កម្ពុជា៖ រដ្ឋាភិបាលជំរុញលើកកំពស់សមភាពការងារ
សមភាពការងារ គឺជាបញ្ហាចម្បងមួយដែលកំពុងកើតមានឡើងក្នុងវិស័យការងារកម្ពុជា ហើយបញ្ហានេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា និងដៃគូរអភិវឌ្ឍន៍ផ្សេងៗទៀត មានការព្រួយបារម្ភ និងបានយកចិត្តទុកដោះស្រាយ តាមរយៈការជម្រុញឲ្យវិស័យឯកជន និងវិស័យសាធារណៈ ចូលរួមលើកកំពស់សមភាពការងារឲ្យបានប្រសើរឡើង ខណៈជនងាយរងគ្រោះមួយចំនួន មិនអាចទទួលបានសិទ្ធិស្មើរគ្នា នៅកន្លែងបំពេញការងាររបស់ពួកគេ។
លោកស្រី អ៊ឹង កន្ថាផាវី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣នេះ ក្នុងពិធីសម្ភោធ និងផ្សព្វផ្សាយក្រមអនុវត្ត និងសៀវភៅមគ្គុទ្ទេសកសម្រាប់និយោជក។ (រូបថត MONOROOM.info/ O. Vary)
រាជធានីភ្នំពេញ - រដ្ឋមន្រ្តីក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣នេះ ក្នុងពិធីសម្ភោធ និងផ្សព្វផ្សាយ ក្រមអនុវត្ត និងសៀវភៅមគ្គុទ្ទេសសម្រាប់និយោជក ដើម្បីលើកកម្ពស់សមភាព និងទប់ស្កាត់ការរើសអើង នៅកន្លែងការងារក្នុងប្រទេសកម្ពុជា បានថ្លែងថា ទីផ្សារការងាររបស់កម្ពុជាបច្ចុប្បន្ន ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈកំពុងតែប្រឈមនឹង ការមិនមានសមភាព និងការរើសអើង នៅកន្លែងបំពេញការងារទាំងនោះ។
រដ្ឋមន្រ្តីរូបនេះបន្តថា ការរើសអើង ការមិនមានសមភាពយែនឌ័រ ការប្រកួតប្រជែងនៅក្នុងវិស័យការងារ ទាក់ទងនឹងសមត្ថភាព និងលក្ខខណ្ឌផ្សេងៗទៀត ពីសំណាក់និយោជក បានបង្កការលំបាក ដល់ស្រ្តី ជនពិការ និងបណ្តាជនងាយរងគ្រោះផ្សេងៗទៀត បាត់បង់បង់ឳកាស មិនអាចចូលរួមចំណែក ដោយស្មើរភាពក្នុងវិស័យការងារ ខណៈពួកគេមួយចំនួនក៏មានសមត្ថភាពគ្រប់គ្រាន់ ដូចបណ្តាជនដែលត្រូវផ្តល់អាទិភាព ពីសំណាក់និយោជកផងដែរ។
លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា ដើម្បីលើកកំពស់សមភាពការងារ និងទប់ស្កាត់ការរើសអើង ក្នុងវិស័យការងារ ប្រទេសកម្ពុជាមានច្បាប់ជាតិ និងអន្តរជាតិ ក៏ដូចជាលិខិតបទដ្ឋានគតិយុត្តិ សំខាន់ៗជាច្រើនទៀត ដែលពាក់ព័ន្ធ ដើម្បីធានាការអនុវត្ត ការលើកកំពស់សមភាពការងារ និងទប់ស្កាត់ការរើសអើង។ ទន្ទឹមនឹងនេះ លោកស្រី អ៊ឹង កន្ថាផាវី បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា ក៏បានជម្រុញទាំងវិស័យសាធារណៈ និងវិស័យឯកជនឲ្យចូលរួមធ្វើកិច្ចការនេះយ៉ាងសកម្មផងដែរ។
បើទោះរដ្ឋមន្រ្តីក្រសួងកិច្ចការនារីអះអាងយ៉ាងនេះក្តី ក៏នៅក្នុងវិស័យការងាររបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ន គេនៅតែសង្កេតឃើញថា កំពុងតែមានបញ្ហាប្រឈមដដែល ដោយនៅតែមានអសមភាព និង ការរើសអើង ក៏ដូចជាការរំលោភបំពានផ្សេងៗ លើជនមួយចំនួន ដូចជាស្រ្តី ជនពិការ អ្នកជម្ងឺអេដស៍ជាដើម។ ទន្ទឹមនឹងនេះ ការជ្រើសរើសបុគ្គលិកឲ្យចូលបំរើការងារក្នុងស្ថាប័នរបស់រដ្ឋ ត្រូវបានមជ្ឈដ្ឋានទូទៅចោទប្រកាន់ ថាមានការប្រកាន់ប៉ាក់ពួកនិយម ការសូកប៉ាន់ ដើម្បីបានចូលបម្រើក្នុងស្ថាប័នទាំងនោះ ឬក៏បានកាន់មុខតំណែងល្អ ខណៈអ្នកមានសមត្ថភាពពិប្រាកដ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវបានគេបដិសេធ។
ទាក់ទងករណីនេះ កញ្ញា សាន់ដ្រា ដាមីកូ ជាអនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា បានពន្យល់ ថាបើទោះជារដ្ឋាភិបាលកម្ពុជា អង្គការពលកម្មអន្តរជាតិ និងដៃគូរពាក់ព័ន្ធ បានខិតខំប្រឹងប្រែង បង្តើតយន្តការផ្សេងៗជាច្រើន ដើម្បីធានាប្រសិទ្ធិភាព ការលើកកម្ពស់សមភាព និង ការទប់ស្កាត់ការរើសអើង ក្នុងវិស័យការងារយ៉ាងណាក៏ដោយ ក៏បញ្ហាទាំងនេះ នៅតែមានការលំបាក ក្នុងការដោះស្រាយ ដោយសារតែកត្តា ប្រពៃណី តម្រូវការទីផ្សារការងារ បញ្ហារបស់ស្រ្តីក្រោយការរៀបការ និងកត្តាគ្រួសារជាដើម។ កញ្ញា សាន់ដ្រា ដាមីកូ អះអាងថា ប្រសិនបើកម្ពុជាអាចដោះស្រាយបញ្ហាទាំងនេះបាន នោះកម្ពុជា នឹងអាចអភិវឌ្ឍន៍ទៅមុខបាន ដោយនិរន្តរភាព។
---------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ