គម្រោងប្រគំតន្រ្តីលាយនឹងការ«ដើរស្រាត» នៅកោះពស់ ត្រូវបានផ្អាក
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 03, 2015
- ប្រធានបទ: វប្បធម៌
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្មីៗនេះ ដំណឹងនៃការប្រគុំតន្រ្តី Kazantip ដែលជាកម្មវិធីមួយ មានការប្រគុំតន្រ្តី អមដោយភ្លើងពណ៌ លំដាប់ពិភពលោក លាយឡំដោយការដើរស្រាត និងរួមភេទ មានការចូលរួមពី DJ ល្បីៗនៅលើពិភពលោក និងមានភ្ញៀវទេសចរណ៍លំដាប់អ្នកមាន ចូលរួមប្រមាណជាង១០ម៉ឺននាក់។ កម្មវិធីនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីប្រជាជនកម្ពុជា ជាពិសេសពីអ្នកប្រើប្រាស់បណ្តាញសង្គម ដោយអ្នកខ្លះគាំទ្រឱ្យមាន និងអ្នកខ្លះទៀតមិនគាំទ្រ។ សម្រាប់អ្នកមិនគាំទ្រ បានយល់ថា កម្មវិធី«ស្រាត»ដូច្នេះ ប៉ះពាល់វប្បធម៌ប្រពៃណីខ្មែរ។
គាំទ្រឬមិនគាំទ្រ ជារឿងមួយ។ ប៉ុន្តែ ពិធីប្រគុំតន្រ្តីបែបអាសអាភាសមួយនេះត្រូវបានផ្អាក ដោយមិនទទួលបានការអនុញ្ញាត ពីសាលាខេត្តព្រះសីហនុ។ សេចក្តីជូនដំណឹង របស់សាលាខេត្តសីហនុ ចុះហត្ថលេខាដោយលោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២ម្សិលម៉ិញ បានឱ្យដឹងថា៖ «ក្រោយពីសាលាខេត្ត បានចេញលិខិតអនុញ្ញាឱ្យក្រុមហ៊ុនរួចមក រដ្ឋបាលខេត្តពិនិត្យឃើញថា ដោយផ្អែកលើគេហរទំព័ររបស់ក្រុមហ៊ុន សកម្មភាពប្រគុំតន្រ្តីខាងលើ មានលក្ខណៈប្រាសចាកពីប្រពៃណីវប្បធម៌ និងកិត្តិយសជាតិខ្មែរ ពិសេសផ្ទុយពីកម្មវត្ថុនៃការស្នើរសុំ រដ្ឋបាលខេត្តព្រះសីហនុសម្រេចផ្អាកជាបន្ទាន់ នូវសកម្មភាពរៀបចំផ្សេងៗ ដែលទាក់ទងនឹងគម្រោងនៃការប្រគុំតន្រ្តី និងល្បែងកម្សានរបស់ក្រុមហ៊ុន Kazantip Asia.co,.Ltd នៅលើកោះពស់ សង្កាត់លេខបី ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ រដ្ឋបាលខេត្ត និងចាត់វិធានការតាមផ្លូវច្បាប់។»
សម្រាប់អ្នកប្រើប្រាស់បណ្តាញសង្គម ដែលគាំទ្រឲ្យមានកម្មវិធីនេះវិញ បានសរសេរថា៖ «វាយ៉ាប់ ត្រង់គេទៅសប្បាយកណ្តាលសមុទ្រហើយ យើងអត់ឃ្លានទៅចង់មើលគេ រួចមកស្រែកថាប៉ះពាល់វប្បធម៌ខ្មែរ...? យីយ៉ាប់មែន នាំគ្នាបំពានសិទ្ធិអ្នកដទៃរហូត.... យើងជួលផ្ទះឱ្យគេនៅដាច់ហើយ គេចង់ដេកស្រាត ឬចង់មុជទឹកស្រាត ឬចង់យកអ្នកណាទៅដេកជាមួយ វាជារឿងរបស់គេ... កុំនាំគ្នាទៅលួចមើលគេ ហើយស្រែកថាប៉ះពាល់កិត្តិយស ឬវប្បធម៌ជាតិនោះ.... បែបនេះគេហៅថាឆ្កួតលើលោកក៏មានមួយ... បើមានពីរ គឺមិនមែនហៅថាខ្មែរទេ... កណ្តាលកោះហ្នឹង វាមានស្អីជាវប្បធម៌?»
ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់បណ្ដាញសង្គមមួយចំនួនទៀត បានបរិហារដ្ឋបាលក្រុងព្រះសីហនុ ថាមានលក្ខណៈត្រឡប់ត្រឡិន មិនពិនិត្យសិក្សាសិន សឹមអនុញ្ញាតនោះទេ។ ដល់ពេលចេញការអនុញ្ញាត ឲ្យគេចំណាយទុនចូលមកកម្ពុជារួច ហើយមានប្រតិកម្មតាមក្រោយ ទើបស្រែកថា«ប៉ះពាល់វប្បធម៌» និងហាមគេមិនឲ្យធ្វើវិញ។ អ្នកប្រើប្រាស់ហ្វេសប៊ុកមួយរូប បានសរសេរថា៖ «វាអាចប៉ះពាល់វប្បធម៌ខ្លះមែន តែវប្បធម៌ត្រឡប់ត្រឡិនរបស់រដ្ឋបាលខ្មែរទៅវិញទេ ដែលមិនអាចប៉ះពាល់បាន»។
យោងតាមគេហទំព័ររបស់ Kazantip Asia.co,.Ltd បានដឹងថា ពិធីប្រគុំតន្រ្តីលាយឡំការដើរស្រាត និងខ្លះៗរួមភេទគ្នានោះ ដែលធ្វើជាលើកដំបូងនៅក្នុងប្រទេសកម្ពុជានេះ នឹងគ្រោងធ្វើនៅថ្ងៃទី១៨ ដល់ ២៨ ខែកុម្ភៈ ខាងមុខនេះ។ កាលពីឆ្នាំ២០១៤ Kazantip បានធ្វើជាលើកដំបូង នៅក្រៅរដ្ឋអ៊ុយក្រែន ក្នុងទីក្រុងតូចមួយឈ្មោះ Anaklia ក្នុងរដ្ឋ Georgia។
Kazantip បានចាប់ផ្តើមតាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៣ នៅតំបន់ Crimean ហើយនៅឆ្នាំ២០០២ ដល់ឆ្នាំ២០១៣ ប្រគុំនៅភូមិ Popvka នៅជិតទីក្រុង Myrnyi ក្នុងប្រទេស អ៊ុយក្រែន ហើយការប្រគុំតន្រ្តីនេះ គេប្រកាន់យកសំលៀកបំពាក់ពណ៌ទឹកក្រូច និងខោអាវពណ៌លឿងជាដើម។ មុននឹងកម្មវិធីនេះ ត្រូវបានយកមកធ្វើនៅកម្ពុជា ប្រទេសដែលទទួលធ្វើនោះជាប្រទេស អេក្វាទ័រស្ថិតក្នុងទ្វីបអាមេរិកឡាទីន៕
វីដេអូ ពី Kazantip (ហាមទស្សនា ចំពោះអ្នកមានអាយុក្រោម១៨ឆ្នាំ)៖