ឆែមពានលីក៖ រូសនិងដេនតេ ថាការប្រកួតផ្តាច់ព្រ័ត្រ ជាពេលសំខាន់បំផុតក្នុងអាជីព
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 23, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាឆ្នើមក្រុមបូរ៉ាស្ស៊ៀ ដតម័ន (Borussia Dortmund) ម៉ាកូ រូស (Marco Reus) បាននិយាយថា ការប្រកួតឆែមពានលីក របស់សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប (UEFA Champions League) វគ្គផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុមបាយឺន ម៉ូនិជ (Bayern Munich) នៅថ្ងៃសៅរ៏ខាងមុខនេះ ជាពេលដែលសំខាន់បំផុតក្នុងអាជីពរបស់គាត់។
ខ្សែបម្រើរូបនេះ ជាតួអង្គសំខាន់ របស់ក្រុមដតម័ន ដែលពួកគេសង្ឃឹមថា គាត់នឹងអាចជួយឲ្យដតម័ន យកឈ្នះបាយឺន នៅកីឡាដ្ឋានវែមប្លី (Wembley) បាន ខណៈដែលមិត្តរួមក្រុមរបស់គាត់ ម៉ារីអូ ហ្គូដស៊្សេ (Mario Gotze) ដែលជាតួអង្គសំខាន់១រូបដែរនោះ ត្រូវខកខានប្រកួត ដោយសារបញ្ហារបួស។
កីឡាករវ័យ២៣ឆ្នាំ រូស ដែលក្រុមដតម័នទិញមកពីក្រុមម៉ុងឆេងក្លាបាច់ (Monchengladbach) មានសង្ឃឹមយ៉ាងមុតមាំថា ក្រុមរបស់គាត់នឹងអាចលើកពានឆែមពានលីកជាលើកដំបូង បើគិតពីឆ្នាំ១៩៩៧មក។
រូស បាននិយាយថា «ការឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រឆែមពានលីក ជាពេលដែលសំខាន់បំផុត និងមានន័យបំផុតក្នុងអាជីពជាកីឡាករបាល់ទាត់របស់ខ្ញុំ។ ហើយខ្ញុំពិតជាអន្ទះសារខ្លាំងណាស់ ពោលគឺចង់ឲ្យពេលវេលាមកដល់ឲ្យបានឆាប់។»
កីឡាករវ័យក្មេងរបស់អាឡឺម៉ង់ បានបន្តថា «រដូវកាលដំបូងរបស់ខ្ញុំ ជាមួយនឹងក្រុមដតម័ន បើអាចឈ្នះពានរង្វាន់ឆែមពានលីកនោះ ខ្ញុំពិតជាភ្ញាក់ផ្អើល និងសប្បាយរីករាយបំផុត។ ហើយការប្រកួតនាកីឡាដ្ឋានវែមប្លី (ប្រទេសអង់គ្លេស) ពិតជារំភើបខ្លាំងណាស់សម្រាប់ខ្ញុំ។»
ចំណែកឯខ្សែការពារកណ្តាលក្រុមបាយឺន ម៉ូនិជ ដេនតេ (Dante) ដែលអតីតជាមិត្តរួមក្រុមជាមួយនឹងរូស នៅក្នុងក្រុមម៉ុងឆេងក្លាបាច់នោះ នឹងត្រូវជួបជាមួយមិត្តចាស់របស់ខ្លួន ជាពិសេសមានតួនាទីរារាំងមិនឲ្យរូស មានឱកាសទាត់បាល់បញ្ចូលទីបានជាដាច់ខាត។
កីឡាករប្រេស៊ីល បានផ្ទេរពីក្រុមម៉ុងឆេងក្លាបាច់ មកក្រុមបាយឺន ម៉ូនិជ កាលពីរដូវក្តៅមុន ដែលមានតម្លៃជាង ៦.៧លានដុល្លា។ ហើយគាត់សង្ឃឹមថា នឹងអាចជួយឲ្យបាយឺន លើកពានឆែមពានលីកឲ្យបាន ខណៈដែលក្រុមមួយនេះ តែងតែធ្លាក់ក្នុងវគ្គផ្តាច់ព្រ័ត្រនោះ។
ខ្សែការពារវ័យ២៩ឆ្នាំ ដេនតេ បាននិយាយថា «រដូវកាលដំបូងរបស់ខ្ញុំ ជាមួយក្រុមបាយឺន ម៉ូនិជ ពិតជាមិនគួរឲ្យជឿ ហើយខ្ញុំពិតជាភ្ញាក់ផ្អើល និងរំភើបខ្លាំងណាស់ ដែលជាចំណែកមួយ ជាមួយនឹងក្រុម ដែលត្រូវធ្វើដំណើរទៅទីក្រុងឡុងដ៏ ក្នុងការប្រកួតផ្តាច់ព្រ័ត្រនេះ។»
ដេនតេ បានបន្ថែមថា «សម្រាប់ខ្ញុំ នេះជាឱកាសមួយ ដែលអស្ចារ្យបំផុត ហើយការលេងក្នុងវគ្គផ្តាច់ព្រ័ត្រ ក្នុងពានរង្វាន់ដ៏ធំដូចនេះ ក៏ជាក្តីសុបិន្តគ្រប់កីឡាករបាល់ទាត់ទាំងអស់ដែរ៕»
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ