យុវជនម្នាក់ស្លាប់ក្នុងបន្ទប់ អាជ្ញាធរថាមកពីគាំងបេះដូង
- ដោយ: ក. ស្រីនាង អត្ថបទ៖ ក. នាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១ វិច្ឆិកា ២០១៥
- កែប្រែចុងក្រោយ: November 13, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយការពិនិត្យសាកសព មន្ត្រីនគរបាល បានឲ្យដឹងថា មរណភាពរបស់យុវជន ទំនងជាបានកើតឡើង ដោយជំងឺគាំងបេះដូង។ គេបានប្រទះឃើញរូបកាយគ្មានជីវតិត របស់យុវជន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង៨ព្រឹក។ យុវជនរងក្ឬោះ ជាសិស្សរៀនកាត់តរូបភាព នៅហាងផ្តិតរូប ហេង ឡាយ ស្ថិតនៅផ្ទះលេខ ២៥៦ ក្រុមទី ៤៥ តាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងភូមិ១៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភព ពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែវិច្ឆិកា ជនរងគ្រោះមករៀនកាត់តរូបភាព ជាធម្មតានៅនឹងហាងផ្តិតរូប ហើយនៅយប់ថ្ងៃដដែល ជនរងគ្រោះមិនមានបង្ហាញ ពីសភាពអ្វីប្លែក ដូចជាបានសេពសុរានោះឡើយ។ ប៉ុន្តែនៅព្រឹកម៉ោង៨ ថ្ងៃទី១០ ទើបកូនស្រីម្ចាស់ហាង ដែលជាគូដណ្តឹងរបស់ជនរងគ្រោះឆ្ងល់ ព្រោះជនរងគ្រោះ ដូចជាដេកយូរខុសធម្មតា ក៏ចូលទៅក្នុងបន្ទប់ ស្រាប់តែឃើញជនរងគ្រោះ ស្លាប់បាត់ហើយ ។
ក្រុមសមត្ថកិច្ច ត្រូវបានពលរដ្ឋប្រាប់ឲ្យដឹង ហើយបានចុះទៅដល់កន្លែង ដើម្បីធ្វើការស្រាវជ្រាវ និងធ្វើកោសល្យវិច័យ ទៅលើសាកសព។ មន្ត្រីនគរបាល បានបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោយសារជំងឺគាំងបេះដូង មិនមែនជាអំពើអត្តឃាតនោះទេ។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ឃ្លី យ៉ារី អាយុ២០ឆ្នាំ ស្នាក់នៅហាងផ្ដិតរូបថតនោះតែម្ដង និងមានស្រុកកំណើតនៅភូមិពពកឬស្សីក្រោម ឃុំ ពពកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត៕