ហ៊ុន សែន៖ រឿងអ្នកបន្លំផែនទី ជាសមត្ថកិច្ចតុលាការ
- ដោយ: ដារា រិទ្ធ អត្ថបទ និងយកការណ៍៖ ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី១៣ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 13, 2016
- ប្រធានបទ: នយោបាយ-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«រឿងអ្នកខ្លះបន្លំផែនទី អ្នកខ្លះបន្លំនេះ (បន្លំនោះ) អាហ្នឹងសមត្ថកិច្ចតុលាការ» នេះ ជាការថ្លែងជាសាធារណៈ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលកាន់តំណែង ជាងបីទសវត្សន៍នៅកម្ពុជា ដើម្បីជាប្រតិកម្មទៅនឹងសំណើរជួបចរចា រវាងគណបក្សទាំងពីរ ដែលមានអសនៈនៅក្នុងរដ្ឋសភា។
លោកនាយករដ្ឋមន្ត្រី ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា-កំពុងកាន់អំណាចផងនោះ បានលើកជាចំណោទ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦នេះ នៅកោះពេជ្រ កណ្ដាលរាជធានីភ្នំពេញ ថាប្រសិនវាជារឿងរបស់តុលាការអញ្ចឹងទេ ហេតុដូចម្ដេច «ក៏ឲ្យគណបក្សប្រជាជនកម្ពុជា ទៅចរចាជំនួស?» លោក បានថ្លែងឡើងថា៖ «អត់ទេ! វាខុសរឿង កុំចាប់គណបក្សប្រជាជនឲ្យទទួលខុសត្រូវ»។
យ៉ាងហោចមន្ត្រីពីររូប របស់គណបក្សប្រឆាំង មានលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវបានអាជ្ញាធរ និងតុលាការកម្ពុជា ចាប់ខ្លួន និងឃុំ នៅក្នុងពន្ធនាគារ ទាក់ទងនឹងបញ្ហាព្រំដែនដ៏ចម្រូងចម្រាស់ រវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម។ លោក ហុង សុខហួរ ដែលត្រូវបានចាប់ខ្លួន ទាំងលោកមានអភ័យឯកសិទ្ធិ ជាសមាជិកព្រឹទ្ធសភានោះ ត្រូវបានចោទជុំវិញ ការផ្សាយឯកសារបន្លំ នៃសន្ធិសញ្ញាឆ្នាំ១៩៧៩ រវាងប្រទេសកម្ពុជា និងវៀតណាម ខណៈសន្ធិសញ្ញានោះ ជាផ្នែកមួយនៃសន្ធិសញ្ញាជាច្រើន ដែលត្រូវបានសន្ធិសញ្ញាសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១ ចាត់ទុកជាមោឃៈ។ រីឯលោកតំណាងរាស្ត្រ អ៊ុំ សំអាន វិញ ត្រូវបានចាប់ខ្លួនទាំងនៅមានអភ័យឯកសិទ្ធិសភាដូចគ្នា ពីបទបង្ហោះឯកសារព្រំដែន ដែលលោកបានស្រាវជ្រាវ យកមកបង្ហោះបង្ហាញ នៅក្នុងបណ្ដាញសង្គម តែមានលក្ខណៈខុស ពីឯកសារព្រំដែនរបស់រដ្ឋាភិបាល។
តែការលើកឡើង ទាក់ទងនឹង«អ្នកបន្លំផែនទី» មិនមែនជាករណីតែមួយ ដែលធ្វើឲ្យលោក ហ៊ុន សែន ច្រានចោលពីលទ្ធភាពជួបចរចាគ្នា រវាងគណបក្សទាំងពីរ ម្ដងជាពីរដងនោះទេ។ លោក ហ៊ុន សែន បានបញ្ជាក់ក្នុងកម្មវិធីចែកសញ្ញាបត្រដដែលនោះថា៖ «នឹងមិនមានការចរចាណាមួយ រវាងគណបក្សប្រជាជន និងគណបក្សសង្រ្គោះជាតិ នៅពេលខាងមុខនេះទេ។ ច្រកជួបជុំតែមួយគត់ គឺសភា ប៉ុន្តែត្រូវបានសង្រ្គោះជាតិបោះបង់ចោលរួចទៅហើយ។ ប្រសិនបើមានការពិភាក្សាណាមួយ នាពេលខាងមុខ គណបក្សប្រជាជន មិនពិភាក្សាលើបញ្ហា ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់តុលាការ និងពួកអ្នកជាប់គុកនោះទេ។»។
មន្ត្រីជាច្រើននាក់ផ្សេងទៀត មកពីគណបក្សប្រឆាំង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) និងមកពីអង្គការសង្គមស៊ីវិលផង ត្រូវបានចាប់ខ្លួន និងចាប់យកទៅឃុំ ជាបន្តបន្ទាប់ ដែលរាប់ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៥មក មានចំនួន២៩នាក់។ ករណីចាប់ចង យកទៅដាក់ឃុំទាំងនេះ ត្រូវបានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេ នៅកម្ពុជា អង្គការជាតិ និងអន្តរជាតិ ជាពិសេសអង្គការសហប្រជាជាតិ បរិហារថា ជាការកៀបសង្កត់ទៅលើសម្លេងអ្នកប្រឆាំង ធ្វើឲ្យស្ថានភាពនយោបាយឡើងកម្ដៅ និងជាជំហានដើម្បីគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងការបោះឆ្នោត នាពេលខាងមុខនេះ។ ហើយរបៀបវៀរៈនៃការចរចា ដែលគណបក្សសង្គ្រោះជាតិអះអាង ថាកំពុងស្វែងរកជួយនិយាយ ជាមួយគណបក្សកាន់អំណាចនោះ មានលើកឡើងពីដំណោះស្រាយ ទាក់ទងនឹងករណីចាប់ចងខាងលើ និងមានការជជែក ពីការវិលត្រឡប់ របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅមុនពេលបោះឆ្នោត។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងកាលពីចុងសប្ដាហ៍មុនថា៖ «នៅក្នុងពេលឆាប់ៗខាងមុខនេះ លោក ប៉ុល ហំម ប្រធានក្រុមការងារចរចាជំរុញវប្បធម៌សន្ទនា គាត់នឹងទូរសព្ទទៅភាគីគណបក្សប្រជាជន ដើម្បីឲ្យមានការរៀបចំការជួបប្រជុំ។ ហើយរៀបវារៈ គឺការដោះស្រាយបញ្ហានយោបាយ។ បញ្ហានយោបាយជាអាទិភាពទីមួយ គឺការកៀបសង្កត់លើគណបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល និងសមាជិក និងមន្ត្រី គ.ជ.ប ជាពិសេសទៅទៀតនោះ គឺពាក់ព័ន្ធនឹងការវិលត្រឡប់របស់ ឯកឧត្តម សម រង្ស៊ី ឲ្យបានមុនពេលបោះឆ្នោត។»
ក្រុមអ្នករិះគន់ បានហៅការចាប់ចងនានា ទៅលើអ្នកមាននិន្នាការប្រឆាំង ជាពិសេសទៅលើសមាជិកព្រឹទ្ធសភា សមាជិកសភា ទាំងអភ័យឯកសិទ្ធិនោះ ថាជាការរំលោភច្បាប់ធ្ងន់ធ្ងរ និងជាការប្រើប្រាស់ប្រព័ន្ធតុលាការ ពីសំណាក់គណបក្សប្រជាជនកម្ពុជា។ តែទាក់ទងនឹងបញ្ហាច្បាប់ទម្លាប់ លោក ហ៊ុន សែន បានថ្លែងតបទៅវិញថា៖ «បើអ្នកឯងបបួលខ្ញុំ ពិភាក្សាឥឡូវយើងគួរធ្វើច្បាប់នេះបន្ថែម យើងគួរធ្វើច្បាប់នោះបន្ថែម ខ្ញុំអាចយល់ព្រមភ្លាម ដើម្បីពិភាក្សា តើយើងនៅខ្វះច្បាប់អីខ្លះ?»៕