ផៃ ស៊ីផាន ការពារ សុខ សូកាន ឡើង​ជាតំណាង​រាស្ត្រ ថា​ជា​ជម្រើស​របស់​ពលរដ្ឋ

បន្ទាប់ពីលោក សុខ សូកាន កូនប្រុសឧបនាយករដ្ឋមន្រ្តី សុខ អាន ឡើងកាន់តំណែងជាតំណាងរាស្រ្ត មណ្ឌល​តាកែវ​ជំនួស​លោក សូ ឃុន ដែលបានទទួលមរណៈភាព កាលពីពេលកន្លងទៅ មានមតិរិះគន់បានធ្វើការ​រិះគន់​ឡើង​ថា លោក សុខ សូកាន ឡើងជាតំណាងរាស្ត្រនេះ ដោយសារតែមានខ្នងបង្អែក។ បញ្ហានេះ ត្រូវបានលោក ផៃ ស៊ីផាន ការពារលោក សុខ សូកាន ដោយបានថ្លែងថាជាជម្រើសដ៏ល្អមួយ។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ កុម្ភៈ ២០១៥
  • កែប្រែចុងក្រោយ: February 03, 2015
  • ប្រធានបទ: បក្សពួក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ខណៈ​ដែល​មាន​ការ​រិះគន់ ចំពោះ​ការ​ផ្តល់​តំណែង​ទៅ​លោក សុខ សូកាន កូន​ប្រុស​លោក សុខ អាន ​ឱ្យ​​ក្លាយ​​​ជា​តំណាង​រាស្រ្ត មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រចាំ​មណ្ឌល​តាកែវ ជំនួស​លោក សូ ឃុន អតីត​រដ្ឋមន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​បាន​ទទួល​មរណភាព កាល​ពី​ពេល​ថ្មីៗ​នេះ លោកផៃ ស៊ីផាន បាន​ចេញ​មុខ​ការពារ និង​បក​ស្រាយ​ទល់​នឹង​រាល់​ការ​រិះគន់​ទាំង​អស់ ដែល​បាន​ធ្វើ​យ៉ាង​ចាស់​ដៃ ទៅ​លើ​លោក សុខ សូកាន។

លោក ផៃ ស៊ីផាន បាន​សរសេរ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា៖ «ក្នុង​នាម​ខ្ញុំ ជា​មន្ត្រី​ជាន់​ខ្ពស់​របស់ CPP សូម​ឆ្លើយ​តប​ទាក់​ទិន​នឹង​ភាព​ជា​តំណាង​រាស្រ្ត​ពេញ​លេញ នៅ​ក្នុង​រដ្ឋសភា របស់​ឯកឧត្តម សុខ សូកាន គឺ​ឆ្លើយ​តប និង​នីតិវិធី​គោល​ការណ៍​ច្បាប់​រដ្ឋ និង​នីតិវិធី​គោល​ការណ៍ របស់​គណបក្ស​ប្រជាជន ជា​មួយ​នឹង​លទ្ធផល ដែល​កើត​ចេញ​ពី​គោល​ការណ៍ និង​យន្តការ​ផ្ទៃ​ក្នុង​របស់ CPP ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​មូលដ្ឋាន ដែល​រួម​ជា​មួយ នឹង​លទ្ធផល​នៃ​ស្វ័យ​សម្រេច ឯករាជ្យ​របស់​បេក្ខភាព ដែល​មាន​លេខ​រៀង​ខាង​លើ​ ជា​បេក្ខជន​តំណាង​រាស្ត្រ​នេះ»។

លោក សុខ សូកាន ជាបេក្ខជនពេញសិទ្ធិដែលមានលេខរៀងទី៨ ក្នុងបញ្ជីឈ្មោះបោះឆ្នោត របស់គណបក្ស ប្រជាជនកម្ពុជានៅមណ្ឌលខេត្តតាកែវ។ ចំពោះការដែលគណបក្សប្រជាជនកម្ពុជា ដាក់ឱ្យកូនប្រុស​ឧប​នាយក​រដ្ឋមន្រ្តី សុខ អាន អ្នកមានឥទ្ធិពលម្នាក់ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា ឡើងតំណាងរាស្ត្រថ្មីនៃ​មណ្ឌល​តាកែវ ជំនួសលោក សូ ឃុន ត្រូវបានសាធារណៈជន និងអង្គការសង្គមស៊ីវិលលើកឡើងថា មាន​ភាព​មិន​ប្រក្រតី និងមិនមានតម្លាភាព ព្រោះនៅមណ្ឌលខេត្តតាខេត្តគណបក្សនេះមានបេក្ខជន៤រូប ជាប់ជា​តំណាង ដូច្នេះការឡើងតំណែងរបស់លោកសុខ សូកាន ត្រូវផ្លោះតំណែងជំនួសអ្នកដែលមានលេខរៀង​ទី៥។

លោក ផៃ ស៊ីផាន បានសរសេរថា តំណាងរាស្ត្រវ័យក្មេង និងជាកូនប្រុសទី៣របស់លោក សុខ អានរូបនេះ ជា​ជម្រើសរបស់ប្រជាពលរដ្ឋនៅក្នុងមណ្ឌលតាកែវ និងឯកភាពជាសមូហភាពរបស់ គណបក្សប្រជាជន​កម្ពុជា។ លទ្ធផលនេះ គឺមិនស្ថិតនៅក្រោមឥទ្ធិពលបុគ្គលណាម្នាក់ ជាអត្តនោម័តរបស់បុគ្គលណា​ម្នាក់នោះ​ឡើយ គឺ​ស្ថិត​នៅក្នុងភាពសន្យានុម័ត ដែលមិនត្រូវរំខាន ដោយបុគ្គល ឬក្រុមណាមួយបានឡើយ។

មន្រ្តីរដ្ឋាភិបាល និងជាអ្នកនាំពាក្យរូបនេះបន្ថែមថា៖ «រាល់ការជ្រៀតជ្រែក នៅក្នុងរូបភាពណាមួយនោះ គឺ​ចាត់​ទុកថា ជាការប្រមាថ និងវាយប្រហារលើដែនអធិបតេយ្យភាព និងគោលការណ៍របស់គណបក្ស​ប្រជាជន​កម្ពុជា។ ស្វ័យសម្រេចរបស់ CPP ជាកម្មសិទ្ធិផ្តាច់មុខរបស់សមាជិក និងគណបក្សប្រជាជនសុទ្ធសាធ។»

លោកសុខ សូកាន ត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា កាលពីថ្ងៃទី២ កុម្ភៈ ប្រជុំអនុម័តតាមសំណើរ​របស់គណបក្សប្រជាជនកម្ពុជាសុំប្រកាស ទទួលស្គាល់លោក សុខ សូកាន ជាតំណាងរាស្ត្រថ្មីនៃមណ្ឌល​តាកែវ ជំនួសលោក សូ ឃុន ដែលបានទទួលមរណភាព កាលពីខែមករា កន្លងទៅ។ លោក សុខ សូកាន ជា​សមាជិក​គណៈកម្មការសាធារណការដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្មរ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំ​ដែនដីនគរូបនីយកម្ម និងសំណង់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...