អាហ្សង់ទីន៖ រថភ្លើងបុកគ្នា ស្លាប់បីនាក់របួសជាង២០០នាក់ (VDO)
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: June 14, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការប៉ះទង្គិចគ្នារវាងរថភ្លើងដឹកអ្នកដំណើរពីរខ្សែ នៅតំបន់ជាយក្រុងប៊ុយណូស៍អ៊ែរ (Buenos Aires) ប្រទេសអាហ្សង់ទីន បានបង្កឲ្យយ៉ាងហោចណាស់មនុស្សបីនាក់ស្លាប់ និងច្រើនជាង២០០នាក់រងរបួស ខណៈពេលមានមនុស្សជិះពេញប្រៀប នៅវេលាព្រឹកថ្ងៃទី១៣ខែមិថុនានេះ។
(រូបថត Enrique Marcarian/Reuters)
ជាគ្រោះថ្នាក់កើតនៅលើខ្សែរថភ្លើងដដែល ដែលរដ្ឋាភិបាលបានដាក់ក្នុងការឃ្លាំមើល ក្រោយពីគ្រោះថ្នាក់ដ៏ធំមួយ កាលពីឆ្នាំកន្លងទៅ ដែលធ្វើឲ្យមានមនុស្សស្លាប់៥១នាក់។ រថភ្លើងទាំងពីរបានបុកគ្នានៅវេលាម៉ោង ៧និង៧នាទី រវាងស្ថានីយ៍ម៉ូរ៉ុង (Moron) និងកាស្ទើឡា (Castelar) នៅលើខ្សែរត់ សាមីអេនតូ (Sarmiento) ដែលភ្ជាប់តំបន់ជាយក្រុងខាងលិចនៃទីក្រុងប៊ុយណូស៍អ៊ែរ ទៅកាន់ស្ថានីយ៍មួយនៅកណ្ដាលក្រុង។
ភ្នាក់ងារអយស្ម័យយានជាតិបានបញ្ជៀសមូលហេតុបច្ចេកទេស ដែលអាចបណ្ដាលមកពីចាប់ហ្វ្រាំងមិនស៊ី ប៉ុន្តែទំនងជាបានទម្លាក់កំហុស ទៅលើអ្នកបើកបររថភ្លើងនោះខ្លួនឯង។
ភ្នាក់ងារអយស្ម័យយានបានពន្យល់ទៀតថា រូបភាពពីលើអាកាសបានបង្ហាញថា រថភ្លើងបានចាប់ហ្វ្រាំងធម្មតា នៅស្ថានីយសំចតរបស់ខ្លួនដំបូងមួយ មុនពេលដែលវាបានជ្រុលល្បឿនរបស់វា ហួសការផ្ដល់សញ្ញាចំនួនបួនលើកផ្ទួនគ្នា ដោយមិនបានឈប់រហូតដល់មានការជល់គ្នាជាមយយនឹងរថភ្លើងមួយទៀត នៅចន្លោះស្ថានីយសំចត។
អ្នកបើករថភ្លើង និងអ្នកជំនួយការ បានរួចរស់មានជីវិត តែមិនទាន់អាចនិយាយអ្វីបាននៅឡើយ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន ផ្លរ៉ងស៊ីយ៉ូ រ៉ង់ដាស៊ូ (Florencio Randazzo) បានអំពាវនាវទៅប្រជាជនឲ្យរក្សាការស្ងប់ស្ងៀម និងទន្ទឹងរងចាំក្នុងពេលដែលអាជ្ញាធរកំពុងដឹកនាំការស៊ើបអង្កេត។
សាក្សីបានឲ្យដឹងថា ហេតុការណ៍បានកើតឡើង ឮសម្លេងដូចជាការផ្ទុះមួយ បង្កការរញ្ជួយដល់ជញ្ជាំងផ្ទះនៅក្បែរនោះ ហើយទូរថភ្លើងជាច្រើន បានរត់ចេញពីផ្លូវ។ អ្នកដំណើរមួយចំនួនបានបំបែកកញ្ចក់ទូរថភ្លើង រំដោះខ្លួនចេញ ហើយដើរតាមបណ្ដោយផ្លូវដែក តែអ្នកដំណើរភាគច្រើនសុខចិត្តរងចាំ រហូតដល់ការជួយសង្គ្រោះបានមកដល់។
អាជ្ញាធរបានអះអាងថា យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់បាត់បង់ជីវិត ហើយមន្ទីរពេទ្យចំនួនបួននៅក្នុងតំបន់ បានទទួលមនុស្សរបួសច្រើនជាង២០០នាក់។ អ្នករបួសមួយចំនួនធំ បានរងគ្រោះនឹងការប៉ះពាល់សន្លាក់ ឬឆ្អឺង។ ប៉ុន្តែក្នុងចំណោមនោះ អ្នករបួសចំនួនប្រាំនាក់ ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរ និងយុវជនម្នាក់ បានបាក់ជើងរបស់ខ្លួនមួយចំហៀង៕
សូមទស្សនាវីដេអូព័ត៌មាន ស្ដីពីហេតុការណ៍នេះដូចតទៅ៖
-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ