ចំណាប់​ខ្មាំង​ជាតិ​បារាំង​បួន​នាក់​នៅ​ប្រទេស​នីហ្សេរ ត្រូវ​បាន​ដោះ​លែង​

ជនជាតិបារាំងចំនួន៤នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមនិយមអ៊ីស្លាមប្រកាន់​ជ្រុលនៅប្រទេស​នីហ្សេរ​ត្រូវបានដោះលែងហើយ នៅល្ងាចថ្ងៃអង្គារទី២៩ខែតុលានេះ។ ការដោះលែងចំណាប់ខ្មាំង បន្ទាប់ពីបានចាប់ជម្រិត​អស់​រយៈពេលជាង ៣ឆ្នាំ និងបើទោះជាមានការព្យាយាមទៅរំដោះ ពីសំណាក់កងទ័ពបារាំងយ៉ាងណាក្ដី។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: October 30, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនជាតិបារាំងចំនួន៤នាក់ ដែលត្រូវបានចាប់ជាចំណាប់ខ្មាំង ដោយក្រុមនិយមអ៊ីស្លាមប្រកាន់​ជ្រុលនៅប្រទេស​នីហ្សេរ​ត្រូវបានដោះលែងហើយ នៅល្ងាចថ្ងៃអង្គារទី២៩ខែតុលានេះ។ ការដោះលែងចំណាប់ខ្មាំង បន្ទាប់ពីបានចាប់ជម្រិត​អស់​រយៈពេលជាង ៣ឆ្នាំ និងបើទោះជាមានការព្យាយាមទៅរំដោះ ពីសំណាក់កងទ័ពបារាំងយ៉ាងណាក្ដី។


បណ្ដាជនបារាំងធ្វើបាតុកម្ម ដើម្បីឲ្យគេនឹកឃើញពីជនទាំងបួនដែលត្រូវបានចាប់ជម្រិតតាំងពីជាងបីឆ្នាំមក។ (រូបថត ថតចម្លងពីអេក្រង់វីដេអូ)

ទីក្រុងប៉ារីស - ប្រធានាធិបតីបារាំង លោកហ្វ្រង់ស៊័រ ហូឡង់ (François Hollande) ជាអ្នកបានប្រកាសនូវដំណឹងនេះមុនគេ ដោយបានភ្ជាប់មកជាមួយនូវសេចក្ដីថ្លែងអំណរគុណ ដល់ប្រធានាធិបតីនៃប្រទេសនីហ្សេរផង។

រដ្ឋមន្ត្រីការបរទេសនៃប្រទេសស្ថិតក្នុងទ្វីបអាហ្វ្រិក ផ្នែកកណ្ដាលមួយនេះ លោក មហាមេដ បាហ្សូម បានបញ្ជាក់ថា ចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែងនៅក្នុងប្រទេសម៉ាលី ដែលជាប់របងជាមួយប្រទេសនីហ្សេរជាមុនសិន ហើយ​ទើបត្រូវបានបញ្ជូន ចូលមកកាន់រដ្ឋធានីនីអាម៉ី (Niamey) នៃប្រទេសនីហ្សេរជាក្រោយ។ ប៉ុន្តែទាំងលោក ហូឡង់ និង​ទាំងលោក បាហ្សូម មិនបានបន្ថែមពីភាពលំអិតនៃការដោះលែង ថាស្ថិតក្នុងសភាពបែបណា ឬនៅទីណាឲ្យប្រាកដ​ឡើយ។

«សុបិន្តអាក្រក់បានបញ្ចប់ហើយ»

រដ្ឋមន្ត្រីការបរទេសបារាំងលោក ឡូរ៉ង់ ហ្វាប៊ីយូស (Laurent Fabius) និងរដ្ឋមន្ត្រីការពារជាតិបារាំង លោក ហ្សង់អ៊ីវ ឡឺឌ្រីអាន (Jean-Yves Le Drian) ឯណេះវិញ បានធ្វើដំណើរភ្លាមៗ ឆ្ពោះទៅកាន់រដ្ឋធានី នីអាម៉ី  ដើម្បីអមដំណើរធ្វើ​មាតុភូមិនិវត្តន៍ មកកាន់ប្រទេសបារាំងវិញជាមួយនឹងចំណាប់ខ្មាំងដែលត្រូវបានដោះលែងទាំងនេះ។ និយាយតាម​ទូរទស្សន៍ក្នុងប្រទេសនីហ្សេរ លោក ហ្វាប៊ីយូស បានអះអាងថាចំណាប់ខ្មាំងទាំងបួននាក់ មានសុខភាពល្អធម្មតា ហើយបន្ថែមថា «សុបិន្តអាក្រក់បានបញ្ចប់ហើយ»។

ប្រធានាធិបតីបារាំង បានបញ្ជាក់ដែរថា រដ្ឋាភិបាលរបស់លោក មិនបានបង់ប្រាក់«រំលោះ»មួយសេនណាមួយ សម្រាប់​ជាថ្នូរនៃការដោះលែងនេះទេ បើទោះជាប្រាក់ថ្នូរជាគោលបំណងនៃការចាប់ជម្រិត  ពីសំណាក់ក្រុមអ៊ីស្លាម​និយមតឹង​នោះក៏ដោយ។ ចំណាប់ខ្មាំងទាំងបួននាក់ ត្រូវបានក្រុមអ៊ីស្លាមចាប់ខ្លួននៅខែកញ្ញាឆ្នាំ២០១០ ដោយសាខាមួយនៃ​បណ្ដាញភេវរនិយម អាលកៃដា (Al-Qaïda) ប្រចាំនៅទ្វីបអាហ្វ្រិកខាងជើង ដែលមានទីតាំងនៅទីក្រុងអាលីត (Arlit)។ ទីក្រុងអាលីត ដែលមានក្រុមហ៊ុនបារាំងមួយ ជំនាញខាងសារធាតុនុយក្លេអ៊ែរ កំពុងធ្វើអាជីវកម្ម ជីករកសារជាតិ​អ៊ុយរ៉ានីញ៉ូម។

កាលពីខែមករាឆ្នាំ២០១៣កន្លងទៅ កងទ័ពបារាំង បានបើកការវាយប្រហារមួយ នៅផ្នែកខាងជើងនៃប្រទេសម៉ាលី ដើម្បីបង្ក្រាបក្រុមអ៊ីស្លាមនិយមតឹងទាំងនេះ ហើយបានសម្លាប់សកម្មជនប្រយុទ្ធជាច្រើននាក់ នៅក្នុងតំបន់មួយ ឈ្មោះ​ហៅថា សាអែល (Sahel)។ ប្រធានាធិបតីបារាំង បានបញ្ជាក់ថា យុទ្ធនាការចរចាដើម្បីរំដោះចំណាប់ខ្មាំង ដែលបារាំង​បានធ្វើនៅពេលនោះ បានផ្អាកទៅវិញដោយសារតែប្រតិបត្តិការយោធានេះ។ ប៉ុន្តែលោកថា យុទ្ធនាការចរចាបាន​ធ្វើ​ជា​បន្តទៅទៀត បន្ទាប់ពីការប្រយុទ្ធបានបញ្ចប់៕

សូមទស្សនាវីដេអូ នៃប្រវត្តិចាប់ពីថ្ងៃដែលបុរសទាំងបួន ត្រូវបានចាប់ជាចំណាប់ខ្មាំង៖

-----------------------------------------------------
ដោយ សេក មនោរកុមារ - ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...