បាល់ទាត់អង់គ្លេស៖ ផ្អើលថាតោខៀវឆែលស៊ី ចង់ទិញកីឡាកររៀលម៉ាឌ្រីដ៥រូប
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 27, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខណៈដែលរដូវកាលថ្មីខាងមុខ លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) នឹងត្រឡប់ទៅដឹកនាំក្រុមតោខៀវឆែលស៊ី (Chelsea) វិញនោះ មានកាសែតជាច្រើនបានចេញផ្សាយថា គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ មានបំណងចង់នាំយកអតីតកូនក្រុមរបស់គាត់ជាច្រើនរូប ទៅកាន់កីឡាដ្ឋានស្តេមហ្វដប្រីជ្ជ (Stamford Bridge - កីឡាដ្ឋានក្រុមឆែលស៊ី)។
ក្រុមតោខៀវឆែលស៊ី ឈ្នះពានរង្វាន់អ៊ឺរ៉ូប៉ាឆ្នាំ២០១៣។
ហ្គោលដតខម (Goal.com) បានចេញផ្សាយថា លោកម៉ូរីញ៉ូ ចង់នាំយកអ្នកចាំទីវ័យ៣១ឆ្នាំ ឌីកូ ឡូប៉េស (Diego Lopez) មកកាន់ទីក្រុងឡុងដ៏ ខណៈដែលអ្នកចាំទីរូបនេះនឹងត្រូវក្លាយជាកីឡាករបម្រុងវិញ នៅពេលដែលអ្នកចាំទីជម្រើសជាតិអេស្ប៉ាញអ៊ីកឺ ហ្គាស៊ីឡាស (Iker Casillas) ជាពីរបួសវិញនៅរដូវកាលក្រោយ។ ឡូប៉េស នឹងត្រូវមកប្រជែងជាមួយអ្នកចាំទីអន្តរជាតិឆែក ផិតធឺ ស៊ែក (Petr Cech) ដើម្បីរកអ្នកខ្លាំង ជាជម្រើសទី១។
កាសែតបារាំងឡេ១០ស្ពត (Le10sport) បានប្រកាសថា លោកជូសេ ម៉ូរីញ៉ូ នឹងនាំយកខ្សែការពារស្លាបឆ្វេងរបស់ក្រុមរៀលម៉ាឌ្រីដ ហ្វាប៊ីអូ ខុនត្រាវ (Fabio Coentrao) មកកាន់ទឹកដីប្រទេសអង់គ្លេសដែរ ខណៈដែលកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះ ពុំសូវបានជាប់ជម្រើសដំបូងនោះទេ នៅក្នុងក្រុមរៀលម៉ាឌ្រីដ ព្រោះខ្សែការពារឆ្វេងនេះ មានកីឡាករប្រេស៊ីលម៉ាស្ស៊េឡូ (Marcelo) កំពុងតែលេងបានយ៉ាងល្អ។ ហើយលោកម៉ូរីញ៉ូ ចង់នាំយកកីឡាករវ័យ២៥ឆ្នាំរូបនេះ មកជំនួសកីឡាករអាស្លី ខូល (Ashley Cole) ដែលមានវ័យ៣២ឆ្នាំហើយនោះ។
កាសែតដៀលីអេចប្រេស៏ (Daily Express) ជឿថាលោកម៉ូរីញ៉ូ នឹងនាំយកខ្សែការពារវ័យក្មេងរបស់បារាំង រ៉ាផាអែល វ៉ារ៉េន (Raphael Varane) មកចូលរួមជាមួយក្រុមឆែលស៊ី នៅរដូវក្តៅនេះ។ កីឡាករវ័យ២០ឆ្នាំរូបនេះ បានចូលលេងឲ្យរៀលម៉ាឌ្រីដឈុតធំជាច្រើនលើកដែរ នៅរដូវកាលនេះ ហើយគាត់ត្រូវបានគេហៅថា កំពូលខ្សែការពារវ័យក្មេងល្អបំផុតរបស់ពិភពលោក។
កាសែតអង់គ្លេសឌឹសាន់ (The Sun) បានចេញផ្សាយថា លោកម៉ូរីញ៉ូ អាចនឹងធ្វើការបញ្ចុះបញ្ចូល កីឡាករខ្សែបម្រើលូកា ម៉ូឌ្រីក (Luka Modric) ឲ្យត្រឡប់មកកាន់ក្របខ័ណ្ឌព្រីមែលីក (Premier League) វិញនៅរដូវក្តៅនេះ។ កីឡាករអន្តរជាតិក្រូអាតវ័យ២៧ឆ្នាំ បានផ្ទេរពីកីឡាដ្ឋានវាយហាតឡែន (White Hart Lane៖ កីឡាដ្ឋានក្រុមទតិនហេម ហតស្ពឺ) ទៅកាន់កីឡាដ្ឋានបឺណាប៊ូ (Bernebeu៖ កីឡាដ្ឋានក្រុមរៀលម៉ាឌ្រីដ) ក្នុងតម្លៃជិត៥០លានដុល្លា ប៉ុន្តែត្រូវបានអ្នកគាំទ្ររបស់ក្រុមបោះឆ្នោតថា ជាការទិញដ៏អាក្រក់ជាងគេប្រចាំឆ្នាំ។
ខ្សែបម្រើការពារអន្តរជាតិអាឡឺម៉ង់ សាម៊ី ឃេឌីរ៉ា (Sami Khedira) ជាកីឡាករសំខាន់សម្រាប់ក្រុមរៀលម៉ាឌ្រីដ ចាប់តាំងពីផ្ទេរមកពីក្រុមស្ទូដហ្គាដ (Stuttgart) កាលពីឆ្នាំ២០១០ ទៅកាន់ប្រទេសអេស្ប៉ាញ។ ហើយលោកជូសេ ម៉ូរីញ៉ូ ក៏សំលឹងឃើញ និងចង់នាំយកកីឡាករវ័យ២៦ឆ្នាំរូបនេះ ទៅកាន់កីឡាដ្ឋានស្តេមហ្វដប្រិជ្ជដែរ នេះបើតាមកាសែតអង់គ្លេសអេវីនិងស្តែនដាដ (Evening Standard) បានរាយការណ៏។
ឃេឌីរ៉ា ត្រូវបានគេដឹងថា គាត់មានទំនាក់ទំនងយ៉ាងល្អជាមួយលោកម៉ូរីញ៉ូ ហើយគាត់ក៏ជាកីឡាករមួយរូបដំបូងគេ ដែលលោកម៉ូរីញ៉ូទិញ កាលពីគាត់ទៅដឹកនាំក្រុមរៀលម៉ាឌ្រីដលើកដំបូងដែរ។ លោកម៉ូរីញ៉ូ ចង់នាំយកកីឡាករអាឡឺម៉ងរូបនេះ ដើម្បីមកបំពេញកន្លែងចន្លោះប្រហោងរបស់ក្រុមឆែលស៊ី នៅផ្នែកខ្សែបម្រើការពារកណ្តាល៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ