ខឹម វាសនា ថា ឈឹម ផលវរុណ ជា​មនុស្ស​«ថោក»​-បី​គណបក្ស

អ្នកនាំពាក្យ របស់គណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ក្នុងពេលនេះ កំពុងត្រូវបានលោក ខឹម វាសនា ហៅលោកថា ជា«មនុស្សថោក» និង«ចូលគណបក្សណា រលាយគណបក្សណ្នឹង»។
Loading...
  • ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញថ្ងៃទី០៨ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 09, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យុទ្ធនាការស្វែងរកយុត្តិធម៌ ក្រៅប្រព័ន្ធតុលាការ របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន ដើម្បីប្រជាធិបតេយ្យ ជុំវិញករណីបណ្ដឹង ឡើងដល់សាលាឧទ្ទរណ៍ របស់កសិករ ឌុក មឿង ប្ដឹងលោក ខឹម វាសនា ពីបទឆបោកនោះ ហាក់​ដូចជាបានពង្រីកវិសាលភាព កាន់តែធំឡើង។ សម្រាប់រូបលោក ខឹម វាសនា បានចាត់ទុកការប្ដឹងផ្ដល់នោះថា ជាបណ្ដឹង​ដ៏អយុត្តិធម៌ ដែលកើតឡើង ព្រោះតុលាការ«ខ្វាក់ភ្នែក» និងដោយសារមានលោក ឈឹម ផលវរុណ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ស្ថិតនៅពីក្រោយ។

ថ្លែងនៅក្នុងសន្និសីទកាសែតមួយ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ ក្នុងទីស្នាក់ការគណបក្ស «ជួង»របស់លោក លោក ខឹម វាសនា បានធ្វើការវាយប្រហារធ្ងន់ៗ ទៅលើលោក ឈឹម ផលវរុណ ដោយបានហៅអតីតអ្នកវិភាគ តាមទូរទស្សន៍​ក្នុងស្រុករូបនេះ ថាជា«មនុស្សថោក»។ នៅលើទំព័រហ្វេសប៊ុក របស់លោក ខឹម វាសនា បានសរសេរអមជាមួយ​វីដេអូ​មួយ​ថា៖ «បក្សប្រជាជនថា គណះកម្មការកណ្តាល គណបក្សមិនងាយមានអ្នកណា អាចចូលបានទេ ទាល់តែ​មនុស្ស​ថោក​ដូច ឈឹម ផលវរុណ ទើបចូលបាន។ ប្រវត្តិ ឈឹម ផលវរុណ នៅបក្សណា រលាយបក្សនោះ។»

នៅក្នុងការថ្លែងចោទប្រកាន់របស់លោក ទៅលើប្រព័ន្ធតុលាការ ក្នុងប្រទេសកម្ពុជា លោក ខឹម វាសនា ដែលប្រកាសថា ខ្លួនលោក បានឈ្នះក្ដី នៅសាលាដំបូងនោះ គឺដោយសារតែលោក ឈឹម ផលវរុណ នាពេលនោះ នៅមិនទាន់ក្លាយជា មន្ត្រី​ជាន់​​ខ្ពស់​​របស់​គណបក្សប្រជាជនកម្ពុជា។

លោក ខឹម វាសនា បានថ្លែងចំអកឲ្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចថា បានប្រកាសពី​កំណែ​ទម្រង់ស៊ីជម្រៅ តែមិនឃើញដូរអ្វីផ្សេង ក្រៅតែពីដូរមនុស្ស ដូចយ៉ាងដាក់លោក ឈឹម ផលវរុណ មកធ្វើជាអ្នកនាំ​ពាក្យ​ជាដើមនោះឡើយ។ មេដឹកនាំគណបក្សជួងរូបនេះ បាននិយាយទៀតថា លោក ឈឹម ផលវរុណ ជាមនុស្សដែល «ចូល​បក្សណា រលាយបក្សណ្នឹង» ក្នុងនោះមានគណបក្ស ចំនួនបី៖ គណបក្សហ្វុនស៊ីនប៉ិច គណបក្សសិទ្ធិមនុស្ស និងនៅ​ក្នុង​ពេល​នេះ គឺគណបក្សប្រជាជនកម្ពុជា។

ចំពោះការចោទប្រកាន់ របស់លោក ខឹម វាសនា ខាងលើនេះ ត្រូវបានបដិសេធ ដោយលោក ឈឹម ផលវរុណ។ ថ្លែង​តាម​សារព័ត៌មានក្នុងស្រុកមួយ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ បានថ្លែងថា លោកបានជាប់ពាក់ព័ន្ធ ក្នុង​ករណីខាងលើ ដោយមានតួនាទី នៅត្រឹមតែជាទីប្រឹក្សាច្បាប់ នៅតាមវិទ្យុ របស់កសិករ ឌុក មឿង ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា៖ «លោក ឌុក មឿន គាត់​បានទូរស័ព្ទ មកចូលរួមក្នុងកម្មវិធី “បកស្រាយបច្ចុប្បភាពសង្គម របស់វិទ្យាស្ថាន ពលរដ្ឋវិទ្យា” នៅរៀងរាល់ថ្ងៃសុក្រ សៅរ៍ អាទិត្យ ក្នុងកម្មវិធីនេះ មានគេតេចូលគ្រប់គ្នា មិនមែនមានតែលោកមឿន ម្នាក់​ទេ។លោកមឿន ក៏បានសួរពីផ្លូវច្បាប់ ពី​ករណី​មានគេឆបោក។»

យ៉ាងណាក៏ដោយ ក៏លោក ខឹម វាសនា មិនបានបង្ហើបឲ្យដឹងថា ថាតើលោក ឈឹម ផលវរុណ បានលូកដៃ និងជាអ្នក​នៅ​ពីក្រោយ ពាក្យបណ្ដឹង របស់កសិករ ឌុក មឿង យ៉ាងដូចម្ដេចនោះឡើយ៕

សូមស្ដាប់ការថ្លែង របស់លោក ខឹម វាសនា ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...