ការសារភាពពី«មនុស្សឃាត»របស់ ឌុយតែតេ កំពុងរងការអង្កេត
- ដោយ: កេសរ កូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ ធ្នូ ២០១៦
- កែប្រែចុងក្រោយ: December 25, 2016
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពាក្យសំដីមិនសំចៃមាត់ របស់លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ទំនងជាមិនបានបង្កភាពសុខសាន្ដ ដល់រូបលោក និងនយោបាយរបស់លោក ប៉ុន្មានទេ។ ហើយលើកនេះ គឺជាសំដីទម្លាយចេញ ដោយលោកខ្លួនឯង ដែលបានថ្លែងកាលពីសប្ដាហ៍កន្លងទៅ សារភាពថា លោកបានសម្លាប់មនុស្សជាច្រើននាក់ នៅក្នុងអំឡុងពេលលោក កាន់តំណែងក្នុងអណត្តិដំបូង (ឆ្នាំ១៩៨៨) ជាអភិបាលក្រុង ដាវៃ (Davao) ទីក្រុងធំទីពីរ ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសហ្វីលីពីន។
» អានអត្ថបទ៖ ឌុយតែតេ សារភាពថាបានសម្លាប់មនុស្ស ដើម្បី«ឲ្យគំរូ»
កាលពីថ្ងៃអង្គារ ស្នងការជាន់ខ្ពស់ ទទួលបន្ទុកសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ លោក «Zeid Ra'ad al Hussein» បានថ្លែងចាត់ទុកសំដីនោះ ថាវាពិត«ជាទង្វើមនុស្សឃាត» ហើយបានស្នើសុំឲ្យប្រព័ន្ធយុត្តិធម៌ របស់ប្រទេសហ្វីលីពីន ឲ្យបើកការស៊ើបអង្កេតមួយឡើង។
ប្រធានគណៈកម្មការសិទ្ធិមនុស្ស របស់ប្រទេសហ្វីលីពីន លោក «Jose Gascon» បានប្រកាស នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា លោកបានបង្កើតក្រុមការងារមួយ ដើម្បីស៊ើបអង្កេត ពីអ្វីដែលលោក ឌុយតែតេ បានលើកឡើង។ លោក «Gascon» បានអះអាងថា៖ «ភ្នាក់ងារថែរក្សាសណ្ដាប់ធ្នាប់ ត្រូវធ្វើការស៊ើបអង្កេត ជាស្វ័យប្រវត្តិ ទៅលើព័ត៌មានដែលអះអាងថា មានឧក្រិដ្ឋមួយបានកើតឡើង ដើម្បីធ្វើុយ៉ាងណា ឲ្យជនដែលប្រព្រឹត្តិ ត្រូវទទួលខុសត្រូវពីទង្វើរបស់ខ្លួន ប្រសិនណាជាភស្ដុតាង បានបញ្ជាក់ពីករណីដូច្នេះមែន»។
គណៈកម្មការសិទ្ធិមនុស្ស ជាស្ថាប័នជាតិឯករាជ្យមួយ របស់កោះហ្វីលីពីន ដែលមានសិទ្ធិអំណាច ក្នុងការតាមដានសមាជិក របស់កងកម្លាំងមានសមត្ថកិច្ច ឬជនទទួលខុសត្រូវទាំងឡាយណា ដែលជាប់សង្ស័យ ក្នុងការធ្វើទារុណកម្ម ការសម្លាប់ក្រៅប្រព័ន្ធច្បាប់ ឬរំលោភទៅលើច្បាប់រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។ គណៈកម្មការនេះ ធ្លាប់ស៊ើបអង្កេតលើលោក ឌុយតែតេ ម្ដងហើយ តែមិនបានបន្តសំនុំរឿងនោះទេ។
តែលើកនេះ គណៈកម្មការបានសម្រេច បង្កើតក្រុមការងារពិសេសផ្សេង ដើម្បីបើកសំនុំរឿងថ្មី ទាក់ទងនឹងសំដីសារភាព របស់លោក ឌុយតែតេ ក្នុងការសម្លាប់មនុស្ស នៅក្រុង ដាវៃ។ លោក «Jose Gascon» បានបន្តទៀតថា៖ «ការស៊ើបអង្កេតនេះ នឹងផ្ដោតទៅលើការទម្លាយឲ្យដឹងថ្មីៗ និងសំដីសារភាពជាសាធារណៈ ដែលអាចជាពន្លឺដ៏សំខាន់ បំភ្លឺឲ្យការស៊ើបអង្កេតលើកមុន»។
លោក រ៉ូឌ្រីចូ ឌុយតែតេ បានជាប់ឆ្នោត ជាប្រធានាធិបតីហ្វីលីពីន ដោយសារភាពល្បីល្បាញរបស់លោក ក្នុងការបង្ក្រាបឧក្រិដ្ឋកម្ម និងការរត់គ្រឿងញៀន នៅពេលលោកកាន់តំណែង ជាអភិបាលក្រុង។ បន្ទាប់ពីលោកបានស្បថ ឡើងកាន់តំណែង ជាប្រធានាធិបតី កាលពីខែមិថុនាកន្លងទៅ លោកបានប្រកាសប្រើកណ្ដាប់ដៃដែក ដោយបើកយុទ្ធនាការ បង្ក្រាបបណ្ដាញគ្រឿងញៀន នៅលើផ្ទៃប្រទេស បង្កឲ្យមនុស្សច្រើនជាង៥៣០០នាក់ ត្រូវបានសម្លាប់ ក្នុងនោះ ២១២៤នាក់ បានស្លាប់ក្រោមស្នាដៃ របស់កងកម្លាំងអាជ្ញាធរ។
គណៈកម្មការសិទ្ធិមនុស្សហ្វីលីពីន ក៏បានបើកការអង្កេត ទៅលើការបាញ់សម្លាប់មនុស្ស ពីសំណាក់កងកម្លាំងនគរបាលនោះដែរ។ ប៉ុន្តែលោក ឌុយតែតេ បានចេញមុខ ការពារភ្នាក់ងារនគរបាលថា សម្លាប់ជនរត់គ្រឿងញៀន និងគ្រឿងស្រវឹង គ្មានទោសទេ។
លោក «Ernesto Abella» អ្នកនាំពាក្យរបស់លោក រ៉ូឌ្រីចូ ឌុយតែតេ បានថ្លែងបំភ្លឺកាលពីថ្ងៃពុធ ថាលោក ឌុយតែតេ បានសម្លាប់មនុស្ស៣នាក់ នៅក្នុងក្របខណ្ឌ នៃប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្ម ពីសំណាក់នគរបាល។ ប៉ុន្តែអ្នកនាំពាក្យ មិនបានបញ្ជាក់ឲ្យច្បាស់ទេថា លោក ឌុយតែតេ បានសម្លាប់មនុស្ស ខណៈលោកគ្មានតួនាទី ដូចជាភ្នាក់ងារនគរបាលនោះឡើយ៕