«តំណែង​នយោបាយ​ត្រូវ​នៅ​ឲ្យ​ខ្ពស់ និង​​ខុស​ពី​តំណែង​រាជការ»

តើអ្វីជាតំណែងនយោបាយ និងអ្វីជាតំណែងរាជការ? តើអ្នកណាខ្លះ ត្រូវស្ថិតក្នុង​តំណែង​នយោបាយ និង​តំណែង​រាជការ? តំណែង​រាជការ​ មាន​ដូចជា គ្រូបង្រៀន ទាហាន ប៉ូលីស និងតំណាងរាស្រ្តជាដើម។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៩ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 31, 2015
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គេពិបាកនឹងយល់បន្តិច នៅពេលដែលគេឃើញ មន្ត្រីរាជការមួយភាគ នៅក្នុងប្រទេសកម្ពុជា បានបង្ហាញ​ជំហរ​របស់ខ្លួន មានលក្ខណៈទន់ជ្រាយ មិនធ្វើការងាររបស់ខ្លួនតាមជំនាញ ឬមួយចំនួនទៀត មានលក្ខណៈ​«លិតដៃលិតជើង» ដោយហេតុខ្លាចបាត់មុខតំណែង នៅចំពោះមន្ត្រីរដ្ឋាភិបាល ដែលមានថានានុក្រមធំៗ បានមកពីតំណែងនយោបាយ។ ចំណុចទាំងនេះ បានធ្វើឲ្យជំហរការងារ របស់មន្ត្រីរាជការ​សាធារណៈ​ទាំង​នោះ បានផ្អៀងទៅតាមទំនោរនយោបាយ របស់រដ្ឋាភិបាល។ ដើម្បីពន្យល់ពីករណីនេះ លោក សុខ សំអឿន ដែលអ្នកច្បាប់មួយរូបដ៏ល្បីឈ្មោះ បានចូលខ្លួនមកធ្វើការបកស្រាយ ថាតើអ្វីទៅជាតំណែង«រាជការ» អ្វីទៅ​ជាតំណែង«នយោបាយ»។

លោកមេធាវី សុខ សំអឿន បានរៀបរាប់ នៅលើគណនេយ្យហ្វេសប៊ុករបស់លោកថា តំណែង«នយោបាយ» នឹងមានការដោះដូរ រាល់ពេលដូររដ្ឋាភិបាលថ្មី។ ចំណែកឯតំណែង របស់«អ្នករាជការសាធារណៈ» គឺជា​តំណែង​បច្ចេកទេស តាមកាំប្រាក់ខែរ តាមបទពិសោធន៍ តាមអតីតភាព និងតាមថ្វីដៃ ដែលត្រូវមាន​គណៈ​កម្មាធិការ គ្រប់គ្រងបុគ្គលិកមន្រ្តីរាជការមួយ តាមក្រសួងនិមួយៗ ឬនៅគណៈរដ្ឋមន្រ្តី ជាអ្នកមានសិទ្ធិ​សម្រេច។

លោកបានថ្លែងឲ្យដឹងថា៖ «តំណែងរាជការសាធារណៈ នឹងមិនមានការដោះដូរ តាមតំណែងនយោបាយ​នោះទេ។ ធ្វើបែបនេះ អាចនឹងធ្វើឲ្យមន្រ្តីរាជការសាធារណៈ មានលក្ខណៈអព្យាក្រិត្យបន្តិច។ (...) ហើយ​ធាតុមួយ នៃលទ្ធិប្រជាធិបតេយ្យ អ្នករាជការសាធារណៈ ត្រូវតែអព្យាក្រិត្យ។»

យ៉ាងណា លោកមេធាវីបានបន្ថែមថា នៅកម្ពុជា គួរតែមានច្បាប់កំណត់ ឲ្យបានច្បាស់ នូវតំណែងនយោបាយ ដែលត្រូវមានការតែងតាំង ពីគណបក្សនយោបាយ និងតំណែង របស់អ្នករាជការសាធារណៈ។ លោក សុខ សំអឿន បានសរសេរទៀតថា៖ «ថាយ៉ាងនេះ ប្រាកដជាមានអ្នកដែលគេថា សព្វថ្ងៃធ្វើអញ្ចេះទេ អញ្ចុះទេ​ជា​មិន​ខាន។ ខ្ញុំមិនថាសព្វថ្ងៃយ៉ាងម៉េចទេ តែបើធ្វើដូចយោបល់ខ្ញុំ រាជការសាធារណៈ នឹងមាន​អព្យាក្រិត្យភាព។»

លោកបានបន្ថែមថា៖ «តំណែងនយោបាយ មិនគួរឲ្យជ្រៅ ចុះទៅថ្នាក់ក្រោមពេកទេ គួរកំណត់ត្រឹមតួនាទី​ខ្ពស់ណាមួយបានហើយ ឧទាហរណ៍ ដូចជាត្រឹមអគ្គនាយក ឡើងទៅ»។

ដើម្បីជួយដល់ការពិចារណ លោកក៏បានចោទជាសំនួវិញថា៖ «តើតំណែងបច្ចេកទេស ដូចជាកងទ័ព នគរបាល អាច​ចេះតែយក “អ្នកនយោបាយ” ទៅឲ្យពាក់សក្តិ ហើយពីបាកដោះវិញកើតដែរឬ បើគាត់​មិន​ដែល​ជា​កងទ័ព មិន​ដែលហ្វឹកហាត់ មានបទពិសោធន៍ផងនោះ។ បើមានចំបាំង មិននាំគេស្លាប់អស់​ទៅ​ហើយ។ ឧទាហរណ៍​បែប​នេះ អាចងាយយល់ជាង។» ជាមួយនឹងការបកស្រាយខាងលើនេះ លោក សុខ សំអឿន បាន​ស្នើឲ្យអ្នកបំរើ​នយោបាយ កុំស្រមៃថា ដល់ពេលគណបក្សអញឈ្នះ អញពាក់សក្តិនេះ ឬបាន​តំណែង​នោះ​ឲ្យ​សោះ។ បើ​និយាយ​ឲ្យ​ខ្លី គឺមានតែតំណែង«នយោបាយ» តែប៉ុន្មាននាក់ នៅខាងលើតែ​ប៉ុណ្ណោះ ដែល​អាច​ត្រូវ​បាន​​ផ្លាស់​ប្ដូរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...