យ៉ង់ គឹមអេង៖ សម រង្សី អាចចូលរួមការបោះឆ្នោត បន្ទាប់ពីត្រូវបានលើកលែងទោស
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: July 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីមានការលើកលែងទោសលោក សម រង្សី បញ្ជាក់ដោយព្រះរាជក្រិត្រនៃព្រះមហាក្សត្រ ចុះថ្ងៃទី១២ខែកក្កដានេះ មតិជាច្រើនបានចោទសួរពីភាពស្របច្បាប់ នៃបុគ្គលសម រង្សី ទាក់ទងនឹងការចូលរួមការបោះឆ្នោត។ ទាក់ទងសាកសួរដោយមនោរម្យព័ងអាំងហ្វូ មន្ត្រីគ.ជ.ប. និងមន្ត្រីម្នាក់ទៀតពីខាងសង្គមស៊ីវិល បានពន្យល់ពីមតិពីរ ផ្ទុយគ្នាទាំងស្រុង។
លោក សម រង្សី ផ្ដល់កិច្ចសម្ភាសទៅឲ្យក្រុមអ្នកកាសែត។ (រូបថត AAP file)
មេដឹកនាំនៃគណបក្សប្រឆាំង លោក សម រង្ស៊ី ត្រូវបានព្រះមហាក្សត្រខ្មែរ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រោសព្រះរាជទាន លើកលែងទោសកាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៣ បន្ទាប់ពីមានសំណើអន្ដរាគមន៍ពីនាយករដ្ឋមន្ដ្រីលោក ហ៊ុន សែនចុះហត្ថលេខាក្នុងថ្ងៃដដែល។ ព្រះរាជទានលើកលែងទោសនេះ នឹងបើកផ្លូវឲ្យលោក សម រង្សី វិលត្រឡប់ចូលក្នុងប្រទេសកម្ពុជា ដោយមិនមានការប្រទាំងប្រទើស ដើម្បីចូលរួមក្នុងការបោះឆ្នោតសកលថ្ងៃទី២៨ខែកក្កដា ខាងមុខ។
ប៉ុន្តែគេនៅមិនទាន់ដឹងច្បាស់នៅឡើយ ថាតើនៅក្រោយមានការលើកលែងទោសនេះ លោក សម រង្សីអាចចូលរួម ក្នុងការបោះឆ្នោត ឈរឈ្មោះជាតំណាងរាស្ត្របានវិញ ឬមិនបាន។ មន្ត្រីពីខាងគណកម្មាធិការរៀបចំការបោះឆ្នោត បានថ្លែងឆ្លើយថា «មិនបានទេ» ដោយលោកយោងទៅលើច្បាប់របស់ប្រទេសកម្ពុជា ដែលនៅមានជាធរមាន។
លោក ទេព នីថា អគ្គលេខាធិការគ.ជ.ប បានបញ្ជាក់ថាលោក សម រង្សី អាចចូលរួមក្នុងយុទ្ធនាការនានារបស់គណបក្សលោកបាន តែលោកពុំមានសិទ្ធិក្នុងការចូលរួមបោះឆ្នោត និងឈរឈ្មោះជាតំណាងរាស្ត្រនោះទេ។ ដោយលោកបង្ហាញថា ពេលវេលានៃការចុះឈ្មោះទាំងពីរត្រូវបានបិទ និងបញ្ចប់ហើយ។ លោកបានពន្យល់ដោយខ្លីថា «បើគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត មិនអាចឈរឈ្មោះបានទេ តាមច្បាប់ដែលមានជាធរមានសព្វថ្ងៃនេះ»។
តែផ្ទុយនឹងការលើកឡើងខាងលើនេះ ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គឹមអេង បានឆ្លើយតបទៅនឹងករណីនេះ ដោយបានបញ្ជាក់ថា ការចុះឈ្មោះ និងឈរឈ្មោះជាបេក្ខជនតមណាងរាស្រ្ត វាជារឿងមួយងាយស្រួលនោះទេ ព្រោះថាការសម្របសម្រួលខាងនយោបាយ បានដំណើរការរួចទៅហើយនោះ។ លោកបានបញ្ជាក់ថាករណីនេះគ.ជ.ប ធ្លាប់បានធ្វើរួចម្តងហើយ នោះជាការចុះឈ្មោះ«ពិសេស»។
លោកបានពន្យល់ថា «គ.ជ.ប ត្រូវតែទទួលយកការសម្របសម្រួលខាងនយោបាយនេះ ហើយចុះឈ្មោះឲ្យគាត់មានសិទ្ធិបោះឆ្នោត និងឈរឈ្មោះជាតំណាងរាស្រ្ត ជាការស្រេចទៅហើយ (…) គាត់ជាប្រធានបក្ស ត្រូវតែផ្តល់នូវបែបបទពិសេសមួយសម្រាប់គាត់ ព្រោះគាត់ជាអ្នកចូលរួមប្រកួតប្រជែងមួយយ៉ាងសំខាន់។ គ.ជ.ប ក៏ត្រូវមានការសម្របសម្រួលខាងនយោបាយមួយដែរ ព្រោះនេះជារឿងនយោបាយ ហើយក៏មានការសម្របសម្រួលផ្នែកនយោបាយមួយ ត្រូវបានបញ្ចប់ដែរ។»
លោក យ៉ង់ គឹមអេង បានបន្តរថា ករណីលើកទីមួយ លោក សម រង្សី នៅតែអាចចុះឈ្មោះបាន ដូច្នះករណីទីពីរនេះនៅតែអាចធ្វើទៅបានដូចគ្នា។ លោក សម រង្សី ជាប្រធានបក្ស ដូច្នេះគាត់ត្រូវតែមានឈ្មោះ ដើម្បីចូលរួមក្នុងការបោះឆ្នោត។
មនោរម្យព័ងអាំងហ្វូ មិនអាចសុំការបំភ្លឺបានទេនៅល្ងាចនេះ ពីលោក សុន ឆ័យ ដោយលោកពុំទទួលទូរសព្ទ័។
នៅក្នុងសារជាភាសាអង់គ្លេសមួយ ដែលលោក សម រង្សី បានផ្សាយនៅលើទំព័រផ្លូវការរបស់លោក ក្នុងបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ខែកក្កដានេះ បាននិយាយថា «ការត្រឡប់ចូលមកក្នុងប្រទេសរបស់ខ្ញុំក្នុងវេលានេះ មិនមានន័យថា បានបង្កើតនូវការបោះឆ្នោតមួយ សេរី និងយុត្តិធម៌នៅកម្ពុជា ដូចអ្វីដែលបានកំណត់ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១នោះទេ ហើយក៏មិនទាន់ធ្វើឲ្យមានការរីកចម្រើនទៅមុខ នូវកំណែទម្រង់គណកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះដែរ។»
គួរបញ្ជាក់ថា អវត្តមានរបស់លោក សម រង្ស៊ី បានកើតមានឡើងតាំងពីអំឡុងខែតុលា ឆ្នាំ២០០៩មក ដោយសារតែលោកបានធ្វើការនិរទេសខ្លួនទៅបរទេស បន្ទាប់ពីតុលាការកម្ពុជាបានផ្តន្តាទោស ឲ្យជាប់ពន្ធនាគាររយៈពេលជាង១០ឆ្នាំ ពីបទដកតម្រុយបង្គោលព្រះដែន កម្ពុជា-វៀតណាម នៅស្រុក ចន្ទ្រា ខេត្ត ស្វាយរៀង និងក្លែងឯកសារសាធារណៈ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១២ កក្កដា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ