ប៊ន សំណាង និងសុខ សំអឿន៖ ឃាតករ​សិប្បនិមិត្ត​ជា​ឃាតករ​ពិត បើ​តាម​សាលាឧទ្ធណ៍

បន្ទាប់ពីលោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់ រហូតមកទល់នឹងពេលនេះ សមត្ថកិច្ចមិនទាន់រកភស្តុតាងជាក់លាក់ មកបង្ហាញតុលាការ ដើម្បីបញ្ជាក់ថា ជនជាប់ចោទប៊ន សំណាង និង សុខ សំអឿន ជាឃាតករពិតទេ ។ តាមការប្រកាសសាលក្រម របស់សាលាឧទ្ធរណ៍ដែលមាន លោកចៅក្រមជួន ស៊ុនឡេង ជាប្រធាន ចៅក្រមប្រឹក្សា លោក សេង ស៊ីវុត្ថា លោក ព្រះរាជអាជ្ញា តាន់សេង ណារ៉ុង និងលោកមេធាវី ហុង គឹមសួន ជាមេធាវីការពារជនជាប់ចោទទាំងពី ។ នៅក្នុងអង្គសវនាការ នៃការប្រកាសសាលដីការនេះ លោកជួន ស៊ុនឡេង បានចោទប្រកាន់លោកប៊ន សំណាង និង លោក សុខ សំអឿន ពីបទ«ឃាតកម្មគិតទុកជាមុន» ផ្តន្ទាទោសតាមមាត្រាបី នៃស្ថានទំងន់ទោសនៃបទឧក្រិដ្ឋ ដោយឲ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗ«ម្ភៃឆ្នាំ» និងរួមគ្នាសងសំណងជំងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណី ចំនួនសែសិបលានរៀល និងបានចាប់ឃុំខ្លួនជនជាប់ចោទទាំងពីរ បន្ទាប់ពីការប្រកាសសាលដីការចប់ ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: December 28, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាលាឧទ្ធណ៍បានប្រកាស សាលក្រមដាក់ទោសម្នាក់២០ឆ្នាំដូចមុន លើជនជាប់ចោទ ប៊ន សំណាង និង សុខ សំអឿន នាព្រឹកថ្ងៃទី២៧ ខែធ្នូនេះ បន្ទាប់ពីបានបានបើកធ្វើសវនាការឡើងវិញ កាលពីថ្ងៃទី៧ ខែវិច្ឆិកា កន្លងមក ក្នុងសំណុំរឿង បាញ់សម្លាប់ លោក ជា វិជ្ជា។


លោកប៊ន សំណាង​ ក្រោយពេលប្រកាសសាលក្រមចប់ ត្រូវចាប់បញ្ជូនទៅឃុំខ្លួនវិញ។
រូបថត MONOROOM.info/ O.Vary

បន្ទាប់ពីលោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់ រហូតមកទល់នឹងពេលនេះ សមត្ថកិច្ចមិនទាន់រកភស្តុតាងជាក់លាក់ មក បង្ហាញតុលាការ ដើម្បីបញ្ជាក់ថា ជនជាប់ចោទប៊ន សំណាង និង សុខ សំអឿន ជាឃាតករពិតនៅឡើយ។ «ភាពពិត» ដែល​អ្នកផងមើលឃើញនោះ វាមិនមែនជា«យុត្តិធម៌» ដូចមាននៅក្នុងសាលក្រម របស់សាលាឧទ្ធរណ៍ដែលមាន លោក​ចៅក្រមជួន ស៊ុនឡេង ជាប្រធាន ចៅក្រមប្រឹក្សា លោក សេង ស៊ីវុត្ថា លោក ព្រះរាជអាជ្ញា តាន់សេង ណារ៉ុង នោះទេ។ ​នៅក្នុង អង្គសវនាការ នៃការប្រកាសសាលក្រមនេះ លោកជួន ស៊ុនឡេង បានចោទប្រកាន់លោកប៊ន សំណាង និង​លោក សុខ សំអឿន ពីបទ«ឃាតកម្មគិតទុកជាមុន» ផ្តន្ទាទោសតាមមាត្រាបី នៃស្ថានទំងន់ទោសនៃបទឧក្រិដ្ឋ ឲ្យជាប់​ពន្ធនាគារ ក្នុងម្នាក់ៗ«ម្ភៃឆ្នាំ» និងរួមគ្នាសងសំណងជំងឺចិត្ត ទៅដើមបណ្តឹងរដ្ឋប្បវេណី ចំនួនសែសិបលានរៀល និងបាន​ចាប់​ឃុំ​ខ្លួនជនជាប់ចោទទាំងពីរ បន្ទាប់ពីការប្រកាសសាលក្រមចប់ ។

លោក ហុង គឹមសួន មេធាវីការពារជនជាប់ចោទទាំងពី បានថ្លែងប្រាប់អ្នកកាសែតថា ការសម្រេចរបស់ចៅក្រម ក្នុងការ ផ្តន្ទាទោសឡើងវិញលើកូនក្តី ប៊ន សំណាង និងសុក សំអឿន យ៉ាងដូច្នេះ នេះជាការយល់ឃើញរបស់ចៅក្រម ដែលមាន​ឆន្ទានុសិទ្ធិ ហើយតុលាការបើកសិទ្ធិឲ្យភាគីណាមួយ ដែលមិនសុខចិត្ត អាចប្តឹងទាស់ទៅតុលាការកំពូល ។

តែលោកមេធាវី ថ្លែងបញ្ជាក់ថា សាលដីកានេះ«មិនយុត្តិធម៌»ទេ ។ លោកនិយាយថា «បើយើងប្រើពាក្យយុត្តិធម៌ ទាល់​តែរកភស្តុតាងឲ្យឃើញ ហើយព្រះរាជអាជ្ញាចោទ។ តែនេះអគ្គព្រះរាជអាជ្ញា អត់ទាន់ចោទផងហ្នឹង។» បើតាមលោកមេធាវី ចៅក្រមគាត់ជម្រះ និងសម្រេចខ្លួនឯង គឺគាត់ដើរតួជាព្រះរាជអាជ្ញាផង និងជាចៅក្រមជម្រះផង ហើយនៅក្នុង​សវនាការ ព្រះរាជអាជ្ញាមិនបានបង្កើតសេចក្តីសន្និដ្ឋាន ឬធ្វើការចោទប្រកាន់ជាថ្មីនោះទេ ដែលជាហេតុធ្វើអោយខ្វះចន្លោះ មិនទាន់​គ្រប់គ្រាន់តាមនីតិវិធី ។ បើនៅមិនទាន់គ្រប់គ្រាន់ តាមផ្លូវច្បាប់ វាជាវិមតិសង្ស័យនៅឡើយ ហើយរាល់«ការសង្ស័យ» នឹងជាប្រយោជន៍ដល់ជនជាប់ចោទ។

លោកមេធាវី ហុង គឹមសួន ក៏បានឲ្យដឹងថា លោកបានដាក់ពាក្យបណ្តឹងសារទុក្ខ ជម្ទាស់ការសម្រេច​របស់​តុលាការ​សាលាឧទ្ធរណ៍នេះ ទៅកាន់តុលាការកំពូលរួចហើយ។ លោកបញ្ជាក់ថា លោកបានប្តឹងទាស់នឹងសាលក្រមទាំងមូល និងប្តឹងពីការសម្រេចចាប់ឃុំខ្លួនសាឡើងវិញ ដែលវាផ្ទុយគ្នាជាមួយនឹងសាលដីកាតុលាការកំពូល កាលពីបង្គាប់ឲ្យ​ដោះលែង ប៊ន សំណាង និងសុក សំអឿន ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨។

ចំណែកលោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ថិមនុស្ស របស់អង្គការលីកាដូវិញ លោកបាន​លើកឡើង ទាក់ទងនឹងសាលក្រមនេះថា ជាឆន្ទានុសិទ្ទិរបស់តុលាការ តែលោកគិតថា ការស៊ើបអង្កេតបន្ថែម គ្មានអ្វី​ប្លែកពីមុនទេ ។ លោកសង្កត់ធ្ងន់ថា «តុលាការកំពូលបានធ្វើការចង្អុលបង្ហាញ ដោយចាត់របៀប​សូមឲ្យតុលាការ​សាលាឧទ្ធរណ៍ ធ្វើការស៊ើបអង្កេត ទៅលើចំណុចចន្លោះប្រហោរឡើងវិញ។ ដោយសារតែមានចំណុច ចន្លោះ​ប្រហោង​នេះហើយ បានជាតុលាការកំពូលសម្រេចដោះលែងលោក ប៊ន សំអាង និងលោក សុក សំអឿន ឲ្យនៅក្រៅឃុំ​បណ្តោះអាសន្ន ។ អញ្ចឹងយើងគិតថា រឿងនេះវានៅតែមានចំណុចចន្លោះប្រហោង និងនៅតែមានវិមតិសង្ស័យ។ វិមតិសង្ស័យ វាជាប្រយោជន៍សម្រាប់ជនជាប់ចោទ។ ជនជាប់ចោទ គួរតែនៅក្រៅឃុំជាបន្តទៀត។»

គួរបញ្ជាក់ថា ខាងសង្គមស៊ីវិល រួមនឹងម្ចាស់បណ្ដឹងរដ្ឋប្បវេណីផង បានចាត់ទុកអ្នកទាំងពីរ ជាជន​ជាប់ចោទសិប្បនិម្មិត ដែលគ្មានកំហុស ដូចការចោទប្រកាន់របស់តុលាការទេ។ លោកអំ សំអាតបន្តថា «នេះជាភាពអយុត្តិធម៌ សម្រាប់លោក ជា វិជ្ជា និងគ្រួសារគាត់ ដោយរកឃាតករពិតមិនឃើញ»។ តាមការស៊ើបអង្កេតរបស់លោកកន្លងមក ទៅលើសំនុំរឿងនេះ បានបង្ហាញថា ប៊ន សំណាង និង សុខ សំអឿន មិនមែនជាឃាតករទេ ហើយលោកទទូចឲ្យតុលាការ រកឃាតករពិត​មកដាក់ទោសតាមច្បាប់។

អ្នកស្រីនាងសុខ ខេន ជាភរិយារបស់លោក សុខ សំអឿន បាននិយាយថា ស្វាមីលោកស្រីជាមនុស្សល្អស្លូតត្រង់ ។ ស្ត្រី​អាយុ៣០ឆ្នាំរូបនេះ បានថ្លែងពីក្ដីសង្ឃឹមរបស់ ប្តីអ្នកស្រី ដែលថានឹង«មានសេរីភាពពេញលេញ» នៅថ្ងៃបន្ទាប់ ពី​សាល​ក្រមរបស់តុលាការ។ តែផ្ទុយទៅវិញ ជាសាលក្រម ដែលអ្នកស្រីនឹកស្មានមិនដល់ ហើយអ្នកស្រីថាជារឿងអយុត្តិធម៌ ដែលតុលាការដាក់បន្ទុកលើ ប្តីលោកស្រីជាឃាតករនោះ ។ ទន្ទឹមនឹងនេះ អ្នកស្រីបានស្នើរសុំ ព្រះរាជអន្តរាគមន៍ ពី​ព្រះមហាក្សត្រ ឲ្យជួយដោះលែងប្តីលោកស្រី។

គួរំលឹកថាបន្ទាប់ពីជនជាប់ចោទ ប៊ន សំណាង និងសុខ សំអឿន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ​២០០៤ គឺមួយសប្តាហ៍ក្រោយ ឃាតកម្មបាញ់សម្លាប់លោក ជា វិជ្ជា នៅមុខតូបលក់កាសែត ជាប់របងវត្តលង្កា​រាជធានី​ភ្នំពេញ ហើយបានរស់នៅក្នុងពន្ធនាគាររយៈពេលជិតប្រាំឆ្នាំ ។ ក្នុងឆ្នាំ២០០៨ តុលាការកំពូលកម្ពុជា បានសម្រេចឲ្យ​ជនជាប់​ចោទទាំងពីរ នៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញ ឯកសារចោទប្រកាន់មួយចំនួនរបស់នគរបាល ថាមាន​ភាពមិនច្បាស់លាស់ និងបានបញ្ជាឲ្យសាលាឧទ្ធរណ៍ បើកការស៊ើបអង្កេតសំណុំរឿងនេះឡើងវិញ។

ការចាប់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ ធ្វើឡើងក្នុងពេលជាមួយគ្នា ដោយអាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញ ដឹកនាំដោយលោក ហេង ពៅ កាលលោកនៅកាន់តំណែង ជាស្នងការនគរបាលរាជធានី។ ប៉ុន្តែក្រោយពី  ត្រូវបាន​ដកតំណែង និងជាប់ទោសដែរនោះ  អតីតទីប្រឹក្សានាយករដ្ឋមន្ត្រីរូបនេះ ធ្លាប់បានសារភាពបកអាក្រាត តាមប្រព័ន្ធ​ផ្សព្វផ្សាយថា ប៊ន សំណាង និង សុខ សំអឿន មិនមែនជាឃាតករពិតទេ៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី ភ្នំពេញ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...