ដីកាកាត់ទោសដ៏ចម្លែក៖ ជនឯកោត្រូវធ្វើសមាហរណកម្មក្នុងសង្គមវិញ
ជនឯកោអាយុ៤៧ឆ្នាំ ដែលរស់នៅក្នុងព្រៃភ្នំក្រំថ្មអស់រយៈពេល ២៧ឆ្នាំ ត្រូវបានតុលាការរកឃើញថាគាត់មានកំហុស ពីបទលួចនិងចោរកម្មគាស់ផ្ទះ។ តែទោសដែលតុលាការបានកាត់ឲ្យជននេះអនុវត្តន៍ មិនមែននៅក្នុងពន្ធនាគារ ឬមណ្ឌលកែប្រែណាមួយនោះទេ ជាទោសដ៏ចម្លែកនិងជាលើកទីមួយ ក្នុងប្រវត្តិសាស្ត្រនៃប្រទេសអាមេរិក៖ ជនជាប់ចោទត្រូវធ្វើ«សមាហរណកម្ម»ចូលក្នុងសង្គមជាតិវិញ !!!
ជម្រក និងសម្បុកសម្បត្តិរបស់គ្រីស្តូហ្វើរ នៅកណ្ដាលព្រៃ។ (រូបថត Reuters)
ទីក្រុងម៉ុងរ៉េអាល់ - គ្រីស្តូហ្វើរ ក្នៃធ៍ (Christopher Knight) បុរសឯកោម្នាក់ អាយុ៤៧ឆ្នាំ ដែលបានរស់នៅអស់រយៈពេល ២៧ឆ្នាំ ក្នុងព្រៃដ៏ធំមួយឈ្មោះ ម៉ែន (Maine ផ្នែកឦសាននៃប្រទេសអាមេរិក) ត្រូវបានតុលាការកាត់ទោសគាត់ នៅដើមសប្ដាហ៍នេះ ឲ្យជាប់ទោសមួយដ៏ចម្លែកមួយមិនដែលធ្លាប់មាន ក្នុងប្រវត្តិប្រព័ន្ធយុត្តិធម៌របស់ប្រទេសនេះ។ នោះគឺជាដីការបង្គាប់ឲ្យ ជនជាប់ចោទត្រូវធ្វើ«សមហរណកម្ម» មកក្នុងសង្គមជាតិវិញ ជាកំហិត។
ចង់ដឹងថា បុរសឯកោនេះមានសភាពបែបណា នៅពេលចាប់ខ្លួន សូមអានអត្ថបទដែលទាក់ទងនឹងប្រធានបទឡើងវិញ ដោយចុចលើទីនេះ។
បុរសកំសត់អានាថា ត្រូវបានតុលាការកំពូលប្រចាំតំបន់ ម៉ែន រកឃើញថា គាត់មានកំហុសលើបទប្រព្រឹត្តិចំនួន១៣ករណី ក្នុងនោះសុទ្ធតែជាករណី«លួច និងចោរកម្មគាស់ផ្ទះ»។ នៅក្នុងដីកាសម្រេចនោះ គ្រីស្តូហ្វើរ ចាំបាច់ត្រូវមានការងារធ្វើ«ពេញម៉ោង» និងត្រូវចូលសាលារៀន ឬយ៉ាងហោចណាស់ចូលរួមក្នុងសកម្មភាព«ស្ម័គ្រចិត្ត»ផងទាំងពួង។ គ្រីស្តូហ្វើរ ក៏ត្រូវបានតុលាការកំហិត ឲ្យចូលទៅពិនិត្យតាមដានសុខភាពរយៈពេលមួយឆ្នាំ ដើម្បីធានាឲ្យបាននូវការវិលត្រឡប់មករួមរស់ ក្នុងសហគមន៍ជាតិវិញ។
ជាប់ចោទពីបទ«គាស់ផ្ទះ»រាប់សិបពាន់ដង
«ជាសំនុំរឿងដ៏ពិសេសមួយ៖ ទោសពៃរ៍មួយប្រភេទ សម្រាប់ជនជាប់ចោទដ៏កម្រម្នាក់» នេះជាការលើកឡើងរបស់លោក វ័ធើរ ម៉ាកឃី (Walter McKee) មេធាវីការពារក្ដីឲ្យ គ្រីស្តូហ្វើរ ដោយបានរំលឹកថា កូនក្ដីរបស់លោក មិនមានទំនាក់ទំនងជាមួយមនុស្សតាំងពី២៧ឆ្នាំមកហើយ។ គ្រីស្តូហ្វើរ បានប្រកាសខ្លួនឯង ថាគាត់បានភៀសទៅរស់ក្នុងព្រៃ តាំងពីក្រោយព្រឹត្តិការណ៍ ផ្ទុះម៉ាស៊ីនប្រតិករ នៅទីក្រុងឆេណូវីល (Tchernobyl) ប្រទេសអ៊ុយក្រែន នាឆ្នាំ១៩៨៦ ដែលជាព្រឹត្តិការណ៍មួយ ធ្វើឲ្យនរណាៗក៏ល្បី និងមានការភ្ញាក់ផ្អើលដែរនោះ។ ក្រោយមកទៀត គ្រីស្ត្រូហ្វើរ ត្រូវបានគេដឹងថា គាត់មិនដែលបានជួបមនុស្សណាផ្សេងទៀតទេ។
កាលពីថ្ងៃទី៤ខែមេសាកន្លងទៅ ជនឯកោ គ្រីស្តូហ្វើរ ត្រូវបាននគរបាលចាប់ឃាត់ខ្លួន ខណៈគាត់កំពុងធ្វើសកម្មភាពលួច«ចំណីអាហារ» នៅក្នុងតង់បោះជំរុំរបស់យុវជន មកពីតំបន់ដដែល។ នគរបាលនិយាយថា គ្រីស្តូហ្វើរ ទំនងជាត្រូវជាប់ចោទ ពីបទចោរកម្មគាស់ផ្ទះ រាប់សិប«ពាន់»ដង។ ការសែត ឡឺហូហ្វីនតុនប៉ុស្ត៍ (Le Huffington Post) បានបញ្ជាក់ថា សាលក្រមមិនបានបញ្ជាក់ពីថ្ងៃណាមួយ ដែលគេត្រូវដោះលែងគ្រីស្តូហ្វើរ ឲ្យមានសេរីភាពនោះទេ ប៉ុន្តែបន្ថែមថា ថ្ងៃដោះលែងនោះនឹងត្រូវឲ្យដឹងក្នុងពេលខាងមុខ៕
បុរសឯកោ គ្រីស្ត្រូហ្វើរ ដែលចេញទៅរស់នៅក្នុងព្រៃ បណ្ដាច់ខ្លួនពីពិភពមនុស្ស។ (រូបថត Reuters)
រូបថតសកម្មភាពធ្វើចោរកម្មគាស់ផ្ទះ របស់បុរសគ្រីស្តូហ្វើរ ដោយម៉ាស៊ីនថតសុវត្ថិភាព។ (រូបថត Reuters)
---------------------------------------------------------
ដោយៈ សុបិន្ត - ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ