹក្សាធម្មនុញ្ញ ស្នើឲ្យបកស្រាយបម្រាមជួបជុំរបស់ក្រសួងមហាផ្ទៃ និងសាលារាជធានីភ្នំពេញ ដោយលើកឡើងថា បម្រាមនេះ ធ្វើឡើងផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកំពុងតែបំពានសិទ្ធិធ្វើកូដកម្ម-បាតុកម្មដោយសន្តិវិធី ដែលធានាដោយរដ្ឋធម្មនុញ្ញត្រង់ជំពូកទី៣ មាត្រា៣៧។
គួរកត់សម្គាល់ថា ក្រុមប្រឹក្សាធម្មនុញ្ញគឺស្ថាប័នឯករាជ្យ ដែលមានកាតព្វកិច្ចចម្បងបកស្រាយរដ្ឋធម្មនុញ្ញ និងដោះស្រាយវិវាទកម្ម ទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ហើយស្ថាប័ននេះត្រូវបានគណបក្សប្រជាជនកម្ពុជា ឲ្យតម្លៃ និងគោរពសេចក្តីសម្រេចរបស់ស្ថាប័ននេះ។ តែសម្រាប់គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានចោទប្រកាន់ក្រុមប្រឹក្សាធម្មនុញ្ញ ថាជាស្ថាប័នគ្មានភាពឯករាជ្យ ហើយលំអៀងទៅរកគណបក្សប្រជាជនកម្ពុជា៕
--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២២ មីនា ២០១៤