ទ្រង់ រណឫទ្ធិ នៅមិនទាន់ដឹងព្រះជាយាទ្រង់ស្លាប់នៅឡើយ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១៨ កក្កដា ២០១៨
- កែប្រែចុងក្រោយ: July 20, 2018
- ប្រធានបទ: គ្រោះចរាចរណ៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មកដល់ពេលនេះ ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ នៅមិនទាន់ដឹង អំពីមរណៈភាពរបស់អ្នកម្នាង អ៊ុក ផល្លា ព្រះជាយារបស់ទ្រង់នៅឡើយទេ។ នេះជាការបញ្ជាក់ របស់លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យគណបក្សហ្វុនស៊ីនប៉ិច ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុក។
អ្នកនាំពាក្យបានបញ្ជាក់ថា ខាងគណបក្សមិនទាន់ទូលព្រះអង្គ អំពីរឿងនេះ ដោយទុកឲ្យខាងព្រះបរមរាជវាំង ជាអ្នកសម្រេច ថានឹងត្រូវទូលទ្រង់ យ៉ាងដូចម្ដេច និងនៅពេលណា។
អ្នកម្នាង អ៊ុក ផល្លា បានបាត់បង់ជីវិត បន្ទាប់ពីបានជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដ៏រន្ធត់មួយ កាលពីថ្ងៃទី១៧ ខែមិថុនា ក្នុងក្បួនរថយន្ដ របស់ព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ ដែលមានគម្រោងចុះជួបអ្នកគាំទ្រ ក្នុងខេត្តព្រះសីហនុ។ ព្រះអង្គម្ចាស់ ដែលគង់នៅក្នុងរថយន្ដតែមួយ ជាមួយអ្នកម្នាង បានរងបួសធ្ងន់ និងត្រូវបានបញ្ជូនទៅព្យាបាល នៅក្នុងមន្ទីរពេទ្យច្រើនកន្លែង នៅក្នុងប្រទេស មុននឹងបញ្ជូនទៅកាន់មន្ទីរពេទ្យ នៅរាជធានី បាងកក ប្រទេសថៃ។
លោក ញ៉េប ប៊ុនជិន បានបញ្ជាក់បន្ថែមថា ព្រះអង្គម្ចាស់តែងសួរអំពីដំណឹង និងសុខទុក្ខ របស់អ្នកម្នាង អ៊ុក ផល្លា ជានិច្ចដែរ ប៉ុន្តែខាងគណបក្សបានត្រឹមទូលព្រះអង្គថា អ្នកម្នាងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យផ្សេងទៀត។
យ៉ាងណា អ្នកនាំពាក្យគណបក្សរូបនេះ បានឲ្យដឹងថា ស្ថានភាពព្រះរាជសុខភាព សម្តេចក្រុមព្រះមានភាពប្រសើរជាងមុនច្រើន។ លោក ញ៉េប ប៊ុនជិន ថ្លែងថា៖ «បច្ចុប្បន្ន សម្ដេចបានដោះបំពង់អុកស៊ីសែន ចេញពីច្រមុះហើយ ឯរបួសជើង និងទ្រូងរបស់ព្រះអង្គ ក៏បានធូរស្បើយច្រើនដែរ»។
អ្នកនាំពាក្យ បានបង្ហើបថា ព្រះអង្គម្ចាស់នឹងយាង ត្រឡប់មកកម្ពុជាវិញ ក្នុងសប្ដាហ៍នេះ។ តែសារព័ត៌មានមួយទៀត ដែលស្រង់សំដី របស់លោក ញ៉េប ប៊ុនជិន មកបញ្ជាក់ដែរនោះ បានអះអាងថា ដំណើរយាងត្រឡប់របស់ប្រធានគណបក្សហ្វុនស៊ីនប៉ិច អាចនឹងធ្វើឡើង នៅមុនថ្ងៃបោះឆ្នោត ទី២៩ ខែកក្កដា ឆ្នាំ២០១៨៕