អនាគតខ្សែប្រយុទ្ធអ៊ីប្រាហ៊ីម៉ូវីក មិនច្បាស់លាស់ បើគ្រូបង្វឹកចាកចេញ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: May 27, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករខ្សែប្រយុទ្ធក្រុមប៉ារីស ហ្សិនជឺម៉ិន (Paris Saint-Germain) ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក (Zlatan Ibrahimovic) បាននិយាយកាលពីថ្ងៃអាទិត្យម្សិលមិញថា គាត់មិនដឹងថា គាត់នឹងអាចនៅបន្តជាមួយក្រុមម្ចាស់ជើងឯកលីក១ (Ligue 1) របស់បារាំងតទៅទៀត ឬយ៉ាងណានោះទេ នៅរដូវកាលក្រោយ បើលោកគ្រូបង្វឹកកាឡូ អេនសេឡូទី (Carlo Ancelotti) ពិតជាចាកចេញមែននោះ។
ស្លាតាន់ អ៊ីប្រាហ៊ីម៉ូវីក កីឡាករខ្សែប្រយុទ្ធក្រុមប៉ារីស ហ្សិនជឺម៉ិន។
អ៊ីប្រាហ៊ីម៉ូវីក ដែលមកចូលរួមជាមួយក្រុមប៉ារីស កាលពីខែកក្កដា ហើយនៅសល់កិច្ចសន្យារយះពេល២ឆ្នាំទៀតនោះ បានប្រាប់ដល់ទូរទស្សន៏បារាំង TF1 ថា «នៅពេលដែលគេសួរខ្ញុំថា តើអនាគតរបស់ខ្ញុំ ទៅជាយ៉ាងណា បើលោកអេនសេឡូទី ចាកចេញនោះ។ ខ្ញុំពិតជាមិនដឹងមែន ហើយក៏មិនមែនជារឿងងាយស្រួលដែរ។»
កីឡាករវ័យ៣១ឆ្នាំ បានបន្តថា «ខ្ញុំមិនចង់ឲ្យគ្រូបង្វឹកចាកចេញទេ។ សម្រាប់ខ្ញុំ ខ្ញុំយល់ថាគាត់ធ្វើការបានល្អខ្លាំងណាស់ ព្រោះគាត់មានទំនាក់ទំនងយ៉ាងល្អជាមួយក្រុម។ ខ្ញុំធ្លាប់ធ្វើការជាមួយគ្រូបង្វឹកល្បីៗជាច្រើនដែរ ប៉ុន្តែមិនដែលជួបគ្រូបង្វឹករូបណា ដែលមានទំនាក់ទំនងល្អ ជាមួយនឹងកីឡាករគ្រប់រូបដូចគាត់ទេ។ ខ្ញុំមិនដែលជួបគ្រូបង្វឹកដូចជាលោកអេនសេឡូទីទេ សម្រាប់ខ្ញុំ វាពិតជាមានអ្វីថ្មីៗខ្លះ ប៉ុន្តែខ្ញុំពិតជាពេញចិត្តខ្លាំងណាស់។»
ខ្សែប្រយុទ្ធអន្តរជាតិស៊ុយអែត បានបន្តថា «ខ្ញុំធ្លាប់ធ្វើការជាមួយលោកម៉ូរីញ៉ូ (Mourinho) និងលោកកាប៉េឡូ (Capello) ដែលបានធ្វើឲ្យខ្ញុំមានការរីកចំរើន ប៉ុន្តែវិធីសាស្ត្ររបស់លោកអេនសេឡូទី មានភាពកក់ក្តៅជាង។ គាត់ធ្វើឲ្យកីឡាករពេញចិត្ត នូវការទទួលខុសត្រូវរបស់ពួកគេ និងធ្វើឲ្យពួកគេមានទំនុកចិត្តខ្លាំង ហើយខ្ញុំពិតជាចូលចិត្តដូចនោះ។ នៅពេលដែលយើងធ្វើបានល្អ និងជោគជ័យ ខ្ញុំសង្ឃឹមថាគាត់មិនចាកចេញនោះទេ។»
ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមបារីស ដែលរកគ្រាប់បាល់បញ្ចូលទីបាន២៩គ្រាប់ក្នុងលីក នៅរដូវកាលនេះ បានបន្ថែមថា «នរណាដែលត្រូវមក ហើយនរណាដែលត្រូវមកដឹកនាំក្រុមប៉ារីស? យើងមិនត្រូវការគ្រូបង្វឹក ដែលគ្រាន់តែមកដឹកនាំក្រុមបារាំងមួយនោះទេ ប៉ុន្តែយើងត្រូវការគ្រូបង្វឹកអន្តរជាតិ ជាមួយនឹងកីឡាករក្នុងក្រុមខ្លាំងៗ។»
លោកអេនសេឡូទី ដែលបានមកជំនួសដំណែងលោកអេនតុន ខមបួរ (Antoine Kombouare) កាលពីខែធ្នូរ ឆ្នាំ២០១១ បានប្រកាសកាលពីសប្តាហ៏មុនថា គាត់នឹងចាកចេញពីក្រុមម្ចាស់ជើងបារាំងមួយនេះ ហើយនឹងទៅដឹកនាំក្រុមយក្សរបស់អេស្ប៉ាញរៀលម៉ាឌ្រីដ (Real Madrid) ដោយគ្រាន់តែប្រាប់ថា នោះជាជម្រើសផ្ទាល់ខ្លួនរបស់គាត់។
ប៉ុន្តែទោះបីជាយ៉ាងណា ម្ចាស់ក្លឹបលោកណាសឺ អាល់ឃេឡៃហ្វី (Nasser al-Khelaifi) និងនាយកកីឡាលីអូណាដូ (Leonardo) បាននិយាយថា ពួកគាត់រំពឹងថាបុរសសញ្ជាតិអ៊ីតាលីរូបនោះ នឹងគោរពទៅតាមកិច្ចសន្យារបស់គាត់ ខណៈដែលសល់រយះពេល១ឆ្នាំទៀត ទើបបញ្ចប់កិច្ចសន្យា៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ