កិច្ចប្រជុំសំងាត់ព្រំដែនកម្ពុជា-វៀតណាម ផ្អាកឬនៅតែបន្តធ្វើ?
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី៦ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 06, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការលើកពេល ឬអាក់ខាន នៃកិច្ចប្រជុំសំងាត់ ស្តីពីដំណោះស្រាយ ព្រំដែនកម្ពុជា-វៀតណាមនេះ ទំនងជាបណ្ដាលមកពី មានការលេចឮព័ត៌មានថា នឹងមានការជួបជុំ នៃក្រុមអង្គការ ព្រះសង្ឃ និងយុវជន ដើម្បីធ្វើការតវ៉ាប្រឆាំង ទាំងនៅមុខស្ថានទូតវៀតណាម និងមុខទីស្តីការគណៈរដ្ឋមន្រ្តី។ នេះបើតាមមន្រ្តីមួយរូប នៃទីស្តីការគណរដ្ឋមន្រ្តី ដែលសុំមិនបញ្ចេញឈ្មោះ។ ប៉ុន្តែប្រភពច្បាស់ការណ៍មួយទៀត បានអះអាងថា កិច្ចប្រជុំនេះ នៅតែប្រព្រឹត្តិទៅដូចការគ្រោងទុក ដោយគ្រាន់តែផ្លាស់ប្ដូរទីកន្លែងប៉ុណ្ណោះ។
ព័ត៌មាន នៃកិច្ចប្រជុំសំងាត់កិច្ចការព្រំដែន ត្រូវបានបែកធ្លាយ ហើយបន្ទាប់មក មានលេចឮព័ត៌មានបន្ថែមទៀតថា នឹងមានរលកតវ៉ាមួយ ពីសំណាក់ក្រុមយុវជន ព្រះសង្ឃ ជុំវិញបូរណភាពទឹកដី និងបញ្ហានៅព្រំដែន កម្ពុជា-វៀតណាមនេះ។ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកក្កដានេះដែរ គេក៏បានសង្កេតឃើញដែរ ថាមានការដាក់ពង្រាយយ៉ាងសន្ធឹកសន្ធាប់ នូវកម្លាំងសមត្ថកិច្ចចំរុះកម្ពុជា នៅមុខស្ថានទូតវៀតណាម ប្រចាំកម្ពុជា និងតាមចំណុចជាច្រើន ក្នុងរាជធានីភ្នំពេញ ដូចជានៅខាងត្បូង ភ្លើងស្តុបបូកគោ តាមបណ្តោយផ្លូវព្រះមុន្នីវង្ស រហូតដល់ចំណុច មុខក្លឹមកំសាន្តរ៉ក់ (មុខកាល់តិចបឹងត្របែក)។ ដោយឡែកក្រុមយុវជន និស្សិត ព្រះសង្ឃ ឬអង្គការសង្គមស៊ីវិល មិនឃើញមានវត្តមាន រចលនាតវ៉ា នៅមុខស្ថានទូតវៀតណាម ក្នុងព្រឹកនេះឡើយ។
ចំពោះមូលហេតុច្បាស់លាស់ នៃការលើកពេល ឬការអាក់ខាន នៃកិច្ចប្រជុំសម្ងាត់ មិនត្រូវបានមន្ត្រីខាងលើ បញ្ជាក់ឡើង ដោយគ្រាន់តែលើកឡើងថា មូលហេតុនៃការលើកពេលនេះ ទំនងភាគីខាងវៀតណាម ឃើញមានការពុះកញ្ជ្រោលខ្លាំង នូវចលនាតវ៉ា របស់ក្រុមនិស្សិត ព្រះសង្ឃ និងពលរដ្ឋកម្ពុជា។
តាមប្រភព ព័ត៌មានច្បាស់ការណ៍មួយ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូទទួលបាន បានអះអាងថា កិច្ចប្រជុំគណៈកម្មការចម្រុះ ព្រំដែនកម្ពុជា និងវៀតណាមនេះ នៅតែប្រព្រឹត្តិទៅ ក្នុងព្រឹកថ្ងៃទី៦ ខែកក្កដា និងថ្ងៃបន្តបន្ទាប់ ដោយគ្មានលើកពេលឡើយ។ កិច្ចប្រជុំនៅថ្ងៃបន្តបន្ទាប់នោះ នឹងធ្វើឡើងជាលក្ខណៈផ្លូវការ មានរយៈពេលបួនថ្ងៃ (ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា) នៅទីស្តីការគណៈរដ្ឋមន្រ្តីតែម្តង (បើសិនបើគ្មានការប្រែប្រួលនោះ)។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនអាចទាក់ទងលោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា និងលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី ពីបញ្ហាខាងលើនេះបានទេ នាពេលនេះ ដោយគ្មានអ្នកទទួលទូរស័ព្ទ។ តែបើតាមការអះអាង របស់មន្រ្តីខាងលើ ដែលស្និតនឹងទីស្តីការគណរដ្ឋមន្រ្តី បានបន្តថា ការប្រជុំសំងាត់នេះ ខាងភាគីកម្ពុជាដឹកនាំដោយលោក វ៉ា គឹមហុង ប្រធានគណកម្មការកិច្ចការព្រំដែនកម្ពុជា ឯភាគីវៀតណាម នៅមិនមានព័ត៌មានច្បាស់នៅឡើយ។
មន្ត្រីដដែល បានលើកឡើងទៀតថា៖ «ដើមឡើយ កិច្ចប្រជុំនឹងត្រូវធ្វើឡើង នៅក្រុងសៀមរាប តែត្រូវបានផ្លាស់ប្តូរ មកកាន់ភ្នំពេញវិញ យ៉ាងតក់ក្រហល់ ព្រោះទទួលព័ត៌មានថា និងការការជួបជុំតវ៉ាយ៉ាងខ្លាំងក្លា របស់ក្រុមនិស្សិតកម្ពុជា ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជា (និង)ក្នុងគោលបំណង (ដើម្បី)ការពារសុវត្ថិភាព នៃមន្រ្តីការទូតវៀតណាមផងនោះ។ (…) ឥឡូវឮថា លើកពេលទៀតហើយ មិនដឹងថ្ងៃណាប្រជុំទេ។ តែប្រហែលជាមានប្រជុំផងមិនដឹង គេលាក់ការណ៍ ព្រោះខ្លាចមានការតវ៉ា។»៕