អ្នកសារព័ត៌មានរងគ្រោះ គ្រោងប្តឹង សុខ ពេញវុធ និងគូកនប្រើហិង្សា
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: April 23, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«យើងមិននៅស្ងៀមទេ។ យើងមិនមែនជាសាច់ ឬវត្ថុដែលគេត្រូវមកវាយយើងលេងៗទេ។ យើងជាមនុស្ស គ្មានអ្នកណាមានសិទ្ធិមកប្រើហិង្សាលើមនុស្សទេ។» នេះជាការលើកឡើង របស់អ្នកសារព័ត៌មានជាស្ត្រីម្នាក់ ដែលត្រូវបានក្រុមសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌដូនពេញ វាយដំនៅពេលដែលចុះផ្តិតយករូបភាព និងព័ត៌មាននៅលើផ្លូវសាធារណៈ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២១ ខែមេសាឆ្នាំ២០១៤ថ្មីនេះ។
សន្ទុះជើងរាប់ភ្លេច ដែលអ្នកស្រី ម៉ាលី ម៉ាលី ទទួល នៅក្នុងព្រឹត្តិការណ៍បំបែកនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
សិទ្ធិនិងសេរីភាព - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ អ្នកសារព័ត៌មានឯករាជ្យមួយរូប អ្នកស្រី ម៉ាលី ម៉ាលី បានបញ្ជាក់ថា ពេលនេះអ្នកស្រី រួមទាំងអ្នករងគ្រោះមួយចំនួនទៀត ដែលជាអ្នកសារព័ត៌មានដូចគ្នា កំពុងពិភាក្សាផ្លូវច្បាប់ ជាមួយមេធាវី (ក្រុមអ្នកច្បាប់) ដើម្បីប្តឹងអ្នកបញ្ជា និងជនដៃដល់ដែលបានប្រើហិង្សាវាយដំ ទាត់ធាក់មកលើរាងកាយអ្នកស្រី ទៅតាមផ្លូវច្បាប់។
ស្រ្តីជាអ្នកសារព័ត៌មានរូបនេះ បានបន្តថា អ្នកស្រីគ្រាន់តែជាអ្នកថតរូប ជាមួយនិងការចូលទៅឃាត់ មិនឲ្យមានការប្រើហិង្សាលើអ្នកសារព័ត៌មានដូចគ្នា ដែលគេកំពុងវាយ ស្រាប់តែក្រុមសន្តិសុខទាំងនោះ ព្រួតវាយមកលើអ្នកស្រីរបួស មានស្លាកស្នាមជាច្រើនកន្លែង។ នៅពេលនោះ ឲ្យតែអ្នកមានម៉ាស៊ីនថតរូប ត្រូវបានពួកគេហាមឃាត់ មិនឲ្យថតនូវរាល់សកម្មភាពរបស់ពួកគេ (ក្រុមសន្តិសុខ)។
អ្នកស្រីអះអាងថាក្រុមសន្តិសុខទាំងនោះ បើ«គ្មាន»អ្នកបញ្ជាទេ ក៏មិនហ៊ានវាយដែរ។ ជាទូទៅ«អ្នកបញ្ជា» ដែលអ្នកស្រីធ្លាប់តែឃើញនោះ រួមមានលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ជាមួយនិងគូកនពីរនាក់ទៀត ម្នាក់ឈ្មោះ ថា និងម្នាក់ទៀតរាងធាត់មិនស្គាល់ឈ្មោះ ក្នុងសំលៀកបំពាក់ស៊ីវិលទាំងអស់គ្នា។ អ្នកស្រីបានបញ្ជាក់នូវពាក្យសម្តី ដែលបញ្ជាតាមវិទ្យុទាក់ទងក្នុងថ្ងៃទី២១ ខែមេសា នោះថា«វាយទាំងអស់ ឲ្យតែអ្នកនៅកន្លែងហ្នឹង។ (...) ទាំងអ្នកដែលមានម៉ាស៊ីនថត។»
ឯប្អូនប្រុសម្នាក់ទៀតឈ្មោះ ម៉ា ចិត្រា ដែលជាយកព័ត៌មានឲ្យបណ្តាញព្រះសង្ឃឯករាជ្យ ដែលរងរបួស ព្រោះតែចូលរួមថតរូប និងវីដេអូនៅលើផ្លូវសាធារណៈ នៅពេលដែលក្រុមសន្តិសុខទាំងនោះ សែងអ្នកស្រីមួរ សុខហួរ។ ប្អូនប្រុសក៏ត្រូគេ (ក្រុមសន្តិសុខ) វាយក្បាលមួយដំបង ប្រេះមួកសុវត្ថិភាព និងមួយដំបងទៀតចំកញ្ចឹងករ«សន្លប់»សឹងនៅនឹងកន្លែងតែម្តង។
បច្ចុប្បន្ន ប្អូនរួមនិងអ្នករងរបួសដទៃទៀត បានព្រាងពាក្យបណ្តឹង ដើម្បីប្តឹងក្រុមសន្តិសុខទាំងនោះ ពិសេសអ្នកបញ្ជាគឺលោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ។ «ខ្ញុំកំពុងតែប្រមូលឯកសារ និងភស្តុតាងដែលគេប្រើហិង្សាមកលើខ្ញុំ។ (...) ខ្ញុំមិនមានការពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិទេ ខ្ញុំគ្មានបំរើឲ្យគណបក្សណាមួយទេ។ គេប្រើហិង្សាមកលើខ្ញុំ ខ្ញុំត្រូវតែប្តឹង ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ និងជាអ្នកសារព័ត៌មានឯករាជ្យ។» នេះបើតាមការអះអាងរបស់អ្នករងរបួសទាំងពីរខាងលើ ដែលគ្រោងនឹងប្តឹងលោក សុខ ពេញវុធ និងគូកននាពេលឆាប់ៗខាងមុខ។
ជាមួយនឹង«ទង្វើ»ដដែលៗរបស់ក្រុមសន្តិសុខ និង«កម្សោយ»នៃវិធានការរបស់រដ្ឋាភិបាល ក្នុងការគ្រប់គ្រងសកម្មភាព«ប្រើប្រាស់ហិង្សា»មកលើប្រជាពលរដ្ឋ នាពេលកន្លងមក និងបច្ចុប្បន្ននេះអ្នកស្រី ម៉ាលី ម៉ាលី បានធ្វើការថ្កោលទោសយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាល កំពុងតែមិនទទួលខុសត្រូវលើទង្វើរបស់ខ្លួន។ សន្តិសុខគួរណាស់ការពារសន្តិសុខជូនប្រជាជន និងសង្គម មិនមែនសម្រាប់ប្រើហិង្សានោះទេ។ ខ្ញុំសូមធ្វើការថ្កោលទោស ចំពោះរដ្ឋាភិបាលដែលគ្មានសមត្ថភាព ក្នុងការរកដំណោះស្រាយ ក្រៅពីការប្រើហិង្សាមកលើប្រជាពលរដ្ឋ។»
សម្រាប់ប្អូនប្រុស ម៉ា ចិត្រា បានបន្ថែមថា ពាក្យថាសន្តិខុសល្អណាស់ សម្រាប់ការពារប្រជាពលរដ្ឋ តែរដ្ឋាភិបាលបែរជាយកមកវាយប្រជាពលរដ្ឋខ្លួនឯងទៅវិញ។ ប្អូនប្រុសចង់ឲ្យរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ធ្វើការបកស្រាយនូវតួនាទីរបស់«កងសន្តិសុខ»ទាំងនោះថា តើមានតួនាទីកម្រិតណា?
និពន្ធនាយកកាសែតភ្នំពេញប៉ុស្តិ៍ លោក កៃ គឹមសុង បានថ្លែងពាក់ព័ន្ធ នឹងការប្រើប្រាស់នូវអំពើហិង្សាមកលើអ្នកសារព័ត៌មានថា ទាំងនោះមិនមែនជាសកម្មភាពមួយល្អ សម្រាប់សង្គមប្រជាធិបតេយ្យទេ។ លោកបានចោទសួរថា អ្វីជាទីសាធារណៈ អ្វីជាការបញ្ចេញមតិ? តាមសកម្មភាពរបស់ក្រុមសន្តិសុខ ក្នុងរយៈកាលកន្លងមកនេះ លោកបានធ្វើការថ្កោលទោស ទៅលើការប្រើប្រាស់នូវអំពើហិង្សាមកលើអ្នកសារព័ត៌មាន ប្រជាពលរដ្ឋ ឬតំណាងរាស្រ្តនៅទីសាធារណៈ។ «មិនត្រូវមានវប្បធម៌ហិង្សាឡើងជង្គង់ ធ្វើដូចវាយបុកនៅទីលានសាធារណៈ។ (…) បើកន្លែងបញ្ចេញមតិ ត្រូវបានគេឡើងជង្គង់ចឹង បិទអាហ្នឹងចោលតែម្តងទៅ។»
ក្នុងហេតុការណ៍កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤ នៅលើដងផ្លូវសាធារណៈ ក្បែទីលានប្រជាធិបតេយ្យ មានក្រុមសន្តិសុខមួយក្រុមគ្នាប្រមាណជាង៥០នាក់ ក្នុងសំលៀកបំពាក់ខៀវ មួកឃ្លុបខ្មៅ បានមករារាំងបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ មានលោកស្រី មួរ សុខហួរ លោក រៀល ខេមរិន្ទ្រ មិនឲ្យចូលទីលានប្រជាធិបតេយ្យ។ ការរារាំង ជាមួយនឹងការប្រើកម្លាំង ចាប់បង្ខំនៃក្រុមសន្តិសុខទាំងនោះ បានធ្វើឲ្យមនុស្សយ៉ាងតិច១០នាក់រងរបួសស្រាល និងធ្ងន់ ក្នុងនោះមានអ្នកសារព័ត៌មានជាតិយ៉ាងតិចបីនាក់ និងអន្តរជាតិម្នាក់៕
--------------------------------------------------
ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៣ មេសា ២០១៤