ចំណាយ១៥លានអ៊ឺរ៉ូ ដើម្បីកំសាន្ដ«ឌីស្នេឡេន»នៃទីក្រុងប៉ារីស ៣ថ្ងៃតែឯង
ព្រះអង្គម្ចាស់មួយអង្គនៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានចំណាយប្រាក់ ១៥លានអ៊ឺរ៉ូ (ប្រមាណជា១៩លានដុល្លាអាមេរិក) កាលពីចុងខែឧសភានេះ ដើម្បីទិញដាច់ នូវការចូលកំសាន្ដក្នុងឧទ្យានកន្ត្រាក់អារម្មណ៍ «ឌីស្នេឡេន (Disneyland)» នៃទីក្រុងប៉ារីសប្រទេសបារាំង។ គ្រប់ការសម្ដែង និងកម្មវិធីនៅក្នុងឧទ្យានកំសាន្តមួយផ្នែក ត្រូវបិតទ្វាសម្រាប់សាធារណជនទូទៅ តែផ្ទុយទៅវិញ ត្រូវបានសម្រិតសម្រាំងសម្រាប់ព្រះអង្គម្ចាស់ និងភ្ញៀវរបស់ព្រះអង្គម្ចាស់ប្រមាណជា ៦០នាក់។
ឧទ្យានកន្ត្រាក់អារម្មណ៍ «ឌីស្នេឡេន (Disneyland)» នៃទីក្រុងប៉ារីស ក្នុងពេលរាត្រី។
ព្រះអង្គម្ចាស់ ហ្វាដអាល សាអ៊ូល (Fahd al-Saoud) បានស្នាក់នៅក្នុងតំបន់នោះ (Marne-la-Vallée) រវាងពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ខែឧសភាកន្លងទៅ ហើយត្រូវបានកាសែតក្នុងស្រុករបស់បារាំង ដកស្រង់សេចក្ដីរាយការណ៍របស់ប្រភពមួយ យកមកចុះផ្សាយនៅដើមខែមិថុនានេះ។
ក្រុមហ៊ុនគ្រប់គ្រងឧទ្យាន ឌីស្នេឡេន ដែលជាឧទ្យានតែមួយគត់នៅអ៊ឺរ៉ុប និងទីពីរបន្ទាប់ពីឧទ្យានកំសាន្ដ ឌីស្នេឡេន នៅអាមេរិក បានឆ្លើយតបនឹងការចង់ដឹងរបស់អ្នកកាសែតថា «ព្រឹត្តិការណ៍នោះ ត្រូវបានរៀបចំឡើង ជាលក្ខណៈឯកជនសុទ្ធសាធ ដោយសេវាកម្មមួយរបស់ ក្រុមហ៊ុន ដែលបើកធ្វើសម្រាប់តែ អតិថិជនពិសេសៗ»។
ប្រភពបានបង្ហើបឲ្យដឹងថា ដើម្បីជាការអបអរសាទរសញ្ញាប័ត្រថ្មី ព្រះអង្គម្ចាស់ដែលមានលុយក្រាស់ក្រែលរូបនេះ បានចូលមកស្នាក់នៅក្នុងឧទ្យាន និងបានបានទិញជួលឧទ្យានដាច់សម្រាប់រយៈពេលបីថ្ងៃ ក្នុងនោះទីកន្លែងមួយចំនួន ត្រូវបានកក់ទុកសម្រាប់ទុកឲ្យព្រះអង្គម្ចាស់ ហើយនឹងនៅពេលព្រឹកមុនបើកទ្វា និងពេលយប់ក្រោយពេលបិទទ្វាឧទ្យាន។
ព្រះអង្គម្ចាស់ បានអញ្ជើញភ្ញៀវពិសេសៗ ចំនួនជាង៦០នាក់ ដែលសុទ្ធសឹងជាមិត្តភ័ក្ររបស់ព្រះអង្គម្ចាស់ ប៉ុន្តែក៏មានផងដែរភ្ញៀវធម្មតាៗ របស់ឧទ្យាន។ កម្មវិធីសម្ដែងមួយចំនួន ត្រូវបានរៀបចំ ដើម្បីទុកសម្រាប់តែភ្ញៀវពិសេសៗទាំងនេះ។ ប្រភពដដែលនោះ បានបញ្ជាក់ទៀតថា ក្រុមការពារសន្តិសុខពិសេសមួយ ក៏ត្រូវបានគេរៀបចំធ្វើយ៉ាងតឹងរឹងដែរ នៅក្នុងដំណើរកំសាន្ដនេះ ជាពិសេសផ្លូវចូលដ៏សំខាន់របស់ឧទ្យាន ត្រូវបានគេហាមឃាត់មិនឲ្យមានអ្នកឆ្លងកាត់ទេ។
សូមបញ្ជាក់ថា ឧទ្យានកំសាន្ដកន្ត្រាក់អារម្មណ៍ ឌីស្នេឡេន បានទទួលការចូលមកកំសាន្ដប្រមាណជា ១៦លាននាក់ ក្នុងឆ្នាំ២០១២កន្លងទៀត ហើយចំណូលមួយផ្នែករបស់ឧទ្យានបានមកពីការមកកំសាន្ដរបស់អតិថិជន«ពិសេស» ជាលក្ខណៈឯកជន៕
------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី០' ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ