រវាងបុណ្យមាឃបូជា និងទិវានៃក្តីស្រលាញ់ មួយណាប្រជាប្រិយជាង?
ប្រតិទិនជាតិខែ្មរសំរាប់ថៃ្ងទី១៤ ខែកុម្ភៈ ឆ្នាំ្២០១៤នេះ មានពិធីបុណ្យបីប៉ះចំថ្ងៃតែមួយគឺ ពិធីបុណ្យមាឃបូជា ទិវានៃក្តីស្រលាញ់ និងបុណ្យហែអ្នកតា។ តែហាក់បីដូចជាមានបែងចែកក្រុមគោលដៅផេ្សងៗពីគ្នាដូចជា ក្រុមមនុស្សចាស់ដែលដឹងបុណ្យមាឃបូជាហើយនាំគ្នា ទៅវត្តតាមសាសនារបស់ពុទ្ធសាសនិក ចំនែកក្រុមយុវវ័យស្គាល់បុណ្យនៃក្តីស្រលាញ់នាំគ្នាទិញកាដូជូនគ្នា ឬឯប្រជាជនខែ្មរកាត់ស្រឡាញចិនទៅទីសក្ការៈគោរពអ្នកតា។ ប៉ុន្តែមានអ្នកមួយចំនួនធំ បានប្រៀបធៀបបុណ្យមាឃបូជានិង ទិវានៃក្តីស្រលាញ់មួយណា មានគេស្គាល់ច្រើនជាង?
គូរសង្សារដ៏ល្អូកល្អឺន ស្រឡាញ់គ្នាណាស់ ជាពិសេសនៅពេលយប់។
បុណ្យប្រជាប្រិយ - ពិធីបុណ្យមាឃបូជា ដែលជាពិធីបុណ្យសាសនាដ៏ធំ របស់ប្រទេសកម្ពុជា តំរូវអោយពលរដ្ឋឈប់សំរាកពីការងារ និងការសិក្សាក៏ពិតមែន ប៉ុន្តែភាគតិចណាស់ដែលមានយុវវ័យស្គាល់អត្ថន័យជ្រាលជ្រៅពីបុណ្យនេះ ផ្ទុយទៅវិញវាបែរជាប្រធានបទ ដែលមិនសូវចាប់អារម្មណ៍ពីសំណាក់យុវវជន និងយុវនារីទៅវិញ។
ចំពោះបណ្តាញសង្គមហ្វេសបុកនៅថៃ្ងទី១៤ ខែកុម្ភៈនេះភាគច្រើន អ្នកដែលលេងបណ្តាញសង្គមនេះ បានសរសេរពាក្យពេជន៍ជូនពរគ្នាទៅវិញទៅមក “សូមរីករាយ ទិវានៃសេចក្តីស្រឡាញ់”បង្ហោះ រូបភាពបេះដូង សារអប់រំណែនាំ “១៤ កុម្ភៈ មិនមែនជាថ្ងៃប្រគល់ព្រហ្មចារីយ៍” យុទ្ធនាការសង្គមជាច្រើន “បរិច្ចាកឈាម”ទាំងនោះនៅតែស្ថិតក្នុងអត្ថន័យទិវានៃសេចក្តីស្រឡាញ់ ផ្ទុយពីការបង្ហោះរូបព្រះពុទ្ធសាសនាមានតិចតួចបំផុត។
ចំពោះកញ្ញា ឃៀន សុលីនដា និស្សិតផ្នែកអក្សរសាស្រ្តអង់គ្លេសនៅបញ្ញាសាស្រ្ត បាននិយាយថា ដោយសារតែមើលប្រតិទិនទើបនាងដឹងថាមានបុណ្យមាឃបូជាចំថៃ្ង១៤កុម្ភៈ នេះ តែយ៉ាងណានាងដឹងថាជាបុណ្យមាឃបូជាជាបុណ្យពុទ្ធសាសនាខ្មែរ និងជាថ្ងៃសីលផងដែរ ។
ចំនែកឯលោកព្រាប សុបញ្ញា បាននិយាយថា «ដោយសារតែមិត្តភក្ត័ប្រុសៗរបស់ខ្ញុំ នាំគ្នាទិញផ្កាជូនសង្សារស្រី ទើបខ្ញុំយល់អត្ថន័យនៃថៃ្ងបុណ្យនៃក្តីស្រឡាញ់ (Valentine’s day ) នេះតែម្តង។ នេះជាហេតុផលដែលខ្ញុំស្គាល់ និងដឹងពីបុណ្យនេះព្រោះបុណ្យនេះ ធ្វើមិនដាច់ស្ទើរតែរាល់ឆ្នាំ ហើយហាក់បីដូចជាទម្លាប់ប្រពៃណីមួយទៅហើយ។»
ដោយឡែកកញ្ញា សុខ សុថារី អាយុ២១ឆ្នាំ បានប្រាប់ដល់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ថា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈនេះ «ខ្ញុំបានទៅវត្តគល់ទទឹង នៅផ្លូវជាតិលេខ៣ ជាមួយឪពុកម្តាយនិងបងប្អូនខ្ញុំ ហើយបានរៀបចំសម្ភារៈប្រគេនព្រះសង្ឃចំនួន១០០អង្គ»។ នាងបានបញ្ជាក់ថា ក៍មានដែរយុវវ័យមួយចំនួនទៅធ្វើបុណ្យទាន មិនប្រាកដថាពួកគេសុទ្ធតែគិតថាទិវានៃក្តីស្រលាញ់ ជាថៃ្ងពិសេសទាំងអស់នោះទេ។
សំនួរចេះតែចោទ ព្រោះនៅតែមានមន្ទិលឆ្ងល់ថា ហេតុអ្វីបានជាយុវវ័យខែ្មរមិនសូវស្គាល់ ដឹងអត្ថន័យនៃបុណ្យមាឃបូជាដែលជាបុណ្យរបស់ប្រទេសខ្លួន? អាចទំនងមកពីការផ្សព្វផ្សាយ ពីព្រះពុទ្ធសាសនានៅមានទំហំតូចនៅឡើយ ឬមកពីមានតែការផ្សព្វផ្សាយពាណិជ្ជកម្មរឿងសប្បាយៗច្រើនពេក ឬមូលហេតុមួយទៀត មកពីយុវវ័យមិនអើងពើដោយខ្លួនឯង។
----------------------------
ដោយ ក. ស៊ន សុខឃៀង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤