សម្ភាស​ស៊ិន វណ្ណារិទ្ធ៖ បង្កើត​គណបក្ស​ខ្មែរ​ឈប់​ក្រ ព្រោះ​«ពលរដ្ឋ​នៅ​តែ​ក្រ»

ជាគោលការណ៍ច្បាប់ គ្រប់គណបក្សនយោបាយត្រូវទទួលបានសិទ្ធិស្មើៗគ្នា នៅក្នុងការឃោសនារកសម្លេងឆ្នោត ដែល​នឹងឈានមកដល់ក្នុងពេលខាងមុខ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋកម្ពុជាក៏បានទន្ទឹងរងចាំក្នុងរវាង៥ឆ្នាំម្ដង ដែលជាសិទ្ធិ​សេរីភាពរបស់ខ្លួន ដើម្បីនឹងចង់ដឹងថា តើភូមិសាស្ត្រនយោបាយនៃប្រទេស ជាពិសេសតាមរយៈគណបក្ស​នយោបាយ​នានា មានការវិវត្តន៍ដល់កម្រិតណា។
សម្ភាស​ស៊ិន វណ្ណារិទ្ធ៖ បង្កើត​គណបក្ស​ខ្មែរ​ឈប់​ក្រ ព្រោះ​«ពលរដ្ឋ​នៅ​តែ​ក្រ»
លោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រ និងជាបេក្ខជននាយករដ្ឋមន្ត្រីរបស់បក្ស។ (រូបថតគណបក្ស)
Loading...
  • ដោយ: អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២៣ ឧសភា ឆ្នាំ២០១៣
  • កែប្រែចុងក្រោយ: May 29, 2013
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានធ្វើកិច្ចសម្ភាសជាមួយលោក ស៊ិន វណ្ណារិទ្ធ អគ្គលេខាធិការនៃគណបក្សខ្មែរឈប់ក្រ ពីគោលនយោបាយសំខាន់ៗ របស់បក្ស ក្នុងការចូលរួមការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ពេលខាងមុខ ដែលមានន័យដូចខាងក្រោម៖

មនោរម្យ.អាំងហ្វូ ៖ ដើម្បីចូលរួមក្នុងការឃោសនា ក៏ដូចជា ការចូលរូមបោះឆ្នោតនាថ្ងៃខាងមុខ សូមលោកអាចបង្ហាញ​នូវចំណុចសំខាន់ៗ នៃគោលនយោបាយរបស់គណបក្សខ្មែរឈប់ក្រ?

ស៊ិន វណ្ណារិទ្ធ ៖ បាទ! គណបក្សខ្មែរឈប់ក្រ មានគោលនយោបាយជាងដប់ចំណុច។ ហើយគោលនយោបាយ​ទាំងនោះ​មានតាំងពីឆ្នាំ២០០៨ មកម្លេះ។ ថ្ងៃនេះខ្ញុំសូមលើកតែប្រាំមួយចំណុចដែលសំខាន់ៗ ដូចតទៅ៖ ទីមួយកាត់បន្ថយ និង​ព្យាយាមបំបាត់ឲ្យអស់ភាពក្រីក្រ។ ទីពីរ បង្កើត និងរកការងារធ្វើឲ្យបានច្រើនសម្រាប់ប្រជាពលរដ្ឋ ជៀសវាងការធ្វើ​ចំណាកស្រុក។ ទីបីបញ្ឈប់ការរំលោភបំពានយកដីធ្លី ពីប្រជាពលរដ្ឋស្លូតត្រង់ ពីអ្នកមានអំណាចផ្តាច់ការ។ ទីបួន បំបាត់​អំពើពុករលួយ ដែលជាមេរោគមួយដែលស៊ីរួងផ្ទៃក្នុង ក្នុងសង្គមខ្មែរ និងសង្គមប្រជាធិបតេយ្យ បំបាត់តាំងពីថ្នាក់លើរហូត​ដល់ថ្នាក់ក្រោម។ ទីប្រាំលើកតំកើង វិស័យអប់រំ សិក្សា។ ទីប្រាំមួយផ្តល់ជំនួយដល់ចាស់ជរា និងជនពិការនូវថវិការ និង​ការធានារាប់រងផ្នែកសុខភាព។

មនោរម្យ.អាំងហ្វូ ៖ ចំពោះលោក នយោបាយទីប្រាំដែលលោកបានលើកឡើងថា លើកតំកើងវិស័យអប់រំ និងសិក្សា ចាប់បីថ្នាក់មតេយ្យ រហូតក្រោយឧត្តមសិក្សា។ លោកអាចបញ្ជាក់បានទេថា គោលនយោបាយនេះ ត្រូវសិក្សាដោយ​បង់​ប្រាក់ ឬមួយយ៉ាងណា? តើមានផែនការយ៉ាងណា ចំពោះការតំលើងប្រាក់ខែជូនគ្រូបង្រៀន?

ស៊ិន វណ្ណារិទ្ធ ៖ ករណីនេះគោលនយោបាយគណបក្ស តម្រូវឲ្យពលរដ្ឋខ្មែរដែលមានកូនចាប់ពីអាយុប្រាំឆ្នាំឡើងទៅ បញ្ជូនទៅរៀននៅសាលារដ្ឋដោយឥតបង់ថ្លៃ និងអាចបន្តនៅថ្នាក់ឧត្តមសិក្សា។ ជួយដល់កូនខ្មែរក្រីក្រឲ្យបាន​បន្ត​ការ​សិក្សារហូតបញ្ចប់ថ្នាក់ឧត្តមសិក្សា។ បើសិស្សនិសិ្សតទោះកូនអ្នកមាន ឬអ្នកក្រឲ្យតែមានចំណេះដឹង​អាចទៅបន្តការ​សិក្សានៅសហរដ្ឋអាមេរិច និងសហគមអ៊ឺរ៉ុប។ ចំពោះនិស្សិតដែលបានចេញទៅរៀននៅក្រៅប្រទេស ពេលត្រប់មកវិញ អាចមានជម្រើសក្នុងការធ្វើការងារ ទៅតាមជំនាញរបស់ខ្លួន ដែលទទួលបាននួវប្រាក់បៀវត្យ រហូតដល់ជាងមួយលាន​រៀល (ប្រមាណជាបីរយដុល្លា)។ ពិសេសពួកគេអាចប្រើនូវចំណេះដឹងទាំងនេះ ដើម្បីជួយស្តារ និងអភិវឌ្ឍន័ប្រទេស​ជាតិ​ខ្លួន​ ទាំងសេដ្ឋកិច្ច និងធនធានមនុស្ស។ សម្រាប់គ្រូបង្រៀនវិញ និងទទួលបានប្រាក់បៀវត្យយ៉ាងតិចពីមួយលានរៀល ទៅមួយលានប្រាំសែនរៀល សម្រាប់គ្រូទៅតាមកំរិតរបស់ខ្លួន។

មនោរម្យ.អាំងហ្វូ ៖ មួយទៀតចំពោះបញ្ហាដីធ្លីវិញ យើងសង្កេតឃើញថា មានទំនាស់ និងវិវាទកើតឡើងឥត់ឈប់ឈរ តែហាក់ដូចជាគ្មានដំណោះស្រាយពាមួយឲ្យបានជាក់លាក់នោះទេ ពិសេសទាក់ទងនឹងសម្បទានដីសេដ្ឋកិច្ចតែម្តង។ សម្រាប់គោលនយោបាយគណបក្សលោក ប្រសិនបើជាប់ឆ្នោត នឹងមានវិធានការដោះស្រាយយ៉ាងណានូវបញ្ហាខាងលើ?

ស៊ិន វណ្ណារិទ្ធ ៖ នេះជាគោលនយោបាយមួយសំខាន់ និងក្តៅ ដែលទាក់ទងនឹងបញ្ហារំលោភដីធ្លី នៅកម្ពុជា ជាច្រើនឆ្នាំ​មកនោះ គណបក្សខ្មែរឈប់ក្រ និងដោះស្រាយតាមវិធានការមានប្រសិទ្ធិភាព និងជោគជ័យ ដោយគ្មានជំលោះ។ យើង​នៅបន្តរការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោមការត្រួតពិនិត្យ និងកែទម្រងដីធ្លីសារជាថ្មី។ សម្បទានដី​សង្គមកិច្ច យើងនឹងធ្វើការចែកជូនប្រជាពលរដ្ឋក្រីក្រ ឲ្យមានផ្ទះ និងស្រែចំការ រស់នៅក្នុងជីវភាពសមរម្យ និងផ្តល់ជូន​នូវអ្នកជំនាញ ឬអ្នកបច្ចេកទេស ខាងកសិកម្ម ឧស្សាហកម្ម មកបណ្តុះបណ្តាល។ ឯការផ្តល់សម្បទានសេដ្ឋកិច្ចវិញ ត្រឹម​តែរយៈពេល២៥ឆ្នាំ ទៅ៣០ឆ្នាំ ប៉ុណ្ណោះ មិនឲ្យដល់៩៩ឆ្នាំទេ និងពិនិត្យមើលលក្ខណសម្បត្តិក្រុមហ៊ុនទាំងនោះ ថានឹងមាន​ការវិនិយោគពិតប្រាកដ និងមានគោលការមួយច្បាស់លាស់ ដែលនឹងទទួលបាននូវផលប្រយោជន៍ដល់ភាគីទាំងបី ។ ចំពោះក្រុមហ៊ុន គាត់នឹងទទួលបាននូវផលប្រយោជន៍ និងប្រាក់ចំណេញពីការវិនិយោគរបស់គាត់។ ចំពោះប្រជាពលរដ្ឋ ទទួលបានការងារធ្វើពីការវិនិយោគនោះ នឹងទទួលបាននូវប្រាក់ខែគោល២០០ដុល្លា ក្នុងមួយខែ និងការងារថែម​ម៉ោង​២ដុល្លាក្នុងមួយម៉ោង។ ក្នុងការកំណត់ប្រាក់ខែគោលនេះ ក៏រាប់បញ្ចូលទាំងកម្មករ និងកម្មការីធ្វើការតាមរោងចក្រផងដែរ។ សម្រាប់រដ្ឋវិញទទួលបាននូវការបង់ពន្ធត្រឹមត្រូវ តាមគោលនយោបាយ មានការវិនិយោគលើដីទំនេរ ដីព្រៃរិចរិល និងគ្មាន​ការកាប់បំផ្លាញព្រៃឈើ។

មនោរម្យ.អាំងហ្វូ ៖ ចំពោះគោលនយោបាយជួយដល់ចាស់ជរា តើលោកអាចបញ្ជាក់បន្ថែមបានទេថា នឹងជួយដោយ​វិធីណា ដែលអាចមានប្រសិទ្ធិភាព?

ស៊ិន វណ្ណារិទ្ធ ៖ ឧបត្ថមប្រាក់ដល់ចាស់ជរា ក្នុងម្នាក់២០ម៉ឺនរៀលក្នុងមួយខែ (ប្រមាណជា៥០ដុល្លាអាមេរិច) ដើម្បីការ​រស់​នៅ​បាន​សមរម្យ។ ផ្តល់សេវាផ្នែកសុខភាព ផ្តល់ជាជំរកស្នាក់នៅ ដែលហៅថាមណ្ឌលសម្រាប់ចាស់ជរា ។

មនោរម្យ.អាំងហ្វូ ៖ ទាក់ទងនិងការបង្កើតគណបក្សវិញ ហេតុអ្វីបានជាគណបក្សរបស់លោក សម្រេចដាក់ឈ្មោះថា «គណបក្សខ្មែរឈប់ក្រ»?

ស៊ិន វណ្ណារិទ្ធ ៖ ព្រោះយើងមើលឃើញថា ស្ថានភាពជាក់ស្តែងក្រោមការដឹកនាំ នៃអ្នកដឹកនាំមួយចំនួនព្រៃឈើ​កាន់តែ​អស់ ធនធានធម្មជាតិក៏អស់ ជំពាក់លុយបរទេសកាន់តែច្រើន ហើយ«ពលរដ្ឋនៅតែក្រ»ដដែល។ នេះសម្រាប់ផ្នែកជីវភាព និងការរស់នៅ។ ទាក់ទងនិងស្ថាប័នវិញ មានស្ថាប័នសំខាន់មួយចំនួនដូចជា ស្ថាប័ននីតិប្រតិបត្តិ ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ន​តុលាការ និងស្ថាប័នមួយទៀតជាស្ថាប័នសារព័ត៌មាន។ ស្ថាប័នទាំងនោះមិនឯករាជ្យ វាក៏«គ្មាននីតិរដ្ឋ»ដែរ សម្រាប់​តុលាការ (មិនឯករាជ្យ) រាល់ការកាត់ទោសទាំងអស់គ្មានភាពអព្យាក្រិត្យ និងមិនត្រឹមត្រូវ។ សរុបមកមានន័យថា «មាន​ច្បាប់ហើយតែក្រ ក្នុងការគោរពប្រតិបត្តិច្បាប់។ មានធម្មជាតិ ព្រៃឈើហើយតែ ក្រ ក្នុងការទប់ស្កាត់ និងថែរក្សានូវ​ធន​ធានធម្មជាតិទាំងនោះ។» នេះហើយដែលយើងចាត់ទុកថា«ក្រ» ទាំងអស់។ មានន័យថា «ក្រ»ទាំងការគ្រប់គ្រង​ប្រទេស​ជាតិ «ក្រ»ទាំងការរស់នៅ «ក្រ»ទាំងសេដ្ឋកិច្ច (...)។ ដូច្នេះយើងធ្វើឲ្យ«ខ្មែរឈប់ក្រ» ។ បើចង់ឲ្យខ្មែរឈប់ក្រ ត្រូវចូលរូម​ជាមួយគោលនយោបាយរបស់គណបក្សខ្មែរឈប់ក្រ តាមរយៈ«ការបោះឆ្នោតឲ្យគណបក្សខ្មែរឈប់ក្រ»។

សូមបញ្ជាក់ថា គណបក្សខ្មែរឈប់ក្រ ត្រូវបានបង្កើតឡើងដោយប្រជាពលរដ្ឋខ្មែរ ទាំងក្នុងនិងក្រៅប្រទេស កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ ២០០៧។ គណបក្សនេះដឹកនាំដោយលោក ក្រវ៉ាញ ដារ៉ន កើតនៅថ្ងៃទី១៩ ខែ ធ្នូ ឆ្នាំ១៩៥៦។ លោកបាន​បញ្ចប់ថ្នាក់សញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកមនុស្សសាស្រ្ត និងសង្គមសាស្រ្ត នៅសហរដ្ឋអាមេរិក។ បច្ចុប្បន្នលោក​ក៏ជាមន្ត្រី​ផ្នែក​សង្គមកិច្ច នៅសហរដ្ឋអាមេរិកផងដែរ។ គណបក្សខ្មែរឈប់ក្រ មានលោក ស៊ិន វណ្ណារិទ្ធជាអគ្គលេខាធិការ។

គណបក្សនេះបានចុះឈ្មោះនៅក្រសួងមហាផ្ទៃក្នុងឆ្នាំ២០០៨។ និងបានចូលរួមការបោះឆ្នោតក្នុងឆ្នាំ២០០៨ ដែលមាន​បេក្ខជនឈរឈ្មោះតែប្រាំពីរខេត្ត-ក្រុងប៉ុណ្ណោះ។ ឆ្នាំ២០១២ បានចូលរួមការបោះឆ្នោតឃុំ-សង្កាត់។ សម្រាប់នីតិកាល​ទីប្រាំ ទទួលចុះឈ្មោះជាផ្លួវការដោយ គ.ជ.ប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៣។ មណ្ឌលបេក្ខជនឈរឈ្មោះ​មាន​ចំនួន​២៣ ខេត្ត-ក្រុង លើកលែងខេត្តមណ្ឌលគីរី។ ក្នុងនោះមានបេក្ខជនឈរឈ្មោះសរុបចំនួន២៧១នាក់ ពេញសិទ្ធិ១២២ នាក់ បំរុង១៤៩ នាក់ ក្នុងនោះមានស្រ្តីចំនួន ៧៧នាក់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...