ប៉ះ​ស្ត្រី​ពោះ​ធំ​ឲ្យ​ធ្លាក់​ពី​ម៉ូតូ ជន​បរទេស​ម្នាក់​នេះ​ចង់​បើក​ឡាន​រត់!

គ្រោះថ្នាក់ចររាចរណ៍មួយ បានកើតឡើង នៅព្រឹកថ្ងៃទី៩ ខែកក្កដានេះ រវាងរថយន្តជនបរទេសម្នាក់ និង​ម៉ូតូ​ប្ដី​ប្រពន្ធ​មួយ​គូ ដែល​កំពុង​ដឹក​ប្រពន្ធ​មាន​ផ្ទៃពោះ ទៅមន្ទីពេទ្យ។ ហេតុការណ៍ ធ្វើឲ្យស្រ្តីជាប្រពន្ធម្ចាស់ម៉ូតូ ដួល​ងើប​មិន​រួច ចំណែក​ម្ចាស់​ឡាន ជា​ជន​បរទេស​វិញ មិនចុះមកដោះស្រាយ ទទួលខុសត្រូវ ថែមទាំងចោទថា ម៉ូតូ​អ្នក​​ខុស​​ទៅ​វិញ និង​ថែម​ទាំង​ចង់​បើក​ឡាន គេចខ្លួនទៀត។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ០៩ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 09, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីគ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង០៨ និង១០ នាទីព្រឹកថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៥ នៅ​តាមបណ្តោយផ្លូវ៣៦០ កែងមហាវិថីនរោត្ដម ពីមុខសណ្ឋាគារ អេនិក ប៊ូទិក នរោត្ដម ។ សាក្សី​នៅក្នុង​ហេតុ​ការណ៍ម្នាក់ បានយករឿងនេះ មកផ្សាយនៅលើគណនេយ្យហ្វេសប៊ុក របស់លោកថា ឡានជាអ្នក​បំពាន​ព្រោះ បើកក្នុងល្បឿនលឿន ទោះជាដឹងថា ដល់ចំណុចកែង ឡើងទៅកាន់ផ្លូវអទិភាព អ្នកជិះផ្លូវធំក៏ដោយ។

មានឈ្មោះនៅហ្វេសប៊ុកថា «ឈាមខ្មែរ» សាក្សីរូបនោះបានបញ្ជាក់ថា ជនបរទេម្នាក់នោះ មិនចេញមក​ដោះ​ស្រាយ តែបែរចង់ជិះរថយន្ដគេចខ្លួនទៅវិញ។ ឃើញរឿងបែបនេះ លោក «ឈាមខ្មែរ»ដែលនៅក្នុង​ហេតុ​ការណ៍​នេះ នៅនឹងមុខលោក តាំងពីដំបូងនោះ បានជិះម៉ូតូលោក ទៅដាក់ពីមុខរថយន្ដនោះ ដើម្បីបង្ខំ​ឲ្យ​ឈប់។

រំពេចនោះ ម្ចាស់ឡានជាជនជាតិបរទេស បានចេញមក រួចនិយាយខ្លាំងៗ ដាក់លោក«ឈាមខ្មែរ» ជាភាសា​អង់គ្លេសថា៖ «អ្នកឯងធ្វើស្អីគេហ្នឹង? ហេតុអីបានឃាត់ឡានខ្ញុំ? ខ្ញុំមិនបានខុសទេ គាត់ជាអ្នកជិះម៉ូតូ មក​បុក​ឡាន។ ខ្ញុំមិនយល់ថា ហេតុអ្វីអ្នកមើលមិនឃើញ អ្នកខុស។»  លោក«ឈាមខ្មែរ» បានតបទៅវិញ ជាភាសា​អង់គ្លេសដែរថា៖ «ខ្ញុំជាអ្នកឃើញផ្ទាល់ភ្នែក ឡានរបស់លោក បើកលឿនមិនបង្អង់ ខណៈដែលឆ្លងផ្លូវ​អទិភាព​របស់គេ រហូតដល់បុកម៉ូតូ នៅលើផ្លូវធំ។ ប្តីប្រពន្ធមួយគូនោះ មានប្រពន្ធពោះធំ ដួសងើបមិនរួច។ អ្នកឯង បែរ​ជានៅក្នុងឡាន មិនចេញមកដោះស្រាយ។»

នៅចំពោះការអះអាង របស់លោក«ឈាម ខ្មែរ» ដែលនិយាយថា អ្នកជិះម៉ូតូ គេជិះក្នុងល្បឿនធម្មតាប៉ុណ្ណោះ តែរថយន្ដនេះទេ ដែលបានយ៉ាងលឿន រហូតបុកម៉ូតូនោះ ជនបរទេសដែលបានចុះ ពីលើរថយន្ដរបស់ខ្លួន ហើយដូចជាមានបំណងចង់រកវាយលោក «ឈាម ខ្មែរ» ដោយបានស្រែកឡើងថា៖ «You are a liar… I was driving slowly. (អ្នកឯង ជាមនុស្សនិយាយកុហក... ខ្ញុំបានបើកឡាន យឺតៗសោះ)»។

បន្ទាប់ពីឈ្លោះប្រកែកមិនត្រូវគ្នា នៅកណ្តាលថ្នល់ អស់មួយសន្ទុះធំ សមត្ថកិច្ចចរាចរណ៍បានមកដល់ និង​បាន​ធ្វើការវាស់វែង។ បន្ទាប់ពីការវាស់វែងរួច ភាគីម្ចាស់ឡាន ដែលជាជនបរទេស បានយល់ព្រម ស្តាប់មន្រ្តី​ចររាចរណ៍ ដោយផ្តល់សំណង ទៅភាគីម្ចាស់ម៉ូតូ ចំនួន ៤០ដុល្លា ដើម្បីបញ្ចប់រឿង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...