វាយកូនបាល់៖ ដិល ប៉ូត្រូ បានដកខ្លួនពីការប្រកួត ហ្វ្រេនអូផេន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 24, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករវាយកូនបាល់ ចន ម៉ាទីន ដិល ប៉ូត្រូ (Juan Martin del Potro) បានដើរតាមលំនាំកីឡាករលេខពីរពិភពលោក អេនឌី មួរ៉េ (Andy Murray) ដោយបានដកខ្លួនចេញពីការប្រកួតកម្មវិធី ហ្វ្រេនអូផេន (French Open)។
កីឡាករវាយកូនបាល់ ចន ម៉ាទីន ដិល ប៉ូត្រូ។
អតីតម្ចាស់ជើងឯកយូអេសអូផិន (US Open) សញ្ជាតិអាហ្សង់ទីន បានប្រាប់ឲ្យដឹងថា ការដកខ្លួនរបស់គាត់នេះ ដោយសារតែគាត់មានជំងឺប្រចាំកាយ ដែលកើតឡើងក្រោយការប្រកួតក្នុងកម្មវិធីរ៉ូមម៉ាស្ទើរ (Rome Masters) កាលពីសប្ដាហ៍មុន ដែលពេលនោះ គាត់បានចាញ់កីឡាករបារាំងបេណុត ផៀ (Benoit Paire) ។
ប៉ូត្រូ ដែលធ្លាប់ឈ្នះពានរង្វាន់យូអេសអូផិន កាលពីឆ្នាំ២០១១ បាននិយាយថា «នេះជាការសម្រេចចិត្តដ៏លំបាកមួយ ព្រោះវាជាកម្មវិធីដែលខ្ញុំតែងតែស្រម៉ៃចង់ឈ្នះ។ ប៉ុន្តែពេលនេះខ្ញុំ ត្រូវតែបំភេ្លចចោលនូវការខកចិត្តទាំងនេះ ដើម្បីត្រៀមខ្លួនឲ្យបាន១០០% សម្រាប់ការប្រកួតក្នុងកម្មវិធីផ្សេងៗវិញ។»
កីឡាករលំដាប់លេខ៧ពិភពលោក វ័យ២៤ឆ្នាំរូបនេះ បានក្លាយជាកីឡាករវាយកូនបាល់លំដាប់កំពូលទី២ ដែលបានដកខ្លួនពីការប្រកួតក្នុងកម្មវិធីហ្គ្រែនស្លាម (Grand Slam) នៅក្នុងឆ្នាំនេះ ខណៈដែលកីឡាករលេខ២ពិភពលោកអេនឌី មួរ៉េ ក៏បានប្រកាសដកខ្លួនដែរ កាលពីថ្ងៃទី២១ ដោយសារបញ្ហារបួសខ្នង។
ក្រៅពីកីឡាករខ្លាំងៗទាំងពីររូបនេះ ក៏មានកីឡាករផ្សេងទៀតដែរ ដែលបានប្រកាសដកខ្លួនក្នុងនោះមានដូចជា អតីតកីឡាករលេខ៧ពិភពលោក ម៉ាឌី ហ្វីស (Mardy Fish) ដែលបច្ចុប្បន្នស្ថិតនៅចំណាត់ថ្នាក់លេខ៤១ពិភពលោក និងកីឡាករអាមេរិកលេខ៧១ពិភពលោក ប្រែន បាឃឺ (Brian Baker) ក៏បានដកខ្លួនចេញដែរ។
កាលពីឆ្នាំមុន ក្នុងកម្មវិធីហ្វ្រិនអូផិន ដិល ប៉ូត្រូ បានឈានដល់វគ្គ១ភាព៤ផ្តាច់ព្រ័ត្រ ប៉ុន្តែគាត់ត្រូវបានធ្លាក់ក្រោមថ្វីដៃរបស់កីឡាករ រ៉ចឺ ហ្វេដឺរឺ (Roger Federer) ដែលជាកីឡាករលំដាប់លេខ៣ពិភពលោក ខណៈដែលម្ចាស់ជើងឯកបានទៅលើកីឡាករអេស្ប៉ាញ រ៉ាហ្វាអែល ណាដាល់ (Rafael Nadal)។ ចំណែកការប្រកួតឆ្នាំ២០១៣ នឹងចាប់ផ្តើមនៅថ្ងៃទី២៦ ខែឧសភានេះ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ