បាតុកម្ម​ប្រឆាំង​កឹម សុខា ថ្ងៃទី៩មិថុនា មាន​ការ​ចូលរួម​ពី​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា

ភ្នំពេញ៖ បន្ទាប់ពីផុតឳសានុវាទ ដែលកំណត់ឲ្យលោកកឹម ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មកធ្វើការសុំទោសនោះ លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង បានកំណត់នឹងដឹកនាំមហាជនជាង២ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ។ សម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានគ្រោងនឹងដឹកនាំកម្មករ កម្មការិនី​ចូលរួមជាមួយ ក្នុងបាតុកម្មនេះដែរ។
Loading...
  • ដោយ: លោក គិន
  • កែប្រែចុងក្រោយ: June 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ បន្ទាប់ពីផុតឳសានុវាទ ដែលកំណត់ឲ្យលោកកឹម ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មកធ្វើការសុំទោសនោះ លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង បានកំណត់នឹងដឹកនាំមហាជនជាង២ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ខាងមុខនេះ។ សម្ព័ន្ធសហជីពជាតិកម្ពុជា ក៏បានគ្រោងនឹងដឹកនាំកម្មករ កម្មការិនី​ចូលរួមជាមួយ ក្នុងបាតុកម្មនេះដែរ។


លោក ជុំ ម៉ី អតីតអ្នកទោសនៅគុកទួលស្លែង បង្ហាញពីសៀវភៅសាលក្រម របស់អតីតមេគុកកាំង ហ្គេចអៀង ហៅឌុច។ (រូបថត សាលាក្ដីខ្មែរក្រហម)

ថ្លែងនៅក្នុងសនិ្នសីទកាសែត នៅគុកទួលស្លែង នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៣ លោក ជុំ ម៉ី បានមានប្រសាសន៍ថា បាតុកម្មប្រឆាំងលោក កឹម សុខា នឹងធ្វើឡើង នៅថ្ងៃទី ៩ ខែ មិថុនា នៅឯទីលានប្រជាធិបតេយ្យ ដោយមានជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ចូលរួមជាង២ ម៉ឺននាក់។ លោកបានថ្លែងថា ៖«ក្រុមជនរងគ្រោះក្នុងរបបខ្មែរក្រហម គឺចង់ឲ្យលោក កឹម សុខា ធ្វើការសុំទោស ចំពោះអ្វីដែលខ្ញុំបានស្តាប់ឮ ដែលបានលើកឡើងថា ទួលស្លែង ជាគុកសិប្បនិម្មិត្ត រៀបចំដោយ​វៀតណាម ដោយគ្មានការធ្វើទារុណកម្ម និងការសម្លាប់មនុស្ស ក្នុងរបបខ្មែរក្រហមឡើយ»។

លោកបានឲ្យដឹងទៀតថា បន្ទាប់ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យមក នឹងមានការដើរហែក្បួន ដោយមានអ្នកចូលរួម ២០០០ នាក់ ចេញពីទីលានប្រជាធិបតេយ្យ ឆ្ពោះទៅកាន់ទីស្នាក់ការគណបក្សសង្គ្រោះជាតិ។ លោកបានឲ្យដឹងទៀតថា ៖«អ្វីដែលខ្ញុំធ្វើ គឺក្នុងនាមជនរងគ្រោះ ពុំមានគណបក្សនយោបាយណា នៅពីក្រោយខ្នងនោះទេ។ រីឯរឿងរបស់លោកប៊ូ ម៉េងមិនចូលរួម គឺជារឿងរបស់គាត់»។

លោក សោម អូន ប្រធានសម្ព័ន្ធសហជីពជាតិកម្ពុជា បានមានប្រសាសន៍ថា ក្រុមប្រឹក្សាសហជីពកម្ពុជាមានសមាជិក ៨០% នៃកម្មករ កម្មការិនីទាំងអស់នៅទូទាំងប្រទេស ដែលមានចំនួនសរុបជាង ៦០ ម៉ឺននាក់ នឹងចូលរួមគាំទ្រជាមួយ​អតីត​អ្នកទោសគុកទួលស្លែង ដើម្បីធ្វើបាតុកម្ម ប្រឆាំងនឹងការលើកឡើង គ្មានការទទួលខុសត្រូវរបស់លោក កឹម សុខា ពីព្រោះ​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បាននិយាយនោះគឺជាគំនិតទុច្ចរិតមួយ ចង់ជីកកប់នូវប្រវត្តិសាស្ត្រប្រទេសកម្ពុជា។ លោកបានថ្លែងឲ្យដឹងទៀតថា ៖«សម័យខ្មែរក្រហម គឺជារបបមួយដែលពិភពលោកទទួលស្គាល់ថា ជារបបប្រល័យ​ពូជសាសន៏ ទើបនៅពេលបច្ចុប្បន្ននេះ មានតុលាការដែលមានការចូលរួម ពីអង្គការសហប្រជាជាតិ កាត់ទោសពួក​អតីត​មេដឹកនាំជាន់ខ្ពស់នៃរបបនេះ»។

លោកបានបន្តទៀតថា ការនិយាយគ្មានការទទួលខុសត្រូវរបស់ លោក កឹម សុខា គឺជាការនិយាយប្រមាថ ទៅដល់​វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ក្នុងរបប ខ្មែរក្រហម ជាពិសេសប្រមាថមើលងាយអ្នកស្លាប់នៅក្នុងគុកទួលស្លែង ដែល​មានអ្នកស្លាប់ជាង១ម៉ឺននាក់។ លោកបានបន្តថា៖ “ការប្រមាថនេះ ប៉ះពាល់ដល់ការឈឺចាប់ ដល់ប្រជាពលរដ្ឋខ្មែរ​ទូទាំង​ប្រទេស បើសិនជាលោក កឹម សុខា ពុំមានការសុំទោសនោះទេ នឹងមានចលនាបាតុកម្មអហឹង្សា បះបោរ ទាមទារឲ្យលោក កឹម សុខា ទៅធ្វើការសុំទោសឲ្យទាល់តែបាន ហើយចលនាបាតុកម្មនេះ នឹង កើតមាននៅទូទាំងប្រទេស ដើម្បីថ្កោល​ទោសលោក កឹម សុខា»។

ដោយឡែក ពីរដ្ឋសភាជាតិ លោក ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា បានមានប្រសាសន៍ថា សេចក្តីស្នើច្បាប់ ស្តីពី ការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ នឹងដាក់ចូលក្នុងការប្រជុំវិសាមញ្ញរដ្ឋសភាពេញអង្គ នៅថ្ងៃទី៧ ខែមិថុនា ខាងមុខនេះ ដែលមានចំនួនមួយជំពូក និងមាន ៥ មាត្រា និងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ ខែ ទៅ ២ ឆ្នាំ និងពិន័យជាប្រាក់ពី ១ លានរៀល ទៅ ៤ លានរៀល។

គួររំលឹកថា កំដៅប្រតិកម្មនេះបានកើតឡើង បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងវាយប្រហារទៅលើលោក កឹម សុខា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣ ថា លោកកឹម សុខា បានចាត់ទុកគុកទួលស្លែង ឬមន្ទីរស២១ ជាគុក​សិប្បនិម្មិត្តរបស់ខ្មែរក្រហម ដែលរៀបចំឡើងដោយវៀតណាម។ លោក កឹម សុខា ពុំអាចធ្វើការទំនាក់ធ្វើការ​អត្ថាធិប្បាយ​បានទេ ដោយលោកបានចេញទៅអាមេរិក ប៉ុន្តែលោកធ្លាប់បានធ្វើការបដិសេធរូចហើយ ថា«មិនសុំទោសទេ»នៅក្នុង​សន្និសីទកាសែត កាលពីព្រលប់ថ្ងៃទី២៩ ខែឧសភា។

រហូតមកទល់នឹងម៉ោងនេះ នៅមិនទាន់មានប្រភពឯករាជ្យណាមួយ បានបញ្ជាក់​ពី​ឯកសារសម្លេង ដែលថ្លែងដោយ​លោក​កឹម សុខា នោះ ក្រៅពីឯកសារសម្លេង ដែលចាក់ផ្សាយដោយរដ្ឋាភិបាលនោះបាននៅឡើយ។ មតិមួយចំនួន បាន​ដាក់​ទម្ងន់ទៅលើបាតុកមនេះ ថាជាការរៀបចំឡើង «តាមបែបនយោបាយ» ដើម្បីប្រឆាំង​មេដឹកនាំគណបក្ស​ប្រឆាំង ជាពិសេសនៅក្រោយការថ្លែងរបស់ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បុរសខ្លាំងតែមួយគត់នៅកម្ពុជា៕

----------------------------------------------------
ដោយ៖ គិន ង៉ុយ - ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...