ស៊ិក ប៊ុនហុក ប្រធាន ខណៈ គួយ ប៊ុនរឿន អនុ​ប្រធាន គ.ជ.ប ថ្មី

ឆាប់ឡើង... សមាជិកទាំង៩រូប របស់គណកម្មាធិការជាតិ រៀបចំការបោះឆ្នោត ត្រូវបានសភាអនុម័ត ហើយប្រធាន និងអនុប្រធាន ក៏ត្រូវបានជ្រើសតាំងរួចរាល់ដែរ ក្នុងថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៥នេះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 09, 2015
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភាពអន្ទះសារ និងខ្លាចមានការផ្លាស់ប្តូរ ដោយប្រកាណាមួយនោះ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីយប់ថ្ងៃទី៨ ខែមេសា ម្សិលម៉ិញនេះ បន្ទាប់ពីបញ្ចប់ជំនួប នាវិមានរដ្ឋសភា ក៏បានប្រកាសភ្លាមៗថា នឹងមានសភា​ពេញអង្គ នាព្រឹកស្អែកថ្ងៃទី៩ ខែមេសា ក្នុងការបោះឆ្នោត និងផ្តល់សេចក្តីទុកចិត្ត លើប្រធាន និងអនុប្រអាន គ.ជ.ប ថ្មី ដោយ​មិនរង់ចាំ ដល់ថ្ងៃទី១៣ ខែមេសាខាងមុខនេះឡើយ។

នាវិមានរដ្ឋសភា ព្រឹកថ្ងៃទី៩ ខែមេសា រដ្ឋសភាក៏បានបើក សម័យប្រជុំពេញអង្គ ដូចការសន្យា។ សម្រាប់បេក្ខភាព និង​បេក្ខជន ដែលឈរឈ្មោះ ជាសមាជិក គ.ជ.ប ទាំង៩រូបនោះ តំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ លោក ស៊ិក ប៊ុនហុក ក៏​ត្រូវ​បានគណបក្សប្រជាជនកម្ពុជាសម្រេច ឲ្យឈរឈ្មោះ ជាប្រធាន គ.ជ.ប តាមលិខិតរបស់លោកនាយករដ្ឋមន្រ្តី ចុះថ្ងៃ​ទី៨ ខែមេសាម្សិលម៉ិញ ដោយគ្មានការតវ៉ា ពីគណបក្សសង្គ្រោះជាតិឡើយ។

សម្រាប់បេក្ខភាព ជាអនុប្រធាន គ.ជ.ប ថ្មី ត្រូវបានគណបក្សប្រជាជនកម្ពុជា គាំទ្រលោក គួយ ប៊ុនរឿន មកពីគណបក្ស​សង្រ្គោះជាតិ។ សម័យប្រជុំសភាពេញអង្គ មានសមាសភាព តំណាងរាស្រ្តចូលរួម ចំនួន១១៨រូប ក្នុងនោះ៥រូប ជាប់​បេសកកម្ម។ សម្លេងគាំទ្រប្រធាន គ.ជ.ប ថ្មី លោក ស៊ិក ប៊ុនហុក ត្រូវបានសមាជិកសភាទាំងមូល គាំទ្រក្រោមសម្លេង ១១៣សម្លេង ក្នុងនោះមាន១សម្លេងមិនព្រម ពីរសម្លេងអនុបវាទ និងមួយសម្លេងមោឃៈ។

ក្រៅពីលោក ស៊ិក ប៊ុនហុក ជាប់ជាប្រធាន លោក គួយ ប៊ុនរឿន ជាអនុប្រធាន គ.ជ.ប អ្នក៧រូបផ្សេងទៀត ដូចជា លោក មាន សទិ, លោក ឌុច សុន, លោក ឯម សុផាត, លោក រ៉ុង ឈុន, លោក ហ៊ីង ធីរិទ្ធ និងអ្នកស្រី តែ ម៉ានីរ៉ុង ត្រូវបាន​សម្រេច ឲ្យធ្វើជាសមាជិក គ.ជ.ប ថ្មី។

សូមរំលឹកថា ការកំណត់បេក្ខភាព ប្រធាន និងអនុប្រធាន គ.ជ.ប នេះត្រូវបានសម្រេច កាលពីយប់ថ្ងៃទី៨ ខែមេសា ម្សិល​ម៉ិញរួចហើយ រវាងលោក ស ខេង ប្រធានក្រុមតំណាងរាស្រ្តមតិភាគច្រើន និងលោក សម រង្ស៊ី ប្រធានក្រុម​តំណាងរាស្រ្ត មតិភាគតិច។ ការសម្រេច ជ្រើសរើសលោក ស៊ិក ប៊ុនហុក ធ្វើប្រធាន គ.ជ.ប ថ្មីនេះ ដោយអនុឡោមតាមលិខិតជាផ្លូវការ របស់គណបក្សប្រជាជនកម្ពុជា ចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអនុប្រធាន គណបក្សប្រជាជន​កម្ពុជា។

ទាំងលោក សម រង្ស៊ី និងលោក ស ខេង បានលើកឡើងព្រមគ្នា កាលពីយប់ថ្ងៃទី៨ ខែមេសា ម្សិលម៉ិញថា ក្រោយពី​រដ្ឋសភា​បានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត លើសមាជិកទាំង៩ ដែលមានតំណែងប្រធាន និងអនុប្រធាន ហើយនោះ អង្គ​ព្រះ​មហាក្សត្រ​នឹង​ឡាយព្រះហត្ថលេខា បន្ទាប់មក នឹងរៀបចំការផ្ទេរតំណែង។

រីឯលោក សម រង្ស៊ី វិញ បានអះអាងជាថ្មី ចំពោះមុខអ្នកសារព័ត៌មាន ក្រោយការសម្រេច នូវបេក្ខភាព គ.ជ.ប ថ្មីទាំង៩ រូបនោះយ៉ាងដូច្នេះថា៖ «គ.ជ.ប ថ្មី នឹងធ្វើឲ្យកម្ពុជា មានការបោះឆ្នោតមួយ ល្អប្រសើរ។ (…) អ្នកឈ្នះ ឈ្នះដោយ​កិត្តិយស ឯអ្នកចាញ់ ចាញ់ដោយអស់ចិត្ត។ ឯស្ថេរភាព និងសុវត្តិភាពសង្គម ក៏នឹងកើតមានក្រោយការបោះឆ្នោត នា​អាណត្តិ​ក្រោយ។»

លោក សម រង្ស៊ី ឲ្យដឹងទៀតថា សភានឹងបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើសមាជិកទាំង៩ ដោយរលូន ក្រោយពីមាន​ការឯកភាព ដោយគណបក្សទាំងពីរ។ លោកបានសង្កត់ធ្ងន់ថា រាល់ការសម្រេចរបស់ គ.ជ.ប ថ្មី ត្រូវឈរលើមតិភាគ​ច្រើន ក្នុងចំណោមសមាជិកទាំង៩ ពោលគឺសំឡេងចំនួន៥។ លោក ស ខេង ក៏បានទទួលស្គាល់ដែរថា គ.ជ.ប ថ្មីនឹង​ជួយ​ឲ្យ​ការបោះឆ្នោត មានភាពល្អប្រសើរ និងតម្លាភាព ដែលអាចទទួលយកបាន។

ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃ គ.ជ.ប មាត្រា១២ បានចែងថា គណៈកម្មាធិការអចិន្រ្តៃយ៍ នៃរដ្ឋសភា ត្រូវ​រៀបចំបញ្ជីសមាសភាព គ.ជ.ប ជូនរដ្ឋសភា បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត តាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិក​រដ្ឋសភាទាំងមូល។ ឯប្រធាន គ.ជ.ប ត្រូវមានឋានៈ និងបុព្វសិទ្ធិ ស្មើឧបនាយករដ្ឋមន្រ្តី។ អនុប្រធាន គ.ជ.ប មានឋានៈ និង​បុព្វសិទ្ធិ ស្មើទេសរដ្ឋមន្រ្តី។ សមាជិកគ.ជ.ប មានឋានៈ និងបុព្វសិទ្ធិស្មើរដ្ឋមន្រ្តី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...