ទីលានប្រជាធិបតេយ្យ នឹងមានសេរីភាព ក្រោយបក្សប្រឆាំងចូលសភា?
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៣ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 25, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ទីលានប្រជាធិបតេយ្យ នឹងត្រូវបើកក្រោយការ«ស្បថ»ចូលសភា ឬចូលកាន់តំណែងនៃតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ។ នេះជាការបញ្ជាក់ របស់មន្ត្រីទទួលខុសត្រូវនៃគណបក្សប្រជាជន នៅក្រោយជំនួបប្រជុំនៃថ្នាក់ដឹកនាំកំពូលគណបក្សទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។
ទីលានប្រជាធិបតេយ្យ ហ៊ុំព័ទ្ធដោយបន្លាលួស តាំងពីចុងខែមេសាឆ្នាំ២០១៤មក។ (រូបថត MONOROOM.info/ C. Nita)
សិទ្ធិ សេរីភាព - «បិទ»ទីលានប្រជាធិបេយ្យ មានន័យស្មើនឹងបិទ«ច្បាប់» ដែលផ្តល់សិទ្ធិដល់ពលរដ្ឋគ្រប់រូបក្នុងការសម្តែងមតិ និងសេរីភាព។ តែទើបតែមកដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ម្សិលម៉ិញនេះ ទើបមានដំណឹងលេចឮជាផ្លូវការថា ទីលានប្រជាធិបតេយ្យ អាចនឹងត្រូបើកឲ្យដំណើរការជាថ្មីឡើងវិញ ក្រោយការ«ស្បថ»ចូលសភា នៃតំណាងរាស្រ្តជាប់ឆ្នោតគណបក្សប្រឆាំង។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃលោក ព្រំ សុខា និងជាអ្នកដឹកនាំក្រុមចចារនៃគណបក្សប្រជាជនកម្ពុជា បានលើកឡើងក្នុងសន្នសិទសារព័ត៌មាន ក្រោយជំនួបកំពូលម្សិលម៉ិញនេះ នាវិមានព្រឹទ្ធសភាថា នឹងពន្លឿនការស៊ើបអង្កេតឲ្យបានឆាប់ ដើម្បីជំរុញឲ្យមានការបើកទីលានក្នុងពេលឆាប់ៗនេះ ក្រោយពេលដែលបេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិស្បថចូល«កាន់តំណែង»។ តែលោកមិនបានបង្ហាញ ឬធានានូវពេលវេលាពិតប្រាកដ នៃការបើកទីលាននោះនៅពេលណានោះទេ។
រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ បានបន្ថែមថា មានបញ្ហា«ពីរ»ដែលត្រូវធ្វើការដោះស្រាយជាមុន ក្រោយការចូលសភានៃតំណាងរាស្រ្តបក្សប្រឆាំង។ «យើងនឹងពិនិត្យនីតិវិធី នៃការស៊ើបអង្កេត។ ព្រោះទីលានប្រជាធិបតេយ្យ ពាក់ព័ន្ធបញ្ហាពីរ អំពើហិង្សាកាលពីថ្ងៃទី២-៣ ខែមករា និងថ្ងៃទី១៥ ខែកក្កដា(ឆ្នាំ២០១៤)នេះម្តងទៀត។»
ក្នុងកិច្ចប្រជុំចរចាថ្នាក់កំពូលនេះ គណបក្សសង្គ្រោះជាតិ បានព្រមព្រៀងចូលប្រជុំរដ្ឋសភា។ តែលោក យឹម សុវណ្ណ ក្នុងសន្និសីទសាព័ត៌មាន មិនបានបញ្ជាក់ពីពេលវេលា នៃការចូល«ស្បថ»កាន់តំណែងនោះទេ គ្រាន់តែពោលយ៉ាងខ្លីយ៉ាងថា «ក្នុងពេលឆាប់ៗខាងមុខ»។
ទីលានប្រជាធិបតេយ្យត្រូវបានបិទ និងឃុំឃាំងទៅដោយបន្លាលួស និងរនាំងដែកជាច្រើនជាន់ ព្រមទាំងមានកម្លាំងសមត្ថកិច្ចសម្រុះនៃខណ្ឌទាំង៩ ក្នុងរាជធានីភ្នំពេញ ធ្វើការយាមទាំងយប់ទាំងថ្ងៃ ដោយប្រុងប្រយ័ត្ន«បំផុត»។ ការបិទនេះ ត្រូវបានប្រកាសឲ្យដឹង ក្រោមហេតុផលរបស់រដ្ឋាភិបាលថា ដើម្បីរក្សានិងការពារនូវសន្តិសុខ អំឡុងពេលបើកការស៊ើបអង្កេត ករណីហិង្សានៅផ្លូវវ៉េងស្រេង។
ទោះយ៉ាងណាក៏ដោយ ការស៊ើបអង្កេតចប់ឬមិនទាន់ចប់ ក្រៅពីការសន្យាកន្លងមករបស់ខ្លួន រដ្ឋាភិបាលកម្ពុជាមិនដែលបានបង្ហាញពីជំហរ ឬសកម្មភាពពិត ក្នុងការដោះស្រាយរឿងនោះ នៅឡើយទេ។ ជាងនេះទៅទៀត ពី ជនជាប់ចោទដោយក្រុមសមត្ថកិច្ចចម្រុះចាប់ខ្លួន កាលពីថ្ងៃទី២-៣ ខែមករានោះ ត្រូវបានតុលាការធ្វើការដោះលែងហើយ កាលពីថ្ងៃទី៣០ ខែឧសភា កន្លងមកនេះ មានន័យស្មើនឹងសំនុំរឿងថ្ងៃទី២-៣ ខែមករា ត្រូវបានបញ្ចប់សឹងតែរួចរាល់ហើយ។ តែដោយឡែកទីលានប្រជាធិបតេយ្យ នៅតែជាប់ឃុំ ហ៊ុំព័ទ្ធដោយបន្លាលួស និងរនាំងដែកដដែល៕