បុគ្គលិក​ចោទ​ក្រុមហ៊ុន​អេសស៊ីវ៉ាយ ថា​បាន​បង្ក​របួស​ស្នាម និង​ឃុំឃាំង

យុវជនដែលប្រកាសថាខ្លួនជាជនរងគ្រោះ និងជាម្ចាស់បណ្តឹង លោក ស្រ៊ង បូរ៉ា បានប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ ឲ្យដឹងថា លោកបានដាក់ពាក្យបណ្តឹងទៅនគរបាលហើយ នៅថ្ងៃទី២៩ខែតុលាកន្លងទៅនេះ និង​កំពុងទាក់ទងអង្គការអាដហុកដើម្បីជួយ ផ្តល់សេវាផ្នែកច្បាប់បន្ថែមទៀត។ លោក បានរៀបរាប់ពីមូលហេតុ ដែលឈាន​ដល់ដំណាក់កាល នៃការដាក់ពាក្យបណ្តឹងនេះថា រូបលោកត្រូវបានវាយដំច្រំធាក់ និងឃុំខ្លួនដោយខុសច្បាប់ ដោយ​បុគ្គលិក​របស់ក្រុមហ៊ុនបំរើការផ្នែកសន្តិសុខ អេសស៊ីវ៉ាយ (SCY) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវម៉ៃដា (២០០៤)។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: October 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុគ្គលិកម្នាក់ឈ្មោះ ស្រ៊ន បូរ៉ា បានដាក់ពាក្យបណ្តឹងទៅនគរបាលប្តឹងបុគ្គលិកក្រុមហ៊ុន អេសស៊ីវ៉ាយ នៅស្នងការ នគរបាល និងកំពុងរកជំនួយផ្នែកច្បាប់ នៅអង្គការអាដហុក ពីបទបង្ករបួសស្នាមនិងឃុំឃាំងដាក់ខ្នោះដោយខុសច្បាប់។


ឯកសណ្ឋានជាបុគ្គលិកសន្តិសុខ និងខ្នោះដៃដែលបុគ្គលិក ស្រ៊ន បូរ៉ា បង្ហាញទស្សនាវដ្ដី។ (រូបថត MONOROOM.info/ S.Senghong)

រាជធានីភ្នំពេញ - យុវជនដែលប្រកាសថាខ្លួនជាជនរងគ្រោះ និងជាម្ចាស់បណ្តឹង លោក ស្រ៊ង បូរ៉ា បានប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ ឲ្យដឹងថា លោកបានដាក់ពាក្យបណ្តឹងទៅនគរបាលហើយ នៅថ្ងៃទី២៩ខែតុលាកន្លងទៅនេះ និង​កំពុងទាក់ទងអង្គការអាដហុកដើម្បីជួយ ផ្តល់សេវាផ្នែកច្បាប់បន្ថែមទៀត។ លោក បានរៀបរាប់ពីមូលហេតុ ដែលឈាន​ដល់ដំណាក់កាល នៃការដាក់ពាក្យបណ្តឹងនេះថា រូបលោកត្រូវបានវាយដំច្រំធាក់ និងឃុំខ្លួនដោយខុសច្បាប់ ដោយ​បុគ្គលិក​របស់ក្រុមហ៊ុនបំរើការផ្នែកសន្តិសុខ អេសស៊ីវ៉ាយ (SCY) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយ ផ្លូវម៉ៃដា (២០០៤)។

លោក ស្រ៊ង បូរ៉ា បានរៀបរាប់ថា លោកបានមកដល់ក្រុមហ៊ុន ពីម៉ោងពីររសៀល រហូតដល់ម៉ោងបួនល្ងាច ហើយបាន​ជួយនឹងបុគ្គលិកម្នាក់ ដែលមានរហសនាមថា «៣៦»។ បុគ្គលិកនោះ បាននិយាយ«បញ្ឃប់»លោកពីការងារ ហើយបាន​បង្ខំឲ្យលោកដោះឯកសណ្ឋាន ជាភ្នាក់ងារសន្តិសុខចេញពីខ្លួនជាបន្ទាន់ ដោយមិនបានទុកពេលឲ្យ​ផ្លាស់ប្តូរសំលៀក​បំពាក់ថ្មីឡើយ។ បុគ្គលិក ស៊្រង បូរ៉ា បានត្អូញត្អែរថា រូបលោកត្រូវបានបញ្ឈប់ពីការងារក្នុងពេលនោះ ដោយមិនមាន​ការ​ទូទាត់ប្រាក់បំណាច់ប្រចាំខែ ប្រាក់កក់ថ្លៃឯកសណ្ឋាន៣០ដុល្លារ ហើយជាងនេះទៅទៀត ក្រុមហ៊ុនមិនបានសង​មក​លោក​វិញ នូវអត្តសញ្ញាណបណ្ណ័ ដែលខាងក្រុមហ៊ុនបានយកទុក ចាប់តាំងពីថ្ងៃចូលធ្វើការដំបូងមកនោះទៀត។

លោក បូរ៉ា បាននិយាយទៀតថា នៅពេលនោះ ភាពតានតឹងក្លាយជាជម្លោះបានកើតឡើង រហូតដល់មានការវាយតប់​គ្នា​រវាងលោក និងបុគ្គលិកក្រុមហ៊ុនបីនាក់ទៀត។ សន្តិសុខម្នាក់បានរងរបួសចំក្បាលហូរឈាមបន្តិច ដោយសារទទួលមួយ​សោរកង់របស់ លោក បូរ៉ា ដែលបានដកពីហៅប៉ៅខោគប់តម្រង់។ ជាលទ្ធផល លោក ស្រ៊ន បូរ៉ា ត្រូវបានបុគ្គលិក​ក្រុមហ៊ុន​ទាំងបីនាក់នេះ ចាប់ដាក់ខ្នោះដៃទៅក្រោយ ដាក់ឲ្យដេកមិនអាចអង្គុយឬឈរបាន និងដាក់នៅក្នុងបន្ទប់ក្រុមហ៊ុននេះ។

លុះដល់យប់ឡើង លោក បូរ៉ាបានលួចរត់ចេញពីក្រុមហ៊ុន តាមទ្វារបងខាងក្រោយទាំងដៃជាប់ខ្នោះ មកស្នាក់នៅវត្តដង្កោ ជិតនោះមួយយប់ មុននឹងហៅបងរបស់លោក ឲ្យមកទទួលនៅវេលាព្រឹកឡើង។ លោក ស្រ៊ង បូរ៉ា បានឲ្យខាង​នគរបាល​ធ្វើការវិនិច្ឆ័យ លើស្នាមរបួសដែលមាននៅលើខ្លួនគាត់នេះ ហើយបានបញ្ជាក់ថែមទៀតថា ក្នុងហេតុការណ៏នេះ ក៏មាន​សន្តិសុខម្នាក់ទៀតបានឃើញដែរ។ លោកបានថ្លែងឲ្យដឹងទៀតថា លោកបានបន្សល់ទុកអាវមួយ និងសំភារៈផ្សេង​ទៀត​ក្នុងកាបូប ដែលបច្ចុប្បន្ននេះនៅក្នុងក្រុមហ៊ុននៅឡើយ។

ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ បានទាក់ទងតាមទូរស័ព្ទ បុគ្គលិកដែលមានរហសនាមថា ៣៦ នោះ ដើម្បីសុំការបំភ្លឺ​ជុំ​វិញបញ្ហានេះ។ លោក ៣៦ បានចោទប្រកាន់លោក ស្រ៊ន បូរ៉ា ជា«ចោរ» និងថា ពួកលោកមិនបានធ្វើការ​វាយដុំទៅ​លើ​បុគ្គលិកនេះឡើយ។ ប៉ុន្តែនៅពេលទស្សនាវដ្ដីសួរថា តើបុគ្គលិក ស្រ៊ន បូរ៉ា លួចអ្វីនោះ លោក ៣៦ មិនបានប្រាប់​ពី​របស់​ដែលបានបាត់នោះជាអ្វីឡើយ តែបានជម្រុញឲ្យទស្សនាវដ្ដី ធ្វើដំណើរទៅដល់ក្រុមហ៊ុនដោយផ្ទាល់ ដើម្បីចង់ដឹងច្បាស់​ពីហេតុការណ៏នេះ។

ការចោទប្រកាន់នេះ ត្រូវបានលោក ស្រ៊ន ថាំង ដែលជាបងប្រុសរបស់បុគ្គលិក ស្រ៊ន បូរ៉ា បដិសេធ ដោយលោកបាន​ការពារប្អូនប្រុសរបស់លោក ថាជាមនុស្សស្អាតស្អំ មិនធ្លាប់បង្កបទល្មើសអ្វីពីមុនមកទេ។

ដោយឡែកអគ្គនាយកក្រុមហ៊ុនលោក ដា ដែលមានរហសនាមថា ០១ បានឆ្លើយប្រាប់ទស្សនាវដ្តីស្រដៀងគ្នា ទៅនឹង​បុគ្គលិក ៣៦ ដែរ។ លោក ០១ និយាយថាបុគ្គលិក ស្រ៊ន បូរ៉ា មានចេតនាមកក្រុមហ៊ុន ដើម្បីបង្ករឿង មានកាន់សោកង់​និងច្រវាក់នៅដៃ ទើបណ្តាលឲ្យមានការបង្ក្រាបទុកមុន។ ប៉ុន្តែការបកស្រាយមួយ ដែលផ្ទុយនឹងការលើកឡើង​របស់​បុគ្គលិក ស្រ៊ន បូរ៉ា នោះ គឺលោកមិនទាន់បានបញ្ឈប់បុគ្គលិកនេះនៅឡើយ នាពេលបច្ចុប្បន្ននេះ។ លោកបានបន្ថែម​ទៀតថា លោកចង់ធ្វើការដោះស្រាយតាមគោលការណ៏ក្រុមហ៊ុន និងអាចដាក់ពាក្យបណ្តឹង បើបុគ្គលិករងរបួស​ពី​ហេតុ​ការណ៏នេះមិនសុខចិត្ត ចង់ដាក់ពាក្យបណ្តឹងប្តឹងតបវិញនោះ។

អ្វីដែលជាការលើកឡើងរបស់ លោក ដា ដែលជាអគ្គនាយកក្រុមហ៊ុន ទំនងជាមានបំណងចង់សម្រុះសម្រួល ក្នុងក្រប​ខ័ណ្ឌក្រុមហ៊ុន ជាជាងដោះស្រាយបញ្ហាជម្លោះនេះ តាមផ្លូវតុលាការ។ ចំពោះករណីដែល លោក ដា ថ្លែងថាបុគ្គលិក​ដែលរងរបួស អាចនឹងប្ដឹងតបវិញនោះ ជាសិទ្ធិតាមផ្លូវច្បាប់របស់ពលរដ្ឋម្នាក់ៗ ប្រសិនជាពលរដ្ឋណានោះ រងនូវ​ការ​បំពារបំពាន។ ផ្ទុយទៅវិញ ប្រសិនបើបុគ្គលិក ស្រ៊ន បូរ៉ា បានវាយបុគ្គលិកក្នុងសភាពដើម្បី«ការពារ»ខ្លួននោះ ពាក្យ​បណ្ដឹង​ប្ដឹងបកនេះ នឹងគ្មានន័យអ្វីឡើយ៕

--------------------------------------------------
ដោយ សេងហុង - ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...