ពលរដ្ឋ ថាការចុះឈ្មោះបោះឆ្នោតថ្មី «ងាយស្រួល និងសុក្រិត្យ»
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២ វិច្ឆកា ២០១៥
- កែប្រែចុងក្រោយ: November 06, 2015
- ប្រធានបទ: បោះឆ្នោត
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ប្រជាពលរដ្ឋដែលបានចូលរួម ក្នុងការចុះឈ្មោះបោះឆ្នោត តាមប្រព័ន្ធបច្ចេកវិទ្យាកំព្យូទ័រ ដ៏ទំនើបនេះ បានថ្លែងថា វាមិនមានការលំបាក និងចំណាយពេលវេលាច្រើនឡើយ បើសិនជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត មានឯកសារគ្រប់គ្រាន់ មកជាមួយនោះ។
ពលរដ្ឋមកពីសង្កាត់ផ្សារដើមថ្កូវ លោក ហេង មានគាង បានថ្លែងទៅកាន់អ្នកយកព័ត៌មាន ឲ្យដឹងថា ឯកសារដែលសំខាន់ជាងគេនោះ គឺ «អត្តសញ្ញាណបណ្ណ»។ លោកថា អត្តសញ្ញាណបណ្ណថ្មី ជាឯកសារមួយ ដែលមានតម្លៃគ្រប់គ្រាន់ សម្រាប់ធ្វើការចុះឈ្មោះបោះឆ្នោតបាន ដែលពីមុន ត្រូវមានអ្នកធានាជាដើម។ លោកថា «ការចុះឈ្មោះថ្មីនេះ ងាយស្រួលជាងគេ ព្រោះគេវាយចូលកុំព្យូទ័រ ហើយយើង អាចផ្ទៀងផ្ទាត់ឈ្មោះខ្លួនឯងភ្លាមៗ នោះតែម្តង ដើម្បីឲ្យដឹងពីថ្ងៃខែឆ្នាំកំណើត និងឈ្មោះយើងខុស ឬត្រូវ។ (...) ពីមុនគេសរសេរ មិនបានបង្ហាញយើង ហើយយើង ក៏មិនអាចមើល ដល់ចឹងទៅ វាអាចងាយនឹងខុសដែរ។»
ពលរដ្ឋម្នាក់ទៀត លោក ហោ លឺម រស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវនេះដែរ បានទទួលស្គាល់ថា ការចុះឈ្មោះនេះ មានលក្ខណៈងាយស្រួល សុក្រិតត្រឹមត្រូវ (លើសាវតា) និងរហ័សជាងមុន។ លោកបានថ្លែងបន្តថា ការមកចុះឈ្មោះនេះ មិនចាំបាច់មានអ្វីច្រើនទេ សម្រាប់លោកផ្ទាល់ មានតែអត្តសញ្ញាណប័ណ្ណមួយ និងលិខិតអញ្ជើញ ដែលចេញដោយសង្កាត់សាម៉ី។ លោក លឹម បានថ្លែងឲ្យដឹងថា៖ «មិនមានអ្វីពិបាកទេ។ មកដល់ទទួលចំឈ្មោះភ្លាមៗតែម្តង។ (...) ខាងអាជ្ញាធរ ភូមិឃុំ គេបានចេញប័ណ្ណមួយតូច ឲ្យយើងមកចុះឈ្មោះ។ (...) ខ្ញុំជឿជាក់លើប្រព័ន្ធកុំព្យូទ័រ វាល្អជាងមុន។»
សូមបញ្ជាក់ថា ទាក់ទងនឹងការចុះឈ្មោះ តាមប្រព័ន្ធ្ធកុំព្យូទ័រនេះ ធ្លាប់ត្រូវបានអង្គការសង្គមស៊ីវិល ដែលធ្វើការស្និតនឹងការបោះឆ្នោតនេះ លើកឡើងថា ទោះបីកិច្ចការបោះឆ្នោតលើកនេះ ត្រូវបានធ្វើឡើង តាមការចុះឈ្មោះ តាមបែបបច្ចេកវិទ្យាថ្មីក៏ដោយ ក៏មិនប្រាកដថា អាចនឹងធ្វើឲ្យការបោះឆ្នោត នាពេលខាងមុខនេះ អាចនឹងប្រព្រឹត្តិទៅដោយត្រឹមមត្រូវ និងយុត្តិធម៌យ៉ាងណានោះដែរ។ ហើយភាគច្រើននៃបញ្ហា អាចនឹងកើតចេញ ពីបុគ្គលនៃអ្នកទទួលបន្ទុកការចុះឈ្មោះ នូវភាពមិនប្រក្រតីមួយចំនួន។
តែសម្រាប់ អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា បានថ្លែងដោយទទួលស្គាល់ថា បើទោះយ៉ាងណា ក៏ការចុះឈ្មោះតាម«កុំព្យូទ័រ»នេះ វាជាជំហានដំបូង និងជាបទពិសោធន៍ទីមួយ សម្រាប់កំណែទម្រង់ការបោះឆ្នោត នៅកម្ពុជាដែរ។ លោកអះអាងដោយទំនុកចិត្តថា យ៉ាងណា ការចុះឈ្មោះសម្រាប់ការបោះឆ្នោតមួយនេះ ពិតជាអាចបម្រើ ឲ្យការបោះឆ្នោតមួយ មានភាពសេរី និងយុត្តិធម៌បាន ព្រោះមិនអាចលួចបន្លំ បោះឆ្នោតជំនួស និងគ្មានបញ្ជីឈ្មោះប៉ោងជាដើម។ លោកបានបន្ថែមដូច្នេះថា៖ «អ្វីដែលរំពឹងទុក គឺ គ.ជ.ប អាចនឹងទទួលបាន ការចុះឈ្មោះផ្លូវការមួយ នៅទូទាំងប្រទេស ហើយនឹងអាចផលិតបាន នូវបញ្ជីបោះឆ្នោតថ្មីមួយ ដែលសុក្រិត»។
អ្នកឃ្លាំមើល ការចុះឈ្មោះបោះឆ្នោតសាកល្បងនេះ បានទទួលស្គាល់ថា ការចុះឈ្មោះតាមកុំព្យូទ័រនេះ មានភាពល្អ និងរលូនជាងលើកមុនៗ។ តែលោក បេ រិទ្ធា តំណាងគណបក្សមូលដ្ឋាន នៅតែធ្វើការរិះគន់ថា ការចុះឈ្មោះបោះឆ្នោត ដោយផ្អែកតែលើអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ នៅតែអាចនឹងគ្មានភាពសុក្រិត។ លោកបន្តថា ពិសេសជនជាតិបរទេសមួយចំនួន ដែលកាត់អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ក៏មានសិទ្ធិចុះឈ្មោះ និងបោះឆ្នោតបានដែរនោះ។ លោកថា ដោយអំពើពុករលួយ អត្តសញ្ញាណប័ណ្ណខ្មែរនេះ អាចនឹងត្រូវបានចេញ ឲ្យជនបរទេសជាបន្តទៀត ដោយមន្ត្រីអាជ្ញាធរ មានសមត្ថកិច្ចមួយចំនួន។ ដូចនេះការចុះឈ្មោះ និងការបោះឆ្នោត នៅតែអាចនឹងគ្មានភាពសុក្រិត។
លោក វិទ្ធា បានថ្លែងបន្តថា៖ «អ្នក (ជនបរទេស) ដែលមកនៅ (កម្ពុជា) មិនបានធ្វើតាមផ្លូវច្បាប់ពិតប្រាកដ... មានបញ្ហាពុករលួយ និងធ្វើអត្តសញ្ញាណប័ណ្ណឲ្យ វានឹងធ្វើឲ្យការចំឈ្មោះមិនសុក្រិត។»
ចំពោះលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត បានស្នើឲ្យរដ្ឋាភិបាល តាមរយៈក្រសួងមហាផ្ទៃ ដែលមានតួនាទី ចេញអត្តសញ្ញាប័ណ្ណ ជូនប្រជាពលរដ្ឋ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ អំពីសាវតារបស់ប្រជាពលរដ្ឋ។ លោកបានថ្លែងឲ្យដឹងថា៖ «អត្តសញ្ញាណប័ណ្ណថ្មី វាមាន “ឈីប” មានអី.... ងាយស្រួលក្នុងការបញ្ចាក់ នូវសាវតាពលរដ្ឋម្នាក់ៗ។ (...) អានេះហើយ វាសម្រួលឲ្យការចុះឈ្មោះ មានភាពស្រុក្រិត។»
រយៈពេល១៥ថ្ងៃ បន្តបន្ទាប់គ្នានេះ ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ តាមប្រព័ន្ធកុំព្យូទ័រ គ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ហើយការចុះឈ្មោះពិតប្រាកដ និងចាប់ដំណើរការ ចាប់ពីខែមីនា ឆ្នាំ២០១៦ខាងមុខនេះ។ នេះបើតាមការអះអាង របស់លោក ស៊ិក ប៊ុនហុក ដដែល។
តាមមាត្រា៤៩ នៃច្បាប់បោះឆ្នោតថ្មី បានចែងថា គ.ជ.ប ត្រូវចេញបទបញ្ជា និងនីតិវិធី ដើម្បីឲ្យប្រជាពលរដ្ឋ ដែល«គ្មាន»លំនៅដ្ឋានច្បាស់លាស់ ដូចជាការធ្វើចំណាកស្រុកជាដើម អាចចុះឈ្មោះបោះឆ្នោត នៅការិយាល័យបោះឆ្នោតឃុំ-សង្កាត់ ដែលខ្លួនស្នាក់នៅ ក្នុងឃុំ-សង្កាត់នោះ។ ឯពលរដ្ឋ ដែលមានសិទ្ធិគ្រប់គ្រាន់ ដើម្បីចូលរួមបោះឆ្នោតនោះ ទាល់តែមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ជាជនជាតិខ្មែរ និងមានសញ្ញាណប័ណ្ណជាតិខ្មែរ ហើយមានអាយុ ១៨ឆ្នាំឡើង។ នេះបើយោង តាមមាត្រា៤៦ នៃច្បាប់បោះឆ្នោតថ្មី ដដែលនេះ។
សូមរំលឹកថា កម្ពុជានឹងធ្វើការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នាឆ្នាំ២០១៧ ឯការបោះឆ្នោតថ្នាក់ ជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ នឹងប្រព្រឹត្តិទៅ នៅក្នុងឆ្នាំ២០១៨ខាងមុខដែរ៕