«សូមឯកឧត្ដម កុំនាំពាក្យដូច ផៃ ស៊ីផាន ឲ្យសោះ!»
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២៣ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 23, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លោក ផៃ ស៊ីផាន លើកដៃចង់ធ្វើប្រដាល់ ជាមួយរូបចម្លាក់។ (រូបថតហ្វេសប៊ុក)
ពីនេះពីនោះ - «ខ្ញុំសូមឲ្យឯកឧត្ដមអ្នកនាំពាក្យ (...) ធ្វើម៉េចកុំនាំពាក្យដូចឯកឧត្ដម ផៃ ស៊ីផាន និង (...) ស្អីៗណ្នឹង» នេះជាសម្លេងដែលគេបានស្ដាប់ឮ នៅតាមវិទ្យុ ហើយត្រូវបានអ្នកសម្របសម្រួលកម្មវិធី ប្រកាសឈ្មោះ មករា ពីខេត្តក្រចេះ ដែលបាននិយាយយកលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណរដ្ឋមន្ត្រី មកថ្លែងបញ្ជាក់ក្នុងឃ្លា ដ៏គួឲ្យភ្ញាក់ផ្អើលរបស់លោក។
បុរស មករា បានបន្ថែមភាពភ្ញាក់ផ្អើលទៀតថា «ព្រោះ (ពួកគាត់) នាំពាក្យ ប្រជាជនមិនចង់ស្ដាប់ទេ។ សូមឲ្យឯកឧត្ដមនាំពាក្យឲ្យបានច្បាស់ៗ អញ្ចឹងបានប្រជាជនចូលចិត្តស្ដាប់។»
នៅមិនអស់ចិត្ត នឹងការលើកឡើងរបស់ពលរដ្ឋរូបនេះ លោក ជុន ច័ន្ទបុត្រ ដែលជាអ្នកសម្របសម្រួលកម្មវិធី បានសួរបកទៅវិញថា៖ «មើលទៅច្បាស់ទេប៉ុណ្ណឹង? (...) ឬក៏នៅតែមានបញ្ហា?» បុរស មករា ដែលមានសំនៀងជាពលរដ្ឋនៅតាមខេត្តនោះ បានបន្តពន្យល់ថា៖ «បាទ ខ្លាចលោថ្ងៃក្រោយទៅ ដូចឯកឧត្ដម ផៃ ស៊ីផាន ណ្នឹង ... គ្រាន់តែឮសម្លេង ប្រជាជានបិទសម្លេងចោលបាត់។ អញ្ចឹងសូមឯកឧត្ដម (យឹម សុវណ្ណ) និយាយឲ្យច្បាស់ៗ។»
ការព្រមានរបស់ពលរដ្ឋរូបនេះ ទំនងជាបានធ្វើដោយប្រយោល ចំពោះគណបក្សសង្គ្រោះជាតិ តាមរយៈលោក យឹម សុវណ្ណ អ្នកនាំពាក្យ និងជាតំណាងឲ្យលោក សម រង្ស៊ី និងលោក កឹម សុខា បន្ទាប់ពីគណបក្សនេះបាននាំគ្នា ទាំងមេបក្ស និងទាំងថ្នាក់ដឹកនាំជាន់ខ្ពស់របស់បក្ស បានចូលទៅធ្វើកិច្ចព្រមព្រៀង បញ្ចប់វិបត្តិជាប់នយោបាយ ដែលកើតមានជិតមួយឆ្នាំមកហើយ។ ការយល់ព្រមទាំង៧ចំណុច ដែលចេញពីជំនួបកំពូលថ្ងៃទី២២ ខែកក្កដា ជាមួយលោក ហ៊ុន សែន បានបង្កឲ្យអ្នកគាំទ្រមួយភាគ របស់គណបក្សសង្គ្រោះជាតិ សម្ដែងការមិនពេញចិត្ត និងថែមទាំងបានធ្វើការថ្កោលទោសនោះទៀត។
ប៉ុន្តែ អ្វីដែលធ្វើឲ្យអ្នកស្ដាប់វិទ្យុអាស៊ីសេរីទាំងអស់ភ្ញាក់ក្រញាង ពីការលង់លក់ព្រោះពាក្យពន្យល់របស់លោក យឹម សុវណ្ណ នោះ គឺប្រិយមិត្តអ្នកស្ដាប់វិទ្យុពីខេត្តក្រចេះ លោក មករា បានធ្វើការព្រមានដូចក្នុងប៉ុន្មានឃ្លាខាងលើ ដោយយកលោក ផៃ ស៊ីផាន មកធ្វើការប្រៀបធៀប។
យ៉ាងណាក៏ដោយ សម្រាប់អាជីពជាអ្នកនាំពាក្យ មិនមែនជាអ្នកនិយាយ ដែលចេញពីបេះដូងរបស់ខ្លួនទាំងស្រុងនោះទេ។ អ្នកនាំពាក្យភាគច្រើន មិនថាតែនៅក្នុងប្រទេសកម្ពុជាទេ សុទ្ធសឹងជាមនុស្ស ដែលមានជំនាញខាងសូត្រតាម ឬចេះធ្វើអត្ថាធិប្បាយ«តាម» ដែលមិនសូវខុសប៉ុន្មាន ពីសត្វ«សេក»នោះឡើយ៕