ជា សុផារ៉ា សន្យាការពារ និងរក្សាដីប្រពៃណីរបស់ជនជាតិដើមភាគតិច (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២១ មករា ២០១៥
- កែប្រែចុងក្រោយ: January 21, 2015
- ប្រធានបទ: ដីធ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីមានជំនួបការងារ និងការចោទជាសំនួរ សួរឆ្លើយ របស់គណកម្មការទីបីនៃរដ្ឋសភា ដែលដឹកនាំដោយលោក ប៉ុល ហំម តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិ លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ មកពីគណបក្សប្រជាជនកម្ពុជា បានធ្វើការសន្យាចំពោះមុខ ប្រធានគណកម្មការទីបីនៃរដ្ឋសភា និងចំពោះមុខអ្នកសារព័ត៌មានថា វាជាកម្មវិធីរបស់រដ្ឋាភិបាលក្នុងការគាំទ្រ និងថែរក្សានូវអត្តសញ្ញាណ និងគាំទ្រប្រជាពលរដ្ឋជនជាតិដើមភាគតិច ក៏ដូចជារក្សានូវព្រៃសហគមន៍ ដីព្រៃសម្រាប់ការធ្វើពនេចរ ដីកប់ខ្មោច និងដីព្រៃដទៃទៀត ដែលស្ថិតក្នុងការអភិរក្ស និងការអភិវឌ្ឍន៍ត្រូវបានដើរទន្ទឹមគ្នា។
អ្វីដែលបានលើកឡើងដោយលោក ជា សុផារ៉ា ខាងលើនេះ បានបង្ហាញថា ក្នុងពេលកន្លងមក ក្រសួងអភិវឌ្ឍន៍ជនបទមិនសូវបានយកចិត្តទុកដាក់ និងថែរក្សានូវវប្បធម៌ របស់ជនជាតិដើមភាគតិចនៅកម្ពុជានោះឡើយ។
ក្នុងរយៈការនៃកិច្ចអភិវឌ្ឍន៍នានាកន្លងមក ទាំងក្រសូងអភិវឌ្ឍន៍ជនបទ និងរដ្ឋាភិបាល ទំនងជាបានព្រលែងដៃទាំងស្រុងទៅឲ្យឈ្មួញ តាមរយៈការផ្តល់នូវដីសម្បទានសេដ្ឋកិច្ចយ៉ាងក្រាស់ក្រែល។ ការផ្តល់ដីសម្បទានសេដ្ឋកិច្ចនេះ ក៏បាននាំឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវភាព ការរស់នៅរបស់ប្រជាពលរដ្ឋជនជាតិភាគតិចមួយចំនួនធំ ដែលនាំឲ្យមានការកើតឡើង នូវការតវ៉ាមិនចេះចប់ មិនចេះហើយ។
ទន្ទឹមនិងបញ្ហាកើតឡើង ហើយគ្មានដំណោះស្រាយនោះ ក៏ត្រូវបានសង្គមស៊ីវិលមួយចំនួនធំ ធ្លាប់បានធ្វើការស្នើឲ្យរដ្ឋាភិបាលចាត់វិធានការ ដោយការយកចិត្តទុកដាក់ខ្ពស់ដល់ការរស់នៅ និងជីវភាព ព្រមទាំងទំនៀមទំលាប់ វប្បធម៌និងប្រពៃណីរបស់ពួកគេ ក្រោយការផ្តល់ដីសម្បទានសេដ្ឋកិច្ច ទៅឲ្យក្រុមហ៊ុនណាមួយនោះ។
យ៉ាងណា លោក ប៉ុល ហំម គាំទ្រនូវការលើកឡើង របស់រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទរូបនេះ ក្នុងការសន្យាជួយដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ ពិសេសជនភាតិដើមភាគតិច។ លោកបន្តថា គណកម្មការជំនាញទីបីនៃរដ្ឋសភា របស់លោកនឹងតាមដាន ឃ្លាំមើលការអនុវត្តនេះ ដើម្បីបង្កើននូវគុណភាព សម្រាប់ជាប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិជាសំខាន់។
គួកត់សម្ភាល់ថា ជនជាតិភាគតិច មានជំនឿ ទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីនិងភាសាផ្សេងៗ ទៅតាមតំបន់នីមួយៗ។ ពួកគេតែងតែប្រើប្រាស់ព្រៃជាតំបន់ដ៏សំខាន់បំផុត ក្នុងការស់នៅ ការចិញ្ចឹមជីវិត និងការគោរពវប្បធម៌ និងប្រពៃណីរបស់ពួកគេ។ បច្ចុប្បន្ន ជនជាតិភាគតិចរួមមានកួយ ស្ទៀង រដែ ស្អូច ព្នង ជង ល្មូន ព្រូវ ព័រជាដើម។
កន្លងមក មន្ដ្រីគម្រោងរបស់អង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំនៅប្រទេសកម្ពុជាលោក ជា ផល្លា ធ្លាប់បានលើកឡើងថា ជនជាតិភាគតិចមានចំនួន២៤ក្រុម ។ ហើយពួកគេកំពង់រស់នៅក្នុងខេត្តចំនួន១៥ នៃប្រទេសកម្ពុជា។ លោកបានលើកឡើងថា សម្រាប់ច្បាប់នៅប្រទេសកម្ពុជា មានការគាំទ្រ និងការពារដល់ជនជាតិដើមភាគតិចទាំងនេះ។ តែជនឆ្លៀតឱកាសមួយចំនួន បានប្រើសិទ្ធិ និងអំណាចរបស់ខ្លួន ក្នុងការវាទទីរកដីព្រៃរបស់ប្រជាពលរដ្ឋ ជនជាតិដើមភាគតិចយ៉ាងគំហុក ហាក់ដូចជាស្ថិតលើខ្សែចង្វាក់ស្របគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន និងគ្មានកិច្ចអន្តរាគមន៍ពីរដ្ឋាភិបាល។
សូមទស្សនាការតវ៉ានានារបស់ជនជាតិភាគតិចនៅកម្ពុជា នាពេលកន្លងមក ក្រោមគំរោងនៃការផ្តល់ព្រៃសម្បទានសេដ្ឋកិច្ច និងការគ្មានដំណោះស្រាយរបស់រដ្ឋាភិបាល៖
កិច្ចសម្ភាសលោក ជា សុផារ៉ា និងលោក ប៉ុល ហំម ជាមួយអ្នកសារព័ត៌មាន៖
(មកដល់ក្នុងពេលក្រោយ)