ប៉ាគីស្តង់៖ អតីតនាយករដ្ឋមន្ត្រី ណាវ៉ាស ស្សារីហ្វ ប្រកាសជ័យជំនះក្នុងការបោះឆ្នោត
អតីតនាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្តង់ ណាវ៉ាស ស្សារីហ្វ (Nawaz Sharif) បានប្រកាសពីជ័យជំនះរបស់ខ្លួន នៅក្នុងការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយ ដែលពោរពេញទៅដោយអំពើហឹង្សា កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ ខណៈដែលលទ្ធផលផ្លូវការ នៅមិនទាន់បានប្រកាសធ្វើនៅឡើយ។
អតីតនាយករដ្ឋមន្ត្រី ណាវ៉ាស ស្សារីហ្វ លើកដៃបង្ហាញពីជ័យជំនះ។
ប្រសិនបើជ័យជំនះនេះត្រូវបានបញ្ជាក់អះអាងពិតប្រាកដមែន វានឹងជាព្រឹត្តិការណ៍មួយដ៏អស្ចារ្យ សម្រាប់អ្នកនយោបាយអាយុ៦៣ឆ្នាំរូបនេះ ដែលធ្លាប់ជានាយករដ្ឋមន្ត្រីពីរអាណត្តិ មុននឹងត្រូវគេបណ្ដេញចេញពីតំណែង ដោយសាររដ្ឋប្រហារយោធាមួយនៅឆ្នាំ១៩៩៩។ លោកបាននិរទេសខ្លួនទៅរស់នៅបរទេសជាច្រើនឆ្នាំ មុននឹងត្រឡប់ចូលមកក្នុងប្រទេសវិញនៅឆ្នាំ២០០៧។
គណបក្សរបស់លោក បានទប់ទល់នឹងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោត របស់បេក្ខជនមួយរូបទៀត លោកអ៊ីរ៉ន ខ័ណ្ឌ (Imran Khan) អតីតជើងឯកវាយបាល់លំដាប់ជាតិ ដែលមាននយោបាយចង់ប្រគល់ទៅអោយពលរដ្ឋជំនាន់ក្រោយ នូវថាមពលថ្មីជាគន្លឺះមួយនៃប្រទេស។
លទ្ធផលដំបូងបានបង្ហាញថា លោកស្សារីហ្វ នាំមុខ ជាមួយនឹងគម្លាតដ៏ធំមួយ ប៉ុន្តែមិនគ្រប់គ្រាន់នឹងទទួលសម្លេងភាគច្រើន រហូតដល់២៧២កៅអីនៅក្នុងរដ្ឋសភានោះទេ។ ក្នុងន័យនេះ លោកចាំបាច់ត្រូវរៀបចំរដ្ឋាភិបាលចម្រុះមួយ ជាមួយនឹងគណបក្សផ្សេងទៀត។
នៅក្នុងសន្ទរកថានៃជ័យជំនះ ដែលបានធ្វើនៅចំពោះមុខអ្នកមានសមាណចិត្តជាច្រើនពាន់នាក់ លោកស្សារីហ្វបាននិយាយថា ចងធ្វើការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីដោះស្រាយបញ្ហារបស់ប្រទេស ដែលត្រូវប្រឈមនឹងកង្វះអគ្គិសនី កង្វះចំណូល និងកង្វះការងារធ្វើ។
បើទោះជាមានកាវាយប្រហារដ៏ហឹង្សា ដែលធ្វើឲ្យមនុស្សចំនួន២៩នាក់ស្លាប់ក៏ដោយ ក៏ប្រជាពលរដ្ឋប៉ាគីស្តង់ដ៏ច្រើនលើសលប់ បាននាំគ្នាទៅបោះឆ្នោតកាលពីថ្ងៃសៅរ៍នេះ ដើម្បីលិទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសមួយដែលសម្បូរទៅដោយរដ្ឋប្រហារ។
ការចូលរួមយ៉ាងសន្ធឹកសន្ធាប់នេះ បានបង្ហាញពីបំណងជាទូទៅនៃការផ្លាស់ប្ដូររបប នៅក្រោយពេលដែលបានរស់នៅជាច្រើនឆ្នាំយ៉ាងពិបាក ជាមួយនឹងរដ្ឋាភិបាលផុតអណត្តិ។ ក្រុមប្រឆាំងក៏ទទួលបាននូវសន្លឺកឆ្នោត យ៉ាងសន្ធឹកសន្ធាប់ដែរ ជាពិសេសពួកតាលីបង់ និងក្រុមផ្សេងទៀត ដែលបានសាកល្បងនឹងរាំងខ្ទប់មិនចង់អោយមានការបោះឆ្នោតនេះ ជាពិសេសតាមរយៈការវាយប្រហារផ្សេងៗ ដែលបានសម្លាប់មនុស្សជាង១៥០នាក់ ក្នុងប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ៕
-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ