«ស្រ្តី​វ័យ​ក្មេង​កម្ពុជា» នឹង​​គ្មាន​លទ្ធភាព​ដណ្ដើម​ទីផ្សារ​អាស៊ាន?

ការពង្រឹង សមត្ថភាព«ស្រ្តី» របស់រដ្ឋាភិបាលកម្ពុជា នៅមានភាពទន់ខ្សោយ។ ការមិនអើពើចំពោះស្រ្តី ដើម្បីប្រជែង ក្នុងទីផ្សាអាស៊ាន នៅចុងឆ្នាំ២០១៥ មានន័យថា ស្រ្តីនឹងខ្វះឱកាស ចូលរួមកិច្ចការសង្គម ព្រោះ«ចំណេះដឹង» របស់ពួកគេ នៅមានកម្រិត។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៥ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: May 27, 2015
  • ប្រធានបទ: អាស៊ាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមយុវជន ពិសេសស្រ្តីវ័យក្មេង រួមទាំងអង្គការសង្គមស៊ីវិលផងនោះ បានសម្ដែងការយល់ឃើញ របស់ពួកគេថា ក្នុង​ស្ថានភាព របស់ប្រទេសកម្ពុជាបច្ចុប្បន្ន ដែលកំពុងត្រៀមខ្លួន ធ្វើសមាហរណកម្មអាស៊ាន នាចុងឆ្នាំ២០១៥នេះ រដ្ឋាភិបាល​ហាក់មិនបានគិតគូរ ឬពង្រឹងសមត្ថភាព«ស្រ្តី» ដើម្បិកិច្ចការទាំងនោះឡើយ។ ប្រទេសកម្ពុជា អាចនឹងគ្មានវត្តមាន ស្រ្តី​គ្រប់​គ្រាន់ ពិសេស«ស្រ្តីវ័យក្មេង» ដើម្បីចូលរួមប្រជែង ក្នុងទីផ្សារអាស៊ាន។

ការព្រួយបារម្ភ«វត្តមាន»ស្រ្តីកម្ពុជា ក្នុងទីផ្សាអាស៊ាននេះ ត្រូវបានធ្វើឡើង ក្នុងកិច្ចពិភាក្សាស្តីពី«បញ្ហាស្ត្រី និងអាស៊ាន» កាលពីថ្ងៃទី២៣ ឧសភានេះ ហើយក្រុមយុវជនទាំងនោះ បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងជួយជម្រុញ​ឲ្យ​ស្រ្តី (ទាំងស្រ្តីវ័យក្មេង) មានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់។ ក្រុមយុវជន«វ័យក្មេង» បានលើកឡើងថា រដ្ឋាភិបាល​ត្រូវតែបង្កើត កម្មវិធី «អប់រំ» និងផ្តល់ចំណេះដឹង ផ្នែកជំនាញនានា ដល់«ស្រ្តី»ស្របតាមទីផ្សារអាស៊ាន។

យុវតីជាច្រើននាក់ ដែលបានចូលរួមក្នុងកម្មវិធីនេះ បានបង្ហាញការព្រួយបារម្ភ ក្នុងនាមជាស្រ្តីវ័យក្មេងថា សម្រាប់​គុណភាព​អប់រំបច្ចុប្បន្ន របស់កម្ពុជា អាចមានការប្រឈមសម្រាប់យុវជន ពិសេសស្រ្តីវ័យក្មេង និងស្រ្តីនៃជនជាតិដើមភាគតិច ក្នុង​ភាព​«គ្មាន»ការដារធ្វើ នៃសមាហរណកម្មសមាគមអាស៊ានចុងឆ្នាំ២០១៥នេះ។

កញ្ញា ឡឹក ស្រីនាង តំណាងឲ្យស្រ្តីវ័យក្មេង នៃក្រុមជនជាតិដើមភាគតិច បានលើកឡើងថា សមាហរណកម្ម​អាស៊ាន​ខាង​មុខនេះ បើទោះរដ្ឋាភិបាលមើលឃើញថា ខ្លួនមានចំណេញច្រើន នៅក្នុងផ្នែកសេដ្ឋកិច្ច ពិតមែនក៏ដោយ តែនៅមិនទាន់ មាន​ការឆ្លើយតបគ្រប់គ្រាន់ ទៅនឹង«ឱកាស» សម្រាប់ស្រ្តី ស្រ្តីវ័យក្មេង ឬស្រ្តីជនជាតិដើមនៅឡើយ។ កញ្ញាបន្តថា យ៉ាង​ណា រដ្ឋាភិបាលកម្ពុជាតោងគិតគូ និងពិចារណា នូវចំណុចមួយ ដែលទាក់ទងនឹង«តម្លាព» សម្រាប់ស្រ្តីកម្ពុជាទាំងមូល។ ព្រោះស្រ្តីនៅកម្ពុជា អាចនឹងប្រឈមមុខគ្នា លើភាពមិនស្មោះត្រង់ ដោយករណីណាមួយ (គ្មានតម្លាភាព) ដែលអាចជះ​ឥទ្ធិពល​ដល់កម្ពុជា ក្នុងការចូលរួមក្នុងអាស៊ាននេះ។

កញ្ញា ស្រីនាង បានបញ្ជាក់ថា៖ «ស្រ្តីជនជាតិដើមភាគតិច នៅមានកម្រិត ក្នុងការយល់ដឹងនៅឡើយទេ។ (…) បើប្រៀប​ធៀប​នឹងបុរស ស្ត្រីនៅមានកម្រិតទាបជាង។ (…) ស្រ្តីនៅមានសម្ភាធខាងសង្គម ឬខាងក្រុមគ្រួសារនៅឡើយ ក្នុងការ​ចូល​រួម​ក្នុងឆាកនយោបាយ។ (…) ពួកគាត់មិនអាចដើរទាន់ សមាហរណកម្មអាស៊ាន នាពេលខាងមុខទេ។»

សមាជិកបណ្ដាញស្ត្រីវ័យក្មេង កញ្ញា ហួត សភា ក៏បានទទួលស្គាល់ដែរថា ការអប់រំនៅកម្ពុជា មានភាពទន់ខ្សោយ​នៅ​ឡើយ បើទោះជាស្ថាប័នអប់រំឯកជនជាច្រើន រីកដូចផ្សិតស្ទើពេញផ្ទៃប្រទេសក៏ដោយ។ កញ្ញាបន្តថា តែបើពិនិត្យ លើ​គុណភាព​នៃការអប់រំ សឹងតែគ្មាន ជាមួយនឹងភាពបណ្តែតបណ្តោយ លើការគ្រប់គ្រងគ្មានតម្លាភាព ឬគ្មានការ ត្រួត​ពិនិត្យ​ច្បាស់លាស់នោះ។ កញ្ញាថា ទាំងនោះហើយ ដែលជះឥទ្ធពល «អវិជ្ជមាន» ដល់ការអប់រំនៅកម្ពុជា ពិសេសការអប់រំ​លើ​ស្រ្តី​តែម្តង។ កញ្ញា បានលើកបញ្ជាក់ថា៖ «រដ្ឋាភិបាលកម្ពុជា ត្រូវពិនិត្យ និងទទួលយក ជាមួយនឹងការផ្តល់ជាចាំបាច់ ពីតម្រូវ​ការ​របស់ស្ត្រីក្នុងវិស័យអប់រំ។»

ក្នុងសមាហរណកម្មអាស៊ានខាងមុខនេះ ជាភាពចាំបាច់ណាស់សម្រាប់អាណាព្យាបាល ដូចជារដ្ឋាភិបាលនេះ ត្រូវគិតគូរ និងស្វែងរកដំណោះស្រាយជាបន្ទាន់ ធ្វើយ៉ាងណាឲ្យស្ត្រីទាំងអស់ ទាំងនៅទីក្រុង ជនបទ ឬនៅស្រុកស្រែចំការ អាច​ទទួល​បាន នូវការអប់រំមួយ ដែលមានភាពទូលំទូលាយ និងច្បាស់លាស់។ នេះជាការលើកឡើង របស់តំណាងម្នាក់ទៀត កញ្ញា ឧក សំអាត មកពីបណ្ដាញស្ត្រីវ័យក្មេង ក្នុងភាពជាអ្នកដឹកនាំ។ កញ្ញា បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំចង់ឲ្យស្ត្រីកម្ពុជាមានការ​អប់រំ​ល្អប្រសើរ ទូលំទូលាយ។ (…) ស្រ្តីនឹងមិនភ័យខ្លាចក្នុងកិច្ចចូលបំរើការ ក្នុងទីផ្សារអាស៊ាន នាពេលខាងមុខដ៏ឆាប់ៗ​នេះ។»

តាមការអះអាង និងទស្សនៈខាងលើ របស់ស្រ្តីវ័យក្មេង នេះ ក៏ត្រូវបានគាំទ្រ ទាំងគំនិត និងយោបល់ ដោយអ្នកស្រី មូរ សុខហួ តំណាងរាស្ត្រមណ្ឌលបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ ថា ធនធានស្រ្តី មានភាពចាំចាច់បំផុត ដែល​រដ្ឋាភិបាល​កម្ពុជា មិនអាចមើលហួស ឬរំលងបាន។ អ្នកស្រីតំណាងរាស្ត្រ បានបន្ថែមថា ការអភិវឌ្ឍប្រទេសជាតិ ក្នុង​ការ​បោះជំហាន ទៅរកសមាហរណកម្មអាស៊ាន នាពេលខាងមុខ ស្រ្តីចាំបាច់ត្រូវទទួលបាន នូវការអប់រំទាំងចំណេះដឹង និង​បច្ចេកទេស ប្រកបដោយគុណភាពពិតប្រាកដ។ អ្នកស្រី មូរ សុខហួ បានបន្តថា៖ «ខ្ញុំយល់ថា កម្ពុជាត្រូវតែមានវិធានការ និងគោលនយោបាយដើម្បីការពារស្ត្រី។ ដើម្បីធានាដល់ស្ត្រីកម្ពុជាទទូលបានការអប់រំទូលំទូលាយ ត្រូវតែមានសុវត្ថិភាព សុខភាព និងឱកាសស្មើគ្នា រវាងបុរស។»

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានស្វែងរកការបកស្រាយ ពីអ្នកនាំពាក្យ នៃក្រសូងការងារ លោក ហេង សួរ ក៏ដូចជាមន្រ្តី​នាំពាក្យ នៃក្រសួងកិច្ចការនារី លើបញ្ហា បង្កើនគុណភាណនៃការអប់រំជូនស្រ្តី ដែលកំពុងត្រៀមខ្លួន ចូលសមាហរណកម្ម​អាស៊ាន នាចុងឆ្នាំ២០១៥នេះ តែនៅមិនទាន់អាចទាក់ទង បាននៅឡើយ។

កាលពីពេលថ្មីៗនេះ ដើម្បីពង្រឹងគុណភាព ក្នុងការអប់រំ នៅតាមគ្រឹស្ថានសាធារណៈ និងឯកជន ក្រសួងអប់រំយុវជន និង​កីឡា ក៏បានធ្វើកំណែទម្រង់ លើគុណភាពអប់រំ តាមរយៈការរិតបណ្តឹង ក្នុងពេលប្រលងទទួលយកសញ្ញាបត្រ នីមួយៗ។ ក្រសួងអប់រំយុវជន និងកីឡា បានចាត់ទុកថា អ្នកដែលទទួលបាន សញ្ញាប័ត្រទាំងបឋមភូមិ ទាំងទុតិយភូមិ ដែលចេញ​ពី​ការ​រឹតបណ្តឹងការប្រឡងនេះ ជាលទ្ធផលជាវិជ្ជមាន ក្នុងការពង្រឹកគុណភាពគ្រឹះ នៃចំណេះដឹងពិត ក្រោយការអប់រំ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...