ជុន ចាន់បុត្រ៖ ចង់បានព័ត៌មាន អ្នកសារព័ត៌មានត្រូវធ្វើមុខក្រាស
- ដោយ: អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៥ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 27, 2015
- ប្រធានបទ: សារព័ត៌មាន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅចំពោះភាពលំបាក របស់អ្នកសារព័ត៌មាន ខណៈមន្រ្តីសាធារណៈជាច្រើន ក្នុងប្រទេសកម្ពុជា បានរំលោភ «សិទ្ធិ(អ្នកសារព័ត៌មាន)» តាមការមិនផ្តល់ព័ត៌មាននោះ លោក ជុន ចាន់បុត្រ អនុប្រធានផ្នែកការផ្សាយ ជាភាសាខ្មែរ របស់វិទ្យុអាស៊ីសេរី បានថ្លែងបង្ហើបថា មានករណីពីរយ៉ាង ដែលអ្នកសារព័ត៌មានត្រូវធ្វើ។ នោះ គឺទីមួយ អ្នកសារព័ត៌មានត្រូវចុះយកព័ត៌មាន ជា«ក្រុម» និងទីពីរ អ្នកសារព័ត៌មានត្រូវធ្វើខ្លួន ជាមនុស្ស«មុខក្រាស់»។
ថ្លែងក្នុងវេទិកាយុវជន ស្តីពី «ការយល់ដឹងពីសកលលោក និងការអភិវឌ្ឍខ្លួនឯង ជាពលរដ្ឋសកម្ម» នៅមហោស្របចេនឡា រាជធានីភ្នំពេញ ដោយមានយុវជនចូលរួម ប្រមាណ៧០០នាក់ អ្នកសារព័ត៌មាន ដែលសំបូរវោហារសាស្រ្ត និងពូកែសួរដេញដោល តាមទាន់ជាន់កែង លោក ជុន ចាន់បុត្រ បានសង្កត់ធ្ងន់ថា ករណីទាំងពីខាងលើនេះ ចាំបាច់ត្រូវតែធ្វើហើយធ្វើទៀត ពិសេសត្រូវធ្វើមុខឲ្យក្រាស់បន្តិច។
និយាយបែបកំប្លែងបន្តិច លោក ជុនចាន់បុត្រ បានស្រង់សំដី របស់សកលវិទ្យាធិការរងខេមរៈម្នាក់ ដែលលោកមិនបានបញ្ជាក់ឈ្មោះ មកបញ្ជាក់ថា៖ «អ្នកយកសារព័ត៌មាន របស់វិទ្យុអាស៊ីសេរីម្នាក់ គេដេញហើយមកវិញ គេដេញទៅហើយមកវិញ។ “មុខក្រាស់” ទាល់តែបានព័ត៌មាន។»
ប៉ុន្តែអ្នកសារព័ត៌មាន«អាជីព» ត្រូវមានគោលការណ៍ របស់ខ្លួន ដែលត្រូវយកអនុវត្ត ជាពិសេសត្រូវបង្ហញថា ព័ត៌មានដែលខ្លួនផ្សាយ ចេញទៅនោះ ជា«ព័ត៌មានពិត»។ លោក ចាន់បុត្រ បានថ្លែងថា ដើម្បីអាចចាត់ទុកជាព័ត៌មាន«ពិត» ត្រូវឈរលើគោលការណ៍ជាក់លាក់មួយ គឺ«ប្រភព»នៃព័ត៌មាននោះ ត្រូវតែមាន«បី»ភាគីយ៉ាងតិច ក្នុងការធ្វើអំណះអំណាង។
«លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាច់សសៃឈាមខួក្បាល» ពិត ឬមិនពិត?
លោក ជុន ចាន់បុត្រ បានលើកឧទាហរណ៍មួយ មកបញ្ជាក់ថា កាលពីពេលកន្លងទៅនេះ មានព័ត៌មានមួយ ត្រូវបានគេផ្សព្វផ្សាយ និងចែករំលែក ស្ទើរពេញបណ្ដាញសង្គមថា លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាច់សសៃឈាមខួក្បាល ហើយត្រូវបានគេបញ្ជូន ទៅកាន់មន្ទីរពេទ្យ នៃប្រទេសសឹង្ហបូរី។ តើធ្វើយ៉ាងណា ដើម្បីដឹងថា ព័ត៌មាននេះ ពិត ឬមិនពិត?
អនុប្រធានការផ្សាយជាភាសាខ្មែរ នៃវិទ្យុអាស៊ីសេរី បានបញ្ជាក់ថា៖ «ត្រូវមានអ្នកបញ្ជាក់។ អ្នកបញ្ជាក់នោះ ត្រូវតែជាអ្នកជំនាញ។ ត្រូវរកការបញ្ជាក់ ពីពេទ្យនោះថា តើគាត់ (នាយករដ្ឋមន្រ្តីកម្ពុជា) ពិតជាទៅព្យាបាល នៅពេទ្យនឹងមែនទេ? គាត់មានជំងឺ បែបណ្នឹងមែនដែរទេ?។ (…) យើងត្រូវបញ្ជូនបុគ្គលិករបស់យើង ទៅកាន់ (មន្ទីពេទ្យ) នៅស៊ីងហ្គាពួចឹងទៅ។ (…) តើអ្នកនាំពាក្យរបស់រដ្ឋាភិបាល ឬអ្នកនាំពាក្យ របស់គណបក្សណាមួយ អាចបញ្ជាក់ពីរឿងហ្នឹងបានទេ? តើមានសាក្សីណាមួយ ឃើញផ្ទាល់ភ្នែកឬទេ? តើអ្នកដែលនិយាយទាំងនោះ មានសមត្ថកិច្ចឬទេ?»