សមុទ្រចិនខាងត្បូង៖ បណ្ដារដ្ឋសមាជិក អាស៊ានពិបាកយល់គ្នា

លោក ម៉ាកទី ណាតាលីហ្គាវ៉ា រដ្ឋមន្ដ្រីការបរទេស របស់ប្រទេសឥណ្ឌូនេស៊ី បានថ្លែងថា «ពីពេលនេះ រហូតទៅដល់ជំនួបកំពូលនៅភ្នំពេញ (ខែវិច្ឆិការខាងមុខ) យើងត្រូវប្រឹងប្រែងអោយខ្លាំងឡើង។ យើងត្រូវត្រៀមរៀបចំពីឥឡូវ ត្រូវជជែកពិភាក្សាគ្នា ហើយត្រូវ ជៀសវាងនូវហេតុការណ៍ទាំងឡាយណា ដែលមិនបានព្រៀងទុក។»
Loading...
  • ដោយ: ដ. កែវ
  • កែប្រែចុងក្រោយ: September 25, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រទេសឥណ្ឌូនេស៊ី ព្យាយាមស្វែងរក ការយោគយល់គ្នាមួយ នៅក្នុងអាស៊ាន ទៅលើជំលោះដែនសមុទ្រ ជាមួយនឹង ប្រទេសចិន មុនជំនួបកំពូលមួយ ក្នុងខែវិច្ឆិកាខាងមុខ។ តែមើលទៅ មិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ។


លោក ម៉ាកទី ណាតាលីហ្គាវ៉ា រដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ី។​ រូបភាព WikiPedia.org។

ពេលវេលាដែលនៅសល់ មិនមានច្រើនទេ។ ពីថ្ងៃទី ១៨ ដល់ ថ្ងៃទី២០វិច្ឆិកា រដ្ឋជាសមាជិកទាំង១០ របស់អាស៊ាន នឹងជួបគ្នា ជាមួយប្រទេសចិន នៅទីក្រុងភ្នំពេញ សំរាប់ជំនួបកំពូលមួយ ដើម្បីដោះស្រាយជំលោះ ក្នុងដែនសមុទ្រ ចិនខាងត្បូង។ ដូច្នេះ នៅសល់រយៈពេលតែ២ខែប៉ុណ្ណោះ ដើម្បីស្វែងរកមកវិញ នូវការយោគយល់គ្នា បន្ទាប់ពីបានជួប បរាជ័យកាលពីខែកក្កដា ជាលើកទីមួយក្នុងប្រវត្តិ៤៥ឆ្នាំ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍នេះ។ នៅពេលនោះ ក្រុមរដ្ឋមន្ត្រីការបរទេស មកពីបណ្ដាប្រទេសទាំងនេះ បានប្រកែក មិនធ្វើសេចក្ដីថ្លែងការណ៍រួមគ្នាមួយនោះទេ។ មូលហេតុសំខាន់ គឺមកពីការមិនចុះសម្រុងគ្នា ជុំវិញជំលោះដ៏រ៉ាំរ៉ៃ ក្នុងដែនសមុទ្រចិនខាងត្បូង រវាងប្រទេសចិន និងបណ្ដារដ្ឋជាសមាជិកអាស៊ានមួយចំនួន (ជាពិសេស ប្រទេសវៀតណាម និងប្រទេសហ្វីលីពីន)។

លោក ម៉ាកទី ណាតាលីហ្គាវ៉ា (Marty Natalegawa) រដ្ឋមន្ដ្រីការបរទេស របស់ប្រទេសឥណ្ឌូនេស៊ី បានថ្លែងនៅក្នុង កាសែតហ្សាការតា ហ្ក្លូប (Jakarta Globe) កាលពីពេលថ្មីៗនេះថា «ពីពេលនេះ រហូតទៅដល់ជំនួបកំពូលនៅភ្នំពេញ (ខែវិច្ឆិការខាងមុខ) យើងត្រូវប្រឹងប្រែងអោយខ្លាំងឡើង។ យើងត្រូវត្រៀមរៀបចំពីឥឡូវ ត្រូវជជែកពិភាក្សាគ្នា ហើយត្រូវ ជៀសវាងនូវហេតុការណ៍ទាំងឡាយណា ដែលមិនបានព្រៀងទុក។» លោកប្រមុខការទូតឥណ្ឌូនេស៊ីរូបនេះ បានយក សំនុំរឿង ដ៏ប្រទាំងប្រទើសនេះ មកចាក់ការ ហើយទើបនឹងបានទទួលការស្វាគមន៍ ពីសំណាក់ទីក្រុង វ៉ាស៊ីនតោន និង ការទទួលយល់ព្រមស្ងាត់ៗមួយ ពីទីក្រុងប៉េកាំង អំពីតួនាទីរបស់ឥណ្ឌូនេស៊ី ទៅលើបញ្ហានេះ។ លោកបានបន្ថែមថា «បរាជ័យកាលពីខែកក្កដា តើយើងទទួលបានមេរៀនខ្លះឬទេ? ហើយយើងមានភាពចាស់ទុំបែបណា? ឥណ្ឌូនេស៊ី ចង់បង្ហាញថា អ្វីដែលបានកើតឡើងនៅពេលនោះ គ្រាន់តែជាករណីដ៏កំរ ដែលកើតឡើងតែម្ដងនោះប៉ុណ្ណោះ។»

ថ្ងៃទី ២៧ កញ្ញា ខាងមុខនេះ ជាកាលបរិច្ឆេទលើកក្រោយ សំរាប់ផ្លាស់ប្ដូរយោបល់ រវាងក្រុមរដ្ឋមន្ត្រីការបរទេសរបស់ អាស៊ាន ដែលនឹងរៀបចំឡើង នៅទីក្រុងញ៉ូវយ៉ក នៅក្រោយពេលបន្ដិច នៃមហាសន្និបាត របស់អង្គការសហប្រជាជាតិ (ONU)។ ទាក់ទងនឹងតួនាទីរបស់ឥណ្ឌូនេស៊ី គេមិនបានសង្ស័យ ពីអព្យាក្រឹតភាពរបស់ប្រទេសនេះទេ ដោយសារតែ លោកម៉ាកទី ណាតាលីហ្កាវ៉ា បានបង្ហាញ ថាលោកចង់ធ្វើការចរចា ជាមួយនឹងភាគីចិន ដោយឈរទៅលើមូលដ្ឋាន ច្បាស់លាស់មួយចំនួណ ដូចជា៖

១) «សេចក្តីព្រាង​ក្រម​ប្រតិបត្តិ» ដែលគោលការណ៍របស់វា ត្រូវបានទទួលយកកាលពីឆ្នាំ២០០២ ប៉ុន្តែមិនទាន់ត្រូវបាន យកមកអនុវត្តន៍នៅឡើយ។
២) ការគោរពច្បាប់អន្តរជាតិ។
៣) និងការបោះបង់ចោល នូវការដោះស្រាយតាមកំលាំងបាយ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។


ផែនទីសមុទ្រ ដែលប្រទេសជាភាគីជម្លោះ គូរព្រំដែនទៅតាមអ្វី ដែលខ្លូនជឿថាជាទឹកដីរបស់ខ្លួន។

លោក ណាតាលីហ្កាវ៉ា បានរំពឹងថា «សំរាប់ពេលនេះ មានភាពច្រឡំបល់រវាង ភាពស្មោះត្រង់ និងភាពមិនទុកចិត្តគ្នា ទៅវិញទៅមក រវាងប្រទេសជាសមាជិក។ ទាំងអស់គ្នាប្រកាន់ជំហរ ដោយផ្អែកទៅលើ ការបកស្រាយដែលមានចេតនា អាក្រក់ របស់ប្រទេសជិតខាង។ គេនាំគ្នាគិតថា បើសិនបើគេនៅស្ងៀម មិននិយាយស្ដីនោះ អ្នកឯទៀត នឹងកេងយក ផលចំនេញជាមិនខាន។គេត្រូវតែផ្លាស់ប្តូរ ផ្នត់គំនិតនេះ»។ នៅខែកក្កដាកន្លងមក ប្រទេសកម្ពុជាដែលជាមិត្តជិតស្និត របស់ប្រទេសចិន និងជាប្រធានផ្លាស់វេនរបស់អាស៊ានឆ្នាំ២០១២ បានជំទាស់ទៅនឹងការដាក់ជំលោះនេះ មកក្នុងជំនួប ដែលពេលនោះបានទាមទារ ដោយប្រទេសភីលីពីន និងប្រទេសវៀតណាម។

សូមអានអត្ថបទមុនរបស់ មនោរម្យព័ងអាំងហ្វូ ដែលនិយាយពីបរាជ័យ នៃជំនួបក្នុងប្រទេសកម្ពុជា នៅពេលនោះ។

បណ្ដារដ្ឋរបស់អាស៊ាន ត្រូវការយល់គ្នាបន្ថែមទៀត ទៅលើស្ថានភាពរួមមួយ ដោយសារតែជំនួបរវាង បណ្ដាប្រមុខការទូត របស់អាស៊ាន និងចិន កាលពីពាក់កណ្តាលខែកញ្ញាកន្លងទៅ នៅទីក្រុងភ្នំពេញ មិនមានលទ្ធផលវិជ្ជមានណាមូយនោះទេ។ កាសែត ចាកាតា ហ្ក្លូប (Jakarta Globe) ដដែល បញ្ជាក់ថា លោក ណាតាលឺហ្កាវ៉ា បដិសេធពីការធ្លាក់ចូល ទៅក្នុងសភាព ទុទិដ្ឋិនិយមវិញ។ លោកនិយាយថា ក្រុមរដ្ឋមន្ត្រីរបស់អាស៊ាន នឹងធ្វើការនៅទីក្រុងញ៉ូវយក ទៅលើ«សេចក្តីព្រាងក្រម ប្រតិបត្តិ»។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមទៀតថា «ដំណើរប្រព្រឹត្តិទៅតាមលក្ខណៈការទូត មានសភាព ល្អប្រសើរណាស់ នៅក្នុងរង្វង់អាស៊ាន ហើយវាក៏ជាផលប្រយោជន៍មួយសំរាប់ប្រទេសចិនផងដែរ៕»

-------------------------------------------
ដោយ៖ សុជារស្មី - ភ្នំពេញថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...