ទីក្រុងមានីល លិចលង់ដោយសារ ភ្លៀងម៉ូសុង
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: August 08, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្លៀងម៉ូសុង បានស្រោចស្រពយ៉ាងខ្លាំង នៅក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ទៅលើកោះហ្វីលីពីន ហើយបានបង្ក អោយទៅជាទឹកជំនន់ យ៉ាងជោរជន់ នៅក្នុងទីក្រុងម៉ានីល។ ទឹកជំនន់ដែលបានផ្ដាច់ លែងអោយមានដំណើរការ នូវសេវាកម្មដឹកជញ្ជូន រដ្ឋបាល សាលារៀន និងស្ថាប័នផ្សេងៗទៀតជាច្រើន។ តាមដំណឹង ដែលទើបតែនឹងធ្លាក់មក ចុងក្រោយនេះ មានមនុស្សប្រមាណជា ៦៨នាក់បានស្លាប់។
ជនរងគ្រោះ នឹងទឹកជំនន់ កំពុងហែលទឹកឆ្លងផ្លូវ។
កងទ័ពត្រូវបានគេហៅ អោយចុះមកជួយស្ដារស្ថានការ និងជួយសង្គ្រោះបណ្ដាជនអ្នករងគ្រោះ ជាពិសេសអ្នកដែលបាន ទៅរស់នៅជាន់លើនៃអាគាររស់នៅរបស់ខ្លួន និងខ្លះទៀតបានឡើងទៅនៅក្រោមដំបូលផ្ទះ។ គ្រោះភ្លៀងធម្មជាតិនេះ បានសំលាប់មនុស្សក្នុងទីក្រុងប្រមាណជា ១៨នាក់ ក្នុងនោះមាន៩នាក់ជាសមាជិករបស់គ្រួសារមួយ ដែលផ្ទះបានរអិល ផុងទៅ ជាមួយនឹងដីបាក់ នៅក្នុងសង្កាត់អាណាធិបតេយ្យមួយ ប៉ែកខាងជើងទីក្រុង។ អ្នកទទួលខុសត្រូវម្នាក់ នៅកន្លែង កើតហេតុបានពន្យល់ថា «ភ្លៀងបានធ្វើអោយដីប្រែជាផុយបាក់ ហើយផ្ទះចំនួនបួនរួចមកហើយ ដែលត្រូវបានបាក់ទៅ ជាមួយ។»
គ្រោះភ្លៀងធម្មជាតិ ដែលបានចាប់ផ្ដើមពីសប្ដាហ៍មុន បានបោកបក់លើមកលើផ្ទៃប្រទេស ហើយបានជម្លៀសប្រជាជន ចំនួនជាង ២៦៨ ០០០នាក់អោយចាកចោល ផ្ទះសម្បែងរបស់ខ្លួន។ តាមអាជ្ញាធរបានអោយដឹងថា ជាងពាក់កណ្ដាល (៨០%) នៃទីក្រុងម៉ានីល ត្រូវបានលិចលង់នៅក្រោមទឹក។ តែព្រលានយន្ដហោះអន្តរជាតិ ជាប់នឹងទីក្រុង នៅដំណើរការ នៅឡើយ ដោយមានតែជើងហោះហើរតែពីរប៉ុណ្ណោះ ត្រូវបានគេលប់ចោល នៅថ្ងៃទី០៧សីហានេះ។
គេបានព្យាករណ៍ថា ភ្លៀងនឹងបន្ដរធ្លាក់មកយ៉ាងខ្លាំងទៀត ក្នុងរយះពេល ២៤ម៉ោងខាងមុខ។ ភ្នាក់ងារឧត្តុនិយមរបស់ ប្រទេស បានប្រកាស ពីគ្រោះទឹកជំនន់ ថានឹងរីកខ្លាំងបន្តទៀត៕
------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ