នូ ស៊ិប រូបភាពជាតារាចម្រៀងជើងចាស់ មិនអាចព្យាបាលជំងឺខ្លួនបាន
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី០៣ កុម្ភៈ ២០១៥
- កែប្រែចុងក្រោយ: February 03, 2015
- ប្រធានបទ: ជីវិត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជីវិតជាអ្នកសិល្បៈក្នុងប្រទេសកម្ពុជា មិនមានភាពរុងរឿងទេ បើសូម្បីតែប្រាក់ សម្រាប់ព្យាបាលជំងឺរបស់ខ្លួនក៏ដោយ។ ជាពិសេស បើគ្រាន់តែអវត្តមានមិនបានចេញច្រៀងទៀត បានធ្វើឲ្យលោក នូ ស៊ិប វ័យ ៦៧ ឆ្នាំ ដែលរងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ ប្រឈមនឹងកង្វះខាតផ្នែកថវិកា សម្រាប់ព្យាបាលជំងឺ ហើយកំពុងស្ថិតក្នុងសភាពកាន់តែដុនដាបទៅៗ។ បច្ចុប្បន្ននេះ លោកកំពុងស្នាក់ និងស្ថិតក្រោមការពឹងអាស្រ័យ លើក្មួយម្នាក់ក្នុងផ្ទះជួលមួយ នារាជធានីភ្នំពេញ។
តាមរយៈវីដេអូមួយ ដែលត្រូវបានយកមកបង្ហោះ នៅលើបណ្ដាញសង្គម លោក នូ ស៊ិប បានរៀបរាប់ថា លោកមិនបានស្វែងរកការព្យាបាល ពីមន្ទីរពេទ្យណាមួយឡើយ ដោយគ្រាន់តែឲ្យក្មួយរស់នៅជាមួយ ទិញថ្នាំយកមកព្យាបាលខ្លួនឯង ព្រោះតែលោកធ្លាប់ចេះវិជ្ជាពេទ្យខ្លះៗដែរ និងពិសេសជាងនេះនោះ ក៏ព្រោះតែលោកមិនមានថវិកាគ្រប់គ្រាន់ ក្នុងការព្យាបាល។ រីឯថវិការក្នុងអាជីពចម្រៀងនាពេលកន្លងមក បានត្រឹមតែទប់ទល់ជីវភាពប្រចាំថ្ងៃប៉ុណ្នោះ។
អ្នកចម្រៀងជើងចាស់ បានរាប់រាប់ទៀតថា៖ «ពេលជួបគ្រោះថ្នាក់អីចឹងទៅ ឥឡូវកាន់តែយ៉ាប់ហើយ។ ហើយគេហៅខ្ញុំទៅច្រៀង ក៏មិនបានទៅដែរ។ ច្រៀងបានត្រឹមតែម៉ារស់ បើផ្អែកលើប្រាក់របបសោធននិវត្តន៍នោះ មិនអាចគ្រប់គ្រាន់នោះទេ សម្រាប់ការចំណាយរាល់ប្រចាំថ្ងៃ។»
ក្នុងទេពកោសល្យសិល្បៈពីកំណើត អ្នកចម្រៀងល្បីឈ្មោះ ដែលមានដើមកំណើតពីខេត្តកំពង់ធំរូបនេះ អាចច្រៀង បានទាំងបទសម័យ និងបុរាណរួមមាន បទយីកេ, បទបាសាក់ និងមហោរីកជាដើម។ មុនមានគ្រោះថ្នាក់ចរាចរណ៍នេះ លោកបានច្រៀងតាមភោជនីយដ្ឋានពេលរាត្រី ដើម្បីចិញ្ចឹមជីវិត។ តែដោយសារវ័យរបស់លោក កាន់តែជ្រេ និងស្របពេលដែលអ្នកចំរៀងវ័យក្មេងកាន់តែច្រើន បានធ្វើឲ្យផលិតកម្មមួយចំនួនផ្អាក ឬលែងត្រូវការ។
តាមបណ្តាញសង្គមរបស់លោក អ៊ឹម ជីវ៉ា បានបង្ហាញថា លោកជាមួយនឹងសិល្បករមួយចំនួនទៀត បាននាំយកថវិកាមួយចំនួនទៅជូនលោក នូ ស៊ិប។ សិល្បករជំនាន់ថ្មីរូបនេះ បានសម្ដែងភាពតក់ស្លុតឡើងថា៖ «ពិតជាគួអោយសង្វេកចិត្តពន់ពេកខ្លាំងណាស់ នៅពេលដែលបានឃើញទិដ្ឋភាពជាក់ស្តែង នៃការរស់នៅរបស់តារាចម្រៀងជើងចាស់ ដ៏ល្បីឈ្មោះម្នាក់»។
លោក ជីវ៉ា បានសរសេររៀបរាប់ថា៖ «ពួកខ្ញុំមិនមែនជាអ្នកមានទ្រព្យសម្បត្តិច្រើនហូរហៀរ និងជីវភាពធូរធាដូចគេទេ។ បើទោះបីជាថវិកាដែលយកទៅជូននោះ វាមិនច្រើនជាដុំកំភួន មិនស្មើនឹងអ្នកមានមួយចំនួន យកទៅចូលច្រៀងខារាអូខេមួយយប់ពិតមែន ប៉ុន្តែអ្វីដែលពួកខ្ញុំធ្វើ គឺផុសចេញពីទឹកចិត្តដ៏ជ្រះថ្លា នៃបេះដូងពិតៗ។»
ក្នុងនាមជាសិល្បករដូចគ្នា លោក អ៊ឹម ជីវ៉ា បានបន្តទៀតថា៖ «ខ្ញុំបាទក៏សូមសំណូមពរទៅដលក្រសួងមន្ទីរ ស្ថាប័នពាក់ព័ន្ធនានា មេត្តាជួយឧបត្ថម្ភដល់ពួកគាត់ផង។ ជាពិសេសខ្ញុំសុំបងៗពូៗ ឯកឧត្តម ឧកញ៉ាមួយចំនួនដែលសំបូរលុយចាយ ចូលចិត្តចូលខារ៉ាអូខេ និងចូលចិត្តកន្លែងកម្សាន្តនានានោះ មេត្តាបរិច្ចាគថវិកាខ្លះៗ ដល់គាត់ផង កុំចាំដល់មនុស្សស្លាប់ ឬទាល់តែមានកាសែតទូរទស្សន៍មកថត ទើបបានមានមុខនោះ។»
សូមរំលឹកថា លោក នូ ស៊ិប បានធ្លាក់ខ្លួនឈឺ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយ នៅតាមបណ្ដោយផ្លូវ ម៉ៅសេងទុង ក្នុងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ។ លោកបានចាប់ផ្តើមក្នុងអាជីពជាអ្នកចម្រៀង តាំងពីឆ្នាំ១៩៨៧មក។ លោកជាអតីតទាហានស័ក្តមួយ នៅខេត្តកំពង់ធំ និងបានមករស់នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ១៩៩០ជាង៕